ភ្នំពេញៈ កម្ពុជារកប្រាក់ចំណូលបានប្រមាណ ៦,៤៥ ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅបណ្ដាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២៣ កើនឡើង ២៦,៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការធ្វើឱ្យប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោកនារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី ៦ ខែធ្នូ គឺចាប់ពីខែមករាដល់ខែតុលា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញដែលមានតម្លៃ ៦,៤៥ ពាន់លានដុល្លារ ទៅកាន់បណ្ដាប្រទេសសមាជិកឈានមុខគេចំនួន ៥ នៃ RCEP រួមមានវៀតណាម ថៃ សិង្ហបុរី ចិន និងជប៉ុន។
RCEP ដែលជាគំនិតផ្តួចផ្តើមរបស់អាស៊ាន បច្ចុប្បន្នគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ឈានមុខគេនៅលើពិភពលោកដែលគ្របដណ្តប់ប្រទេសចំនួន ១៥ នៅក្នុងនោះរួមមានបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង ១០ រួមនឹងប្រទេសឥណ្ឌូប៉ាស៊ីហ្វិកសំខាន់ៗចំនួន ៥ ទៀត មានដូចជា ប្រទេសចិនអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៦ ខែធ្នូថា ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀង RCEP កម្ពុជាកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការនាំចេញទៅកាន់បណ្ដាប្រទេសជាសមាជិក ដែលកំពុងតែក្លាយជាកំណើនប្រកបដោយសក្តានុពលថ្មីមួយនៅក្នុងតំបន់ ចំពេលមានការធ្លាក់ចុះការនាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក ដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងផលវិបាកនៃការរីករាលដាលកូវីដ ១៩។
លោកថ្លែងថា៖ «ប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង RCEP នៅឆ្នាំ ២០២២ ក្លាយជាកត្តាជំរុញថ្មីមួយសម្រាប់កំណើននៃការនាំចេញរយៈពេលវែងរបស់កម្ពុជា ដោយសារស្ថិតក្រោមកិច្ចព្រមព្រៀងនេះ មានការកាត់បន្ថយពន្ធនាំចូលមួយចំនួនដែលអាចឱ្យកម្ពុជាទាញយកឱកាសដើម្បីជំរុញការនាំចេញ»។
លោក សុវិជាតិ បានឱ្យដឹងថា ប្រទេសចិន ជាទីផ្សារឈានមុខគេមួយសម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ផលិតផលកសិកម្មប្រកបដោយសក្តានុពលរបស់ខ្លួនដូចជា អង្ករ ចេកអំបូងលឿង ស្វាយ មៀន និងម្រេច ជាដើម។
លោកបន្តថា អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងនេះ មានដូចជា ការអនុគ្រោះពន្ធនាំចេញលើទំនិញផ្សេងៗ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញ និងឱកាសការងារដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា ការកើនឡើងការនាំចេញពីកម្ពុជាទៅទីផ្សារអន្តរជាតិ ជាពិសេសទៅបណ្តាប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP នៅក្នុងអំឡុងពេលនៃភាពតានតឹងផ្នែកសេដ្ឋកិច្ច និងនយោបាយអន្តរជាតិដែលមិនមានស្ថិរភាពគឺបង្ហាញថា សមត្ថភាពផលិតកម្មរបស់កម្ពុជាកំពុងរីកចម្រើនកាន់តែរហ័ស និងគុណភាពប្រកបដោយស្តង់ដា។
លោកបានបន្តថា មូលហេតុដែលនាំឱ្យផលិតកម្ម និងការនាំចេញរបស់កម្ពុជាកើនឡើងអាចមកពីកត្តាមួយចំនួនដូចជា ស្ថិរភាពនយោបាយ និងភូមិសាស្ត្រនយោបាយកាន់តែល្អសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក កំណែទម្រង់ប្រព័ន្ធច្បាប់វិនិយោគ ទីផ្សារនាំចេញកាន់តែច្រើន និងលក្ខខណ្ឌពិសេសនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកាន់តែប្រសើរ និងសម្បូរបែប និងមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន។
លោកថ្លែងថា៖ «នៅពេលនេះកម្ពុជាបានត្រៀមខ្លួនយ៉ាងល្អនៅពេលការបញ្ជាទិញពីទីផ្សារអន្តរជាតិកើនឡើង កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការឆ្លើយតបតាមការបញ្ជាទិញមកពីគ្រប់ទិសទី។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងមានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនផងដែរ»។
លោកបន្តថា៖ «តាមរយៈអ្វីដែលកម្ពុជាមាន ខ្ញុំមានសុទិដ្ឋិនិយមថា ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការនាំចេញពីកម្ពុជាទៅគ្រប់គោលដៅជុំវិញពិភពលោកនឹងកើនឡើងបន្ថែមទៀតចាប់ពីឆ្នាំ ២០២៤។ ជាមួយគ្នានេះដែរ បច្ចុប្បន្នចំនួនភ្ញៀវទេសចរបរទេសក៏នឹងកើនឡើងផងដែរ»។
បណ្ដាប្រទេសជាសមាជិកកិច្ចព្រមព្រៀង RCEP តំណាងឱ្យប្រជាជនប្រហែល ២,២ ពាន់លាននាក់ ឬ ៣០ ភាគរយនៃចំនួនប្រជាជនពិភពលោកសរុបដែលរួមចំណែកដល់ ២៦,២ ពាន់ពាន់លានដុល្លារនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលស្មើនឹង ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបទូទាំងពិភពលោក។ បណ្ដាប្រទេសជាសមាជិកទាំងនេះមានចំនួនប្រហែល ២៨ ភាគរយនៃពាណិជ្ជកម្មពិភពលោក។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
បើយោងតាមតួលេខរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជាមានតម្លៃ ៣៨,៦៦ ពាន់លានដុល្លារក្នុងរយៈពេល ១០ ខែនៃឆ្នាំ ២០២៣ ធ្លាក់ចុះ ៣,១ ភាគរយពី ៣៩,៩ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២៕