ភ្នំពេញ: រដ្ឋាភិបាលស្វាគមន៍ចំពោះផែនការរបស់ក្រុមហ៊ុន Prime Road Power Public (PRIME) មានមូលដ្ឋាននៅប្រទេសថៃ និងជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Prime Road Alternative (Cambodia) Co Ltd នៅកម្ពុជា គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួនលើថាមពលស្អាតនៅប្រទេសកម្ពុជា ដែលនឹងឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យនេះ។
Prime គឺជាក្រុមហ៊ុនដែលអភិវឌ្ឍថាមពលកកើតឡើងវិញឈានមុខគេនៅក្នុងប្រទេសថៃ។ ក្រុមហ៊ុនមួយនេះ បានផ្តោតលើការវិនិយោគរបស់ខ្លួននៅក្នុងគម្រោងថាមពលកកើតឡើងវិញនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែធ្នូ ជាមួយលោក Piroon Shinawatra ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) លោកបានសុំការគាំទ្របន្ថែមទៀតពីក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជុំវិញផែនការពង្រីករបស់ខ្លួនលើគម្រោងពង្រីកថាមពលស្អាត បន្ទាប់ពីបច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងប្រតិបត្តិការថាមពលស្អាតទំហំ ៣០៧ មេហ្គាវ៉ាត់ (MW) រួមទាំងថាមពលសូឡាទំហំ ៧៧ មេហ្គាវ៉ាត់នៅក្នុងខេត្តកំពង់ឆ្នាំងផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសបានពី CDC បន្ទាប់ពីកិច្ចប្រជុំ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការគាំទ្រចំពោះផែនការពង្រីករបស់ក្រុមហ៊ុននេះ និងបានស្នើឱ្យក្រុមហ៊ុនធ្វើការងារជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាបន្ថែមលើវិស័យសក្តានុពលសម្រាប់ការវិនិយោគ។ លោកបន្តថា រដ្ឋាភិបាលស្វាគមន៍ចំពោះវិនិយោគិនក្នុងការវិនិយោគបន្ថែមទៀតលើថាមពលស្អាត ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការនាំចេញថាមពលទៅកាន់ប្រទេសណាមួយនៅក្នុងតំបន់ ជាពិសេសការលើកកម្ពស់ថាមពលស្អាត។
លោក Somprasong Panjalak ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន PRIME ថ្មីៗនេះបានបង្ហាញពីលទ្ធផលប្រតិបត្តិការនៅត្រីមាសទី៣ របស់ក្រុមហ៊ុនមួយនេះថា ប្រាក់ចំណូលសរុបមានចំនួន ២៨២,៦៣ លានបាត កើនឡើង ៥៤,៤៨ ភាគរយ បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។
កាលពីខែកញ្ញា ក្រុមហ៊ុន Prime Road Alternative Company Limited ទទួលសិទ្ធិសាងសង់គម្រោងកសិដ្ឋានថាមពលសូឡាទំហំ ៦០ មេហ្គាវ៉ាត់ គឺជាផ្នែកមួយនៃឧទ្យានជាតិថាមពលសូឡាទំហំ ១០០ មេហ្គាវ៉ាត់ក្នុងខេត្តកំពង់ឆ្នាំង ដែលត្រូវបានរៀបចំឡើងក្នុងភាពជាដៃគូសាធារណៈ និងឯកជនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។
ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ CDC ក៏បានធ្វើការអនុម័តលើគម្រោងថាមពលសូឡាទំហំ ៦០ មេហ្គាវ៉ាត់នៅខេត្តកំពង់ឆ្នាំង ដែលមានទុនវិនិយោគចំនួន ៣៧,៤ លានដុល្លារ និងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Prime Road Alternative (Cambodia) Co Ltd។ លុះក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ថាមពលសូឡានេះ ត្រូវបានភ្ជាប់ទៅបណ្តាញអគ្គិសនីជាតិ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ២១ ខែវិច្ឆិកា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជាបានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នចេញពីឥន្ធនៈហ្វូស៊ីល ដែលជំនួសដោយការប្រើប្រាស់ថាមពលស្អាត ឬថាមពលកកើតឡើងវិញ។
លោកលើកឡើងថា ក្រោមក្របខ័ណ្ឌអាស៊ាន តម្រូវឱ្យបណ្ដាប្រទេសជាសមាជិកទាំងអស់ ត្រូវស្វែងរកប្រភពថាមពល ៣៥ ភាគរយ មកពីប្រភពនៃថាមពលស្អាត ឬថាមពលកកើតឡើងវិញ ត្រឹមឆ្នាំ ២០៣០ ខណៈកម្ពុជាបានលើសទិសដៅកំណត់ ដោយសម្រេចបានជាង ៦០ ភាគរយរួចទៅហើយត្រឹមឆ្នាំ ២០២២ កន្លងមកនេះ។
លោកបានបន្ថែមទៀតថា៖ «វិស័យថាមពលរបស់យើងបានកើនឡើងជិតទ្វេដងនៃមធ្យម ភាគអាស៊ានសម្រាប់ផែនការឆ្នាំ ២០៣០»៕