ភ្នំពេញៈ អ្នកនៅក្នុងវិស័យដឹកជញ្ជូន បានអះអាងថា ស្ថានភាពវិស័យដឹកជញ្ជូននៅកម្ពុជា រយៈពេលជិត ១ ឆ្នាំ ២០២៣ នេះ គឺមិនមានអ្វីល្អប្រសើរលើសពីឆ្នាំ ២០២២ ឡើយ ទោះបីការគំរាមកំហែងពីជំងឺកូវីដ ១៩ បានបញ្ចប់ស្ទើរទាំងស្រុងក៏ដោយ ខណៈវិបត្តិថ្មីៗដែលកើតពីជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗនិងសង្គ្រាម បានបន្តដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចសកល ដែលការណ៍នេះជះឥទ្ធិពលយ៉ាងខ្លាំងដល់ការបញ្ជាទិញទំនិញ និងវិស័យដឹកជញ្ជូននៅកម្ពុជា។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ពីខែមករា-តុលា ឆ្នាំ ២០២៣ កម្ពុជាបាននាំទំនិញទៅទីផ្សារអន្តរជាតិក្នុងទឹកប្រាក់ ១៨,៥៩ពាន់លានដុល្លារ កើនឡើង ០,២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ១៨,៥៥ ពាន់លានដុល្លារ។ ជាមួយគ្នានេះកម្ពុជាក៏បាននាំចូលទំនិញពីទីផ្សារអន្តរជាតិ ២០,០៧ ពាន់លានដុល្លារ ធ្លាក់ចុះ ៦ ភាគរយ ពីចំនួន ២១,៣៦ ពាន់លានដុល្លារ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៥ ខែធ្នូថា ការបញ្ជាទិញទំនិញពីសំណាក់ទីផ្សារធំៗដូចជា អាមេរិក និងអឺរ៉ុប ដែលថយចុះក្នុងរយៈពេលជាង ១ ឆ្នាំមកនេះបានទាញឱ្យសកម្មភាពដឹកជញ្ជូនក្នុងឆ្នាំ ២០២៣ ធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ ២០២២។
លោកប្រាប់ថា៖ «ភាពមមាញឹកនៃវិស័យដឹកជញ្ជូនទំនិញនៅកម្ពុជា គឺអាស្រ័យខ្លាំងលើការបញ្ជាទិញពីក្រៅប្រទេស ដូច្នេះបើការបញ្ជាទិញក្នុងឆ្នាំ ២០២៣ ធ្លាក់ចុះ ការដឹកជញ្ជូនប្រាកដជាធ្លាក់ចុះដែរ»។
ទាក់ទងនឹងសកម្មភាពដឹកជញ្ជូន នៅឆ្នាំ ២០២៤ ខាងមុខ លោក ដារ៉ា អះអាងថា នឹងល្អជាងឆ្នាំ ២០២៣ ព្រោះកំណើនសេដ្ឋកិច្ចសកលត្រូវបានព្យាករថា នឹងមានកំណើនខ្ពស់ជាងឆ្នាំ ២០២៣។ ជាមួយគ្នានេះទំនិញដែលនៅសល់ក្នុងឃ្លាំងក៏អាចថយចុះផងដែរ ដូច្នេះការបញ្ជាទិញពីកម្ពុជាអាចនឹងមានកំណើនឡើងវិញ។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានឱ្យដឹងថា បើនិយាយពីសកម្មភាពដឹកជញ្ជូន និងតម្លៃដឹកជញ្ជូនក្នុងឆ្នាំ ២០២៣ គឺប្រហាក់ប្រហែល ឬធ្លាក់ចុះបន្តិចធៀបឆ្នាំ ២០២២។ លោកបន្តថា មូលហេតុដែលវិស័យដឹកជញ្ជូនមិនទាន់មានសកម្មភាពខ្លាំង (មុនឆ្នាំ២០២០) គឺអាចដោយសារកំណើនសេដ្ឋកិច្ចសកលមិនល្អ ដែលបានជះឥទ្ធិពលទៅដល់តម្រូវការប្រើប្រាស់គ្រប់ប្រភេទមុខទំនិញលើពិភពលោក។
លោកអះអាងថា៖«សម្រាប់សកម្មភាព និងតម្លៃដឹកជញ្ជូនទំនិញក្នុងរយៈពេលជិតពេញ ១ ឆ្នាំមកនេះ គឺខ្ញុំសង្កេតឃើញថា មិនមានអ្វីប្រែប្រួលច្រើនទេធៀបនឹងឆ្នាំមុន»។
ទោះយ៉ាងណា លោក ចន្ធី មានសុទិដ្ឋិនិយមថា ចាប់ពីចុងឆ្នាំ ២០២៣ ទៅ ការបញ្ជាទិញពីក្រៅប្រទេសនឹងមានកំណើនឡើងវិញ ដូច្នេះវិស័យដឹកជញ្ជូនក៏នឹងមមាញឹកជាងពេលបច្ចុប្បន្នផងដែរ៕