
អគ្គនាយកដ្ឋានពន្ធដារ។ រដ្ឋរកចំណូលបានជិត ៥ ពាន់លានដុល្លារក្នុងរយៈពេល ១០ ខែ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលបានរកចំណូលបម្រាណ ៤,៩ ពាន់លានដុល្លារក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ ២០២៣ ដែលស្មើនឹងជិត ៧៨ ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ ខណៈដែលការអនុវត្តចំណាយសរុបថ្នាក់ជាតិ មានជាង ៦,៣ ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។
របាយការណ៍របស់ MEF បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៣ ការអនុវត្តចំណូលក្នុងប្រទេសសរុបថ្នាក់ជាតិ សម្រេចបាន ៤ ៨៩៧,១៧ លានដុល្លារស្មើនឹង ៧៧,៨៥ ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣។ ចំនួននេះ គឺថយចុះ ២,០២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ នៅក្នុងចំនួននេះ គឺចំណូលសារពើពន្ធ សម្រេចបាន ៤ ៤០៨,៧ លានដុល្លារ ស្មើនឹង ៧៧,៤៥ ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ ថយចុះ ៤,២ ភាគរយ និងចំណូលមិនមែនសារពើពន្ធ ៤៨២,៥៦ លានដុល្លារ ស្មើ ៩២,៧២ ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ កើនឡើង ២៤,០៨ ភាគរយ។
របាយការណ៍ឱ្យដឹងទៀតថា៖ «ផ្អែកលើនិន្នាការនៃការអនុវត្តចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គួបផ្សំនឹងការងើបឡើងវិញនៃសកម្មភាពសង្គមសេដ្ឋកិច្ចកម្ពុជា, ការប្រមូលចំណូលស្ថិតនៅក្នុងគន្លងឈានទៅរកការសម្រេចបានតាមផែនការគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣»។
ដោយឡែកចំណូលការអនុវត្តចំណាយសរុបថ្នាក់ជាតិ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ គឺមានចំនួន ៦,៣៣ ពាន់លានដុល្លារ ស្មើ ៧៤,៩៥ ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ ដោយកើនឡើង ១៩,៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះចំណាយមូលធនចំនួន ២ ១៦៩,៣៧ លានដុល្លារ កើន ១២,៣២ ភាគរយ និងចំណាយចរន្ត ចំនួន ៤ ១៥៩,២៤ លានដុល្