ភ្នំពេញៈ រដ្ឋាភិបាលសម្រេចបញ្ចុះតម្លៃអគ្គិសនី ១៥ ភាគរយសម្រាប់រយៈពេល ៣ ខែ ចំពោះម្ចាស់ពាណិជ្ជកម្ម និងអាជីវកម្មក្នុងវិស័យទេសចរណ៍ដោយគិតចាប់ពីខែធ្នូ ឆ្នាំ ២០២៣ រហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីជួយសម្រួលបន្ទុកចំណាយក្នុងការអនុញ្ញាតឱ្យម្ចាស់អាជីវកម្មទាំងនោះបើកទ្វារស្វាគមន៍ការងើបឡើងវិញនៃភ្ញៀវទេសចរក្នុងដំណាច់ឆ្នាំ និងដើមឆ្នាំក្រោយ។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃទី ៥ ខែធ្នូ ស្តីពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់អគ្គិសនី ក្នុងវិស័យទេសចរណ៍ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលភ្ជាប់ពីខ្សែបណ្តាញចែកចាយពីបណ្តាញជាតិ ពីខែធ្នូ ឆ្នាំ ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ ២០២៤។
សេចក្តីជូនដំណឹងបានលើកឡើងថា៖ «អាជ្ញាធរអគ្គិសនីកម្ពុជាបានចេញសេចក្តីជូនដំណឹងដល់អ្នកប្រើប្រាស់អគ្គិសនីដែលទទួលប្រភពអគ្គិសនីពីបណ្តាញជាតិថា រដ្ឋាភិបាលកម្ពុជាឱ្យក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា អនុវត្តការអនុគ្រោះថ្លៃលក់អគ្គិសនីសម្រាប់បរិមាណអគ្គិសនីដែលប្រើប្រាស់លើសពីមធ្យមភាគរយៈពេល ៣ ខែ (ពីខែធ្នូ ឆ្នាំ ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ ២០២៤) ដើម្បីជំរុញឱ្យអ្នកធ្វើអាជីវកម្មនៅក្នុងវិស័យទេសចរណ៍នៅក្នុងរដូវចុងឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤»។
សេចក្តីជូនដំណឹងបញ្ជាក់ថា៖ «ដូច្នេះក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា នឹងបញ្ចុះថ្លៃអគ្គិសនី ១៥ ភាគរយចំពោះបរិមាណថាមពលដែលប្រើលើសពីការប្រើមធ្យមក្នុងរយៈពេល ៦ ខែកន្លងមករបស់អ្នកប្រើប្រាស់ អគ្គិសនីប្រភេទអាជីវកម្ម ពាណិជ្ជកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានសាទរចំពោះការបន្តអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងជួយសម្រួលដល់ការឆាប់ងើបឡើងវិញនៃវិស័យទេសចរណ៍ដែលត្រូវបានញាំញីអស់រយៈពេលជាង ៣ ឆ្នាំមកនេះ គឺចាប់តាំងពីការផ្ទុះនៃជំងឺកូវីដ ១៩ និងបន្ទាប់មកបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។
លោកបានបន្តថា នាពេលបច្ចុប្បន្ន ទោះបីចំនួននៃភ្ញៀវទេសចរអន្តរជាតិចាប់ផ្តើមងើបឡើងវិញក៏ពិតមែន ប៉ុន្តែចំនួននៃការមកដល់នេះនៅមានកម្រិតទាបនៅឡើយបើធៀបទៅមុនវត្តមានជំងឺកូវីដ ១៩ ខណៈម្ចាស់អាជីវកម្មក្នុងវិស័យនេះមួយចំនួនហាក់នៅពុំទាន់ហ៊ានបើកដំណើរការអាជីវកម្មរបស់ខ្លួនទាំងស្រុងនោះទេ។
