ភ្នំពេញៈ ការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​ជា​ផ្លូវ​ការ​ទៅ​ទីផ្សារ​អន្តរជាតិ​ ក្នុង​រយៈ​ពេល​ ១១​ ខែ​ ដើម​ឆ្នាំ​២០២៣ សម្រេច​បាន​ជាង ២៦ ​ម៉ឺន​តោន ​ធ្លាក់​ចុះ​ជិត​ ២៤​ ភាគ​រយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២២ ក្នុង​នោះ​ការ​នាំ​ចេញ​ភាគ​ច្រើន​គឺ​ទៅ​ប្រទេស​ចិន។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​កំពុង​កើត​មាន​នា​ពេល​នេះ​ បាន​ជះ​ឥទ្ធិពល​យ៉ាង​ធំ​ធេង​ទៅ​លើ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ​ ដោយ​ធ្វើ​ឱ្យ​ការ​បញ្ជា​ទិញ​ទំនិញ​គ្រប់​ប្រភេទ​ថយ​ចុះ ក្នុង​នោះ​បរិមាណ​ផ្លែ​ចេក​ស្រស់​ដែល​បាន​នាំ​ចេញ​កត់​ត្រា​ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិចាប់​ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ គឺ​មាន​សរុប ២៦៣ ១១៦,៩៣​តោន ធ្លាក់​ចុះ ២៣,៨៤ ​ភាគ​រយ​ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២២ ដែល​មាន​ចំនួន ៣៤៥ ៤៧០,២​ តោន។

របាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ការ​នាំ​ចេញ​ចេក​ស្រស់ មាន​បរិមាណ ២៥ ១២៥,៣៥​តោន​។ ផ្លែ​ចេក​ស្រស់​កម្ពុជា ត្រូវ​បាន​នាំ​ចេញ​ភាគ​ច្រើន​ទៅ​ប្រទេស​ចិន វៀតណាម និង​ជប៉ុន ជា​ដើម​។

លោក ហ៊ុន ឡាក់ អគ្គ​នាយក​ក្រុម​ហ៊ុន ឡុង ម៉េត អេហ្គ្រីខលឈ័រ ដែល​មាន​កសិដ្ឋាន​ដាំ​ចេក​ដ៏​ធំ​នៅ​ក្នុង​ខេត្ត​កំពត និង​ជា​ក្រុមហ៊ុន​នាំ​ចេញ​ចេក​ស្រស់​ទៅ​ទីផ្សារ​ប្រទេស​ចិន ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ​ថា មូល​ហេតុ​ដែល​នាំ​ឱ្យ​ការ​នាំ​ចេញ​ចេក​ស្រស់​ទៅ​ក្រៅ​ប្រទេស​ធ្លាក់​ចុះ​គឺ​ដោយ​សារ​កត្តា​ចម្បង​ចំនួន ២ គឺ​ទី​១ អាកាស​ធាតុ​មិន​សូវ​ល្អ​នាំ​ឱ្យ​មាន​កើត​ឡើង​សត្វ​ល្អិត​ចង្រៃ​ជា​ច្រើន​បំផ្លាញ​ផ្លែ​ចេក និង​ទី ២ តម្លៃ​នៅ​ទីផ្សារ​អន្តរ​ជាតិ ​(គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០២៣)​ធ្លាក់​ចុះ​ទាប​ជាង​ឆ្នាំ​២០២២​។ លោក​បន្ត​ថា ប្រហែល​ជាង ៩៥ ​ភាគ​រយ​ នៃ​ការ​នាំ​ចេញ​ចេក​ស្រស់​របស់​កម្ពុជា គឺ​ទៅ​ប្រទេស​ចិន និង​អាច​មាន​តិច​តួច​ទៅ​ប្រទេស​វៀតណាម និង​ជប៉ុន។​

លោក​ថ្លែង​ថា៖​«​ការ​ធ្លាក់​ចុះ​បរិមាណ​នៃ​ចេញ​ចេក​ស្រស់ គឺ​រួម​ផ្សំ​ទាំង​កត្តា​ខាង​ក្នុង និង​ខាង​ក្រៅ។ សម្រាប់​កត្តា​ខាង​ក្រៅ គឺ​ដោយ​សារ​ទិសដៅ​នាំ​ចេញ​ជាង ៩៥​ ភាគ​រយ​ទៅ​ប្រទេស​ចិន ដូច្នេះ​បើ​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​មិន​សូវ​ល្អ តម្លៃ​ចេក​ក៏​ធ្លាក់​ចុះ​ដែរ»។

សម្រាប់​រយៈ​ពេល​នៅ​សល់​ក្នុង​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ ខាង​មុខ លោក ហ៊ុន ឡាក់​ មាន​សុទិដ្ឋិ​និយម​ថា ការ​នាំ​ចេញ​ចេក​ស្រស់​ទៅ​ប្រទេស​ចិន នឹង​មាន​កំណើន​ឡើង​វិញ ដោយ​លោក​សង្កេត​ឃើញ​ថា ចាប់​ពី​ខែ​វិច្ឆិកា រហូត​ដល់​ពេល​នេះ គឺ​ការ​នាំ​ចេញ​ចេក​បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ជា​បន្ត​បន្ទាប់។


