ភ្នំពេញៈ ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានឱ្យដឹងថា បញ្ហាពន្ធដារនៅតែជារឿងដ៏ស្មុគស្មាញ និងប្រឈមមួយសម្រាប់វិនិយោគិន ដែលទាមទារឱ្យមានការធ្វើសាមញ្ញភាពដើម្បីរក្សាភាពទាក់ទាញ និងជំរុញកំណើននាំចេញ។
ថ្លែងនៅក្នុងវេទិកាពន្ធដារឆ្នាំ ២០២៣ ដែលរៀបចំឡើងរួមគ្នារវាង TAFTAC និងអគ្គនាយកដ្ឋានពន្ធដារ (GDT) និងមានការចូលរួមពីតំណាងអ្នករោងចក្រដែលជាសមាជិករបស់ TAFTAC និងមួយចំនួនមកពីក្រុមហ៊ុនឯកជនផ្សេងៗ សរុប ៦០០ នាក់ កាលពីថ្ងៃទី ៦ ខែធ្នូ លោក គង់ សាង ប្រធាន TAFT-AC ឱ្យដឹងថា អនុលោមភាពផ្នែកពន្ធដារ គឺជាចំណុចសំខាន់មួយដែលអាចប៉ះពាល់ដល់បរិយាកាសវិនិយោគនៃវិស័យឯកជននៅកម្ពុជា ខណៈរោងចក្រសហគ្រាសមានកាតព្វកិច្ចចុះបញ្ជីពន្ធដារ ដាក់របាយការណ៍ប្រកាសពន្ធឱ្យបានត្រឹមត្រូវ ទាន់ពេល និងបង់ប្រាក់ពន្ធតាមអត្រាដែលបានកំណត់។
លោកថ្លែងថា៖ «ជាគោលការណ៍ច្បាប់ គឺវាមានលក្ខណៈសាមញ្ញ តែក្នុងការអនុវត្តជាក់ស្តែងមានកត្តាជាច្រើនរួមចំណែកបង្កើតជាបញ្ហាស្មុគស្មាញដល់បរិយាកាសអនុលោមភាពពន្ធដាររបស់យើង»។
តាមការអង្កេតកន្លងមកខាងផ្នែកអ្នកជាប់ពន្ធ ឬអ្នកទទួលបន្ទុកការងារពន្ធដាររោងចក្រសហគ្រាសមួយចំនួន ទាំងខ្មែរ និងបរទេស គឺចំណេះដឹងនៅមានកម្រិត ហើយក្នុងករណីខ្លះមិនបានទទួលគ្រប់ជ្រុងជ្រោយនិងទាន់ពេលវេលាពីបច្ចុប្បន្នភាពគតិយុត្តពាក់ព័ន្ធ និងពន្ធដារ ហើយក្នុងករណីខ្លះក៏មានការធ្វេសប្រហែស ឬខ្វះការយកចិត្តទុកដាក់ផងដែរ។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា វេទិកាពន្ធដារ ឆ្នាំ ២០២៣ នេះគឺជាឱកាសដ៏មានតម្លៃសម្រាប់អ្នកចូលរួមក្នុងការទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗនៃវិស័យពន្ធដារ ពិសេសលើប្រធានបទពាក់ព័ន្ធ និងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា»។
លោក គង់ វិបុល អគ្គនាយកនៃ GDT បានទទួលស្គាល់ថាច្បាប់ពន្ធដារនៅប្រទេសណាក៏មានភាពស្មុគស្មាញពិបាកយល់សម្រាប់ធុរជន និងវិនិយោគ ខណៈនៅប្រទេសអភិវឌ្ឍន៍មួយចំនួនស្មុគស្មាញជាងកម្ពុជាទៅទៀត។ ការណ៍ទើបជំរុញឱ្យស្ថាប័នលោកខិតខំរៀបចំច្របាច់បញ្ចូលគ្នានូវច្បាប់ និងក្រឹត្យតាំងពីឆ្នាំចាស់បង្កើតចេញជាច្បាប់ពន្ធដារថ្មីដែលធ្វើឱ្យអ្នកជាប់ពន្ធកាន់តែងាយស្រួលយល់ មានការងាយស្រួលក្នុងការស្វែងយល់។ ដោយសារច្បាប់ពីមុនគឺនៅដាច់ដោយឡែកពីគ្នា និងពិបាករក។
លោកបញ្ជាក់ថា៖ «ខ្ញុំទទួលស្គាល់ថា ផលលំបាកសម្រាប់អ្នកជាប់ពន្ធក្នុងវិស័យកាត់ដេរនិងវាយនភណ្ឌនេះមានការលំបាកក្នុងការធ្វើបញ្ជីស្នាមក្នុងការបង់ពន្ធ ប៉ុន្តែកន្លងទៅ GDT បានខិតខំរយៈពេលជាង ១០ ឆ្នាំមកនេះក្នុងការរៀបចំសិក្ខាសាលា បណ្តុះបណ្តាល និងការចុះផ្សាយសម្រាប់អ្នកជាប់ពន្ធកាន់តែមានការយល់ដឹងអំពីកាតព្វកិច្ចពន្ធរបស់ពួកគេ»។
លោកលើកឡើងថា សម្រាប់អគ្គនាយកដ្ឋានពន្ធដារគឺចង់ឱ្យអ្នកជាប់ពន្ធធ្វើការបង់ពន្ធដោយស្ម័គ្រចិត្ត និងអនុលោមភាព ព្រោះយើងមិនចង់ពិន័យទេ។ វេទិកាពន្ធថ្ងៃនេះសម្រាប់វិស័យនេះគឺជាការផ្តល់ជាពុទ្ធិបន្ថែមសម្រាប់អ្នកជាប់ពន្ធឱ្យកាន់តែយល់ដឹងច្បាស់ក្នុងការអនុលោមភាព។
លោកថ្លែងថា៖ «យើងតែងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យវាយនភណ្ឌ ព្រោះវិស័យនេះបានផ្តល់ការងាររាប់សែននាក់ដល់ប្រជាពលរដ្ឋកម្ពុជា។ សម្រាប់រយៈពេលកន្លងទៅក្នុងឆ្នាំ ២០២០ យើងបានដាក់ឱ្យប្រកាសពន្ធតាមអនឡាញ យើងក៏សង្កេតឃើញថាមានអ្នកជាប់ពន្ធជាច្រើនបានចូលធ្វើការបង់ពន្ធតាមអនឡាញ។ កន្លងទៅយើងក៏បានសម្របសម្រួលច្រើនសម្រាប់វិស័យនេះផងដែរ៕