លោកនិយាយថា៖ «យើងសូមគាំទ្រចំពោះការបន្តជួយពីរាជរដ្ឋាភិបាលលើវិស័យនេះ ដែលជាវិស័យស្នូលមួយក្នុងការជួយលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចជាតិ។ ការបញ្ចុះថ្លៃអគ្គិសនីនេះ បើទោះបីជាមិនមានរយៈពេលយូរ ប៉ុន្តែវាក៏បានជួយសម្រាលបន្ទុកមួយផ្នែកនៃការចំណាយរបស់ម្ចាស់អាជីវកម្មផងដែរ»។
យោងតាមសេចក្តីជូនដំណឹងរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) ចំពោះការទទួលបានការបញ្ចុះថ្លៃនេះ គឺអ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍សម្រាប់អ្នកប្រើប្រាស់ធុនតូច ទិញពីខ្សែបណ្តាញ ចែកចាយ LV សាធារណៈរួមមានសណ្ឋាគារ និងផ្ទះសំណាក់ (មានអត្រាថ្លៃលក់រៀល), អ្នកប្រើប្រាស់ធុនតូច មធ្យម ទិញតាមនាឡិកាស្ទង់តង់ស្យុងទាប ឬតង់ស្យុងមធ្យម (មានអត្រាថ្លៃលក់ជាដុល្លារ), អតិថិជនធុនធំទិញពីទ្វារចរន្តតង់ស្យុងមធ្យមនៃអនុស្ថានីយ និងអតិថិជនធុនដុំទិញពីខ្សែបណ្តាញតង់ស្យុងខ្ពស់។
ប៉ុន្តែសម្រាប់គ្រឹះស្ថានសិក្សា វិស័យសុខាភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូន ជាដើមមិនទទួលបានការបញ្ចុះទេ។
សម្រាប់លក្ខខណ្ឌដែលត្រូវបញ្ចុះថ្លៃ គឺនឹងទទួលបានការបញ្ចុះថ្លៃអគ្គិសនី ១៥ ភាគរយសម្រាប់បរិមាណថាមពលអគ្គិសនីប្រើប្រាស់ប្រចាំខែដែលលើសពីមធ្យមភាគក្នុងរយៈពេល ៦ ខែកន្លងមក ក្នុងលក្ខខណ្ឌធម្មតា, ការបញ្ចុះថ្លៃនេះចំពោះតែបរិមាណថាមពលអគ្គិសនី (kWh) ដែលប្រើលើសប៉ុណ្ណោះ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ «អាជ្ញាធរអគ្គិសនីកម្ពុជាសូមអំពាវនាវចំពោះអ្នកប្រើប្រាស់អគ្គិសនី ដែលយល់ថា ការប្រើប្រាស់អគ្គិសនីរបស់ខ្លួន ស្របតាមលក្ខខណ្ឌខាងលើ អាចដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់ដែលស្ថិតក្នុងតំបន់ដែលខ្លួនកំពុងប្រើអគ្គិសនី ដើម្បីទទួលបានការបញ្ចុះថ្លៃនេះ»។
ជាមួយគ្នានេះដែរ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បានបង្កើតក្រុមការងារចម្រុះ (EAC-EDC) ដើម្បីជួយសម្របសម្រួល ពន្យល់ បំភ្លឺ និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងគោលការណ៍ និងនីតិវិធីនៃការអនុវត្តបញ្ចុះថ្លៃនេះ។ ចំពោះថាមពលដែលប្រើនៅខែធ្នូ ឆ្នាំ ២០២៣ ដល់ខែកុម្ភៈឆ្នាំ ២០២៤, រយៈពេលនេះអាចបន្ថែមទៀត អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុរបស់អគ្គិសនីកម្ពុជា។
កាលពីខែកញ្ញា ឆ្នាំ ២០២៣ ក្រសួងរ៉ែ និងថាមពល ក៏បានសម្រេចធ្វើការបញ្ចុះថ្លៃអគ្គិសនីចន្លោះពី ១០-២០ ភាគរយសម្រាប់ម្ចាស់សហគ្រាសនិងអាជីវកម្មក្នុងវិស័យឧស្សាហកម្ម និងកសិកម្មផងដែរ៕