ចេក​ស្រស់​កម្ពុជា ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ជា​លើក​ដំបូង​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​វា​គឺ​ជា​ផ្លែឈើ​ដំបូង​គេ​របស់​កម្ពុជា​ដែល​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ជា​ផ្លូវ​ការ។

អភិបាល​ខេត្តកំពត ​លោក​ ម៉ៅ ធនិន ធ្លាប់​បាន​និយាយ​ថា អាជ្ញាធរ​ខេត្ត ​ក៏​ដូច​ជា​មន្ទីរ​ជំនាញ​របស់​ខេត្ត​កំពត បាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដើម្បី​គាំទ្រ​ទៅ​លើ​ការ​ដាំ​ដុះ​ដំណាំ​កសិផល​ រួម​ទាំង​ចេក ​ ដើម្បី​ធានា​ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុក និង​ជំរុញ​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

លោក​និយាយ​ថា៖​«​ឥឡូវ​នេះ​ក្រុមហ៊ុន កំពុង​មាន​ការ​ជំរុញ​បន្ថែម​ទៅ​លើ​ការ​ដាំដុះ ​(ផ្លែចេក)។ ខ្ញុំ​សង្ឃឹម​ថា បើសិន​ជា​ការ​ដាំដុះ​នេះ​ល្អ​នឹង​អាច​ពង្រីក​បាន​លើ​ផ្ទៃដី​មួយ​ចំនួន ដែល​ពាក់​ព័ន្ធ​នៅ​ទីនោះ​ថែមទៀត​ដោយមាន​ការចូលរួម​ពី​សហគមន៍ ពី​បងប្អូន​ប្រជាពលរដ្ឋ​ជុំវិញ​នោះ​»​។​

លោក​អភិបាលខេត្ត​បន្តថា ការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ចេក​នៅ​ខេត្ត​កំពត​ នឹង​ទទួល​បាន​ប្រាក់​ចំណូល​ព្រម​ទាំង​ជួយ​លើក​កម្ពស់​ជីវភាព​ប្រចាំ​ថ្ងៃ ប្រចាំខែ​របស់​ប្រជាពលរដ្ឋ​ផងដែរ ថែម​ទាំង​ទទួល​បាន ​ទីផ្សារ​ពល​កម្ម​នៅ​នឹង​កន្លែង​បន្ថែម​ទៀត​។​

កម្ពុជា និង​ចិន បាន​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (CCFTA)​ ជា​ផ្លូវ​ការអស់រយៈពេល​ជិត​២ ឆ្នាំ​ហើយ​ដែល​បានចាប់ផ្តើម​កាលពីដើម​ខែមករា ឆ្នាំ ២០២១ ដែល​ត្រូវបាន​គេ​សង្កេត​ថា​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ជុំវិញ​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី និង​លំហូរ​នៃ​ការវិនិយោគ​ពី​ប្រទេស​ចិន និង​បណ្តា​ប្រទេស​នានា​មក​កម្ពុជា​ក្នុងអំឡុង​ពេលនេះ​។

​នៅក្នុង​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ ​CCFTA នេះ មុខទំនិញ​ប្រមាណ​ជា​៩៨ ភាគរយ​នៃ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន និង ៩០ ភាគរយ​នៃ​ការនាំចេញ​របស់​ប្រទេស​ចិន មក​​កម្ពុជា​​គឺ​​រួច​​ពន្ធ​​ ក្នុង​នោះ​មាន​កសិ​ផល​​មួយ​ចំនួន​ដូចជា​​ដំឡូង​មី ស្វាយ​ ចេក មៀន​ប៉ៃលិន​ជាដើម​​។ បច្ចុប្បន្ន​កម្ពុជា​បាន​នាំចេញ​នូវ​ផ​លិ​ផល​វារីវប្បកម្ម​មួយចំនួនធំ​ហើយ​ទៅកាន់​ទីផ្សារ​ចិន ដែល​កន្លងមក​ក្រសួងកសិកម្ម​ធ្លាប់បាន​ប្រកាសថា​ប្រទេស​ចិន​អនុ​ញ្ញា​ត្ត​អោយ​នាំចេញ រហូតដល់​ទៅ​១១​មុខ​នៃ​ផលិតផល​ជល​។ 

នៅ​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំ​ចេញ​ចេក​ស្រស់​ចំនួន​ ៣៦៧ ៤០០ ​តោន ថយ​ចុះ​ ១៣​ ភាគ​រយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២១​។ ក្នុង​នោះ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ប្រមាណ ៣៣០ ០០០ តោន​ វៀតណាម​ជាង​ ៣៦ ០០០ ​តោន និង​ជប៉ុន​ជាង​ ២ ៨០០​ តោន​។ នេះ​បើ​តាម​របាយ​ការណ៍​ពី​ក្រុមហ៊ុន​ឡុង​ម៉េត៕