ភ្នំពេញៈ ផលិតផលម្រេចចំនួនជិត ៦ ពាន់តោន ត្រូវបានកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ១១ ខែ នៃឆ្នាំ២០២៣ ធ្លាក់ចុះជាង ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍ក្រសួងកសិកម្ម បានឱ្យដឹងថា វិបត្តិសេដ្ឋកិច្ច ដែលកំពុងបន្តកើតមាននាពេលនេះ បានជះឥទ្ធិពលយ៉ាងធំធេងទៅលើលំហូរពាណិជ្ជកម្មអន្តរជាតិ ដោយធ្វើឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទថយចុះ ក្នុងនោះក៏មានផលិតផលម្រេចផងដែរ ដោយចន្លោះពីខែមករា-ខែវិច្ឆិកា ឆ្នាំ២០២៣ ការនាំចេញម្រេចពីកម្ពុជាទៅទីផ្សារអន្តរជាតិ មានបរិមាណសរុប ៥ ៨០៥,១១ តោន ធ្លាក់ចុះ ៣០,៩ ភាគរយ ពីចំនួន ៨៣០៣,៩២ តោនកាលពីឆ្នាំ២០២២។ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ ការនាំចេញមានបរិមាណ ១៩៧,១៧ តោន។
ក្រសួងកសិកម្ម ធ្លាប់បានឱ្យដឹងថាការដាំដុះម្រេចមានច្រើននៅខេត្តចំនួន១៨ដូចជា ខេត្តមណ្ឌលគិរីរតនគិរីខេត្តត្បូងឃ្មុំក្រចេះនិងខេត្តកំពតជាដើម។ទីផ្សារម្រេចកម្ពុជាមាននៅប្រទេសវៀតណាមចិនអាល្លឺម៉ង់អាមេរិកកោះតៃវ៉ាន់បារាំងបែលហ្សិកម៉ាឡេស៊ីឆេកស៊ុយអ៊ែតស្វ៊ីសកាណាដារុស្ស៊ីអង់គ្លេសឥណ្ឌាលីទុយអានីកាហ្សាក់ស្ថានអូស្ត្រាលីនិងហូឡង់ជាដើម។
ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា លោក ម៉ាក នី បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៦ ខែធ្នូ ថាការធ្លាក់ចុះបរិមាណនាំចេញម្រេចក្នុងរយៈពេល ១១ ខែកន្លងមក គឺដោយសារតម្លៃម្រេចក្នុងស្រុក និងអន្តរជាតិធ្លាក់ចុះ ដែលបង្ខំឱ្យប្រជាកសិករសម្រេចចិត្តមិនបញ្ចេញលក់ឱ្យឈ្មួញ។ បច្ចុប្បន្នម្រេច ធម្មតាមានតម្លៃប្រមាណ ១២០០០ រៀល ក្នុង ១ គីឡូក្រាម ខណៈកាលពីប៉ុន្មានឆ្នាំមុនមានតម្លៃចន្លោះពី ១៦០០០-១៧០០០ រៀល។
លោកបានលើកឡើងថា៖«បរិមាណម្រេចនាំចេញធ្លាក់ចុះគឺដោយសារតែតម្លៃទាបធ្វើឱ្យកសិករមិនបញ្ចេញលក់ ខណៈកត្តាតម្លៃក៏បានធ្វើឱ្យផ្ទៃដីដាំម្រេចនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនកើនឡើងដែរ»។
សម្រាប់ឆ្នាំ២០២៤ ខាងមុខលោក ម៉ាក់ នី រំពឹងថាតម្លៃម្រេចនៅទីផ្សារអន្តរជាតិនឹងកើនឡើងខ្ពស់ជាងពេលបច្ចុប្បន្ន ប៉ុន្តែកត្តាអាកាសធាតុក្តៅអាចនឹងធ្វើឱ្យទិន្នផលធ្លាក់ចុះ។
បើតាមលោក ម៉ាក់ នី ប្រទេសវៀតណាមគឺនៅតែជាទីផ្សារធំសម្រាប់ម្រេចកម្ពុជា។
ស្ថានទូតចិនប្រចាំកម្ពុជាកាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០២៣បានប្រកាសថាម្រេចរបស់កម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅប្រទេសចិនបន្ទាប់ពីបានបំពេញគ្រប់លក្ខខណ្ឌតម្រូវរួចរាល់។
ប្រធានសមាគមលើកកម្ពស់ម្រេចកំពត លោក ងួន ឡាយ បាននិយាយថា សម្រាប់ម្រេចកំពត ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ការនាំចេញរយៈពេលជាង ១១ ខែ មកនេះ គឺនៅធម្មតាដោយជារៀងរាល់ឆ្នាំ ម្រេចកំពត ប្រហែល១០០ តោន ត្រូវបានក្រុមហ៊ុនមកប្រមូលទិញ មិនដែលសល់ឡើយ។
លោកបន្តថា ដោយសារគុណភាពម្រេចកំពត ត្រូវបានគេទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ ដូច្នេះកសិករដាំម្រេចកំពត មិនដែលបារម្ភពីបញ្ហាទីផ្សារឡើយព្រោះមានឈ្មួញមកប្រមូលទិញតាំងពីមិនទាន់ប្រមូលផល។
លោកអះអាងថា៖«ដោយសារម្រេចកំពតមានទីផ្សារច្រើនដូច្នេះការនាំចេញគឺមិនដែលជួបបញ្ហាឡើយចំណែកតម្លៃក៏ខ្ពស់ជាងម្រេចដែលដាំដុះនៅតំបន់ផ្សេងដែរ»។
លោក ងួន ឡាយ បានប្រាប់ទៀតថា ជាធម្មតាម្រេចកំពត ត្រូវបានក្រុមហ៊ុននាំចេញភាគច្រើនទៅកាន់ទីផ្សារតំបន់អឺរ៉ុប អាមេរិក និងកូរ៉េខាងត្បូង ជប៉ុន ជាដើម ខុសប្លែកពីម្រេចទូទៅ ដែលភាគច្រើនត្រូវបាននាំទៅប្រទេសវៀតណាមនិងចិន ។
បើតាមប្រធានសមាគមលើកកម្ពស់ម្រេចកំពត គឺតម្លៃម្រេចកំពត ដែលជាផលិតផល GI បាននៅថេរ ៤-៥ ឆ្នាំ មកហើយដោយម្រេចខ្មៅមានតម្លៃ ១៥០០០ ដុល្លារ ក្នុង ១ តោន,ម្រេចក្រហម ២៥០០០ ដុល្លារ និងម្រេចស ២៨០០០ ដុល្លារ៕