ភ្នំពេញៈ ការនាំចេញផ្លែចេកស្រស់ជាផ្លូវការទៅទីផ្សារអន្តរជាតិ ក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៣ សម្រេចបានជាង ២៦ ម៉ឺនតោន ធ្លាក់ចុះជិត ២៤ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះការនាំចេញភាគច្រើនគឺទៅប្រទេសចិន។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា វិបត្តិសេដ្ឋកិច្ចសកល ដែលកំពុងកើតមាននាពេលនេះ បានជះឥទ្ធិពលយ៉ាងធំធេងទៅលើលំហូរពាណិជ្ជកម្មអន្តរជាតិ ដោយធ្វើឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទថយចុះ ក្នុងនោះបរិមាណផ្លែចេកស្រស់ដែលបាននាំចេញកត់ត្រាដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ គឺមានសរុប ២៦៣ ១១៦,៩៣ តោន ធ្លាក់ចុះ ២៣,៨៤ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលមានចំនួន ៣៤៥ ៤៧០,២ តោន។
របាយការណ៍នេះបានឱ្យដឹងទៀតថា សម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២៣ ការនាំចេញចេកស្រស់ មានបរិមាណ ២៥ ១២៥,៣៥ តោន។ ផ្លែចេកស្រស់កម្ពុជា ត្រូវបាននាំចេញភាគច្រើនទៅប្រទេសចិន វៀតណាម និងជប៉ុន ជាដើម។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អ្រេហ្គីខលឈ័រ ដែលមានកសិដ្ឋានដាំចេកដ៏ធំនៅក្នុងខេត្តកំពត និងជាក្រុមហ៊ុននាំចេញចេកស្រស់ទៅទីផ្សារប្រទេសចិន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៧ ខែធ្នូ ថា មូលហេតុដែលដែលនាំឱ្យការនាំចេញចេកស្រស់ទៅក្រៅប្រទេសធ្លាក់ចុះគឺដោយសារកត្តាចម្បងចំនួន ២ គឺទី១ អាកាសធាតុមិនសូវល្អនាំឱ្យមានកើតឡើងសត្វល្អិតចង្រៃជាច្រើនបំផ្លាញផ្លែចេក និងទី ២ តម្លៃនៅទីផ្សារអន្តរជាតិ (គិតត្រឹមខែតុលា ឆ្នាំ២០២៣) ធ្លាក់ចុះទាបជាងឆ្នាំ ២០២២។ លោកបន្តថា ប្រហែលជាង ៩៥ ភាគរយនៃការនាំចេញចេកស្រស់របស់កម្ពុជា គឺទៅប្រទេសចិន និងអាចមានតិចតួចទៅប្រទេសវៀតណាម និងជប៉ុន។
លោកថ្លែងថា៖«ការធ្លាក់ចុះបរិមាណនាំចេញចេកស្រស់ គឺរួមផ្សំទាំងកត្តាខាងក្នុង និងខាងក្រៅ។ សម្រាប់កត្តាខាងក្រៅ គឺដោយសារទិសដៅនាំចេញជាង ៩៥ភាគរយទៅប្រទេសចិន ដូច្នេះបើសេដ្ឋកិច្ចនៅប្រទេសចិនមិនសូវល្អ តម្លៃចេកក៏ធ្លាក់ចុះដែរ»។
សម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ខាងមុខ លោក ហ៊ុន ឡាក់ មានសុទិដ្ឋិនិយមថា ការនាំចេញចេកស្រស់ទៅប្រទេសចិន នឹងមានកំណើនឡើងវិញ ដោយលោកសង្កេតឃើញថា ចាប់ពីខែវិច្ឆិកា រហូតដល់ពេលនេះ គឺការនាំចេញចេកបានបង្ហាញពីសញ្ញាវិជ្ជមានជាបន្តបន្ទាប់។
ចេកស្រស់កម្ពុជា ត្រូវបាននាំចេញទៅប្រទេសចិនជាលើកដំបូងកាលពីខែឧសភា ឆ្នាំ ២០១៩ ដោយវាគឺជាផ្លែឈើដំបូងគេរបស់កម្ពុជាដែលត្រូវបាននាំចេញទៅប្រទេសចិនជាផ្លូវការ។
អភិបាលខេត្តកំពត លោក ម៉ៅ ធនិន ធ្លាប់បាននិយាយថា អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញរបស់ខេត្តកំពត បានធ្វើកិច្ចការជាច្រើនដើម្បីគាំទ្រទៅលើការដាំដុះដំណាំកសិផល រួមទាំងចេក ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេស។
លោកនិយាយថា៖«ឥឡូវនេះក្រុមហ៊ុន កំពុងមានការជំរុញបន្ថែមទៅលើការដាំដុះ (ផ្លែចេក)។ ខ្ញុំសង្ឃឹមថា បើសិនជាការដាំដុះនេះល្អនឹងអាចពង្រីកបានលើផ្ទៃដីមួយចំនួន ដែលពាក់ព័ន្ធនៅទីនោះថែមទៀតដោយមានការចូលរួមពីសហគមន៍ ពីបងប្អូនប្រជាពលរដ្ឋជុំវិញនោះ»។
លោកអភិបាលខេត្តបន្តថា ការពង្រីកផ្ទៃដីដាំដុះចេកនៅខេត្តកំពត នឹងទទួលបានប្រាក់ចំណូលព្រមទាំងជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃ ប្រចាំខែរបស់ប្រជាពលរដ្ឋផងដែរ ថែមទាំងទទួលបានទីផ្សារពលកម្ម នៅនឹងកន្លែងបន្ថែមទៀត។
នៅក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៣៦៧ ៤០០ តោន ថយចុះ ១៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ក្នុងនោះនាំចេញទៅប្រទេសចិនប្រមាណ ៣៣០ ០០០ តោន វៀតណាមជាង ៣៦ ០០០ តោន និងជប៉ុនជាង ២ ៨០០ តោន។ នេះបើតាមរបាយការណ៍ពីក្រុមហ៊ុនឡុងម៉េត។
ប្រទេសកម្ពុជា និងចិន បានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាផ្លូវការអស់រយៈពេលជិត ២ ឆ្នាំ ហើយដែលបានចាប់ផ្តើមកាលពីដើមខែមករា ឆ្នាំ ២០២១។ បច្ចុប្បន្នកម្ពុជា បាននាំចេញកសិផលមួយចំនួន ដូចជាដំឡូងមី ស្វាយ ចេក មៀនប៉ៃលិន។ ជាមួយគ្នានេះដែរ កម្ពុជាក៏បាននាំចេញផលិតផលវារីវប្បកម្មចំនួន ១១ មុខទៅកាន់ទីផ្សារចិន។ នេះបើតាមក្រសួងកសិកម្មដែលធ្លាប់បានប្រកាសថា ប្រទេសចិនអនុញ្ញាតឱ្យនាំចេញកន្លងមក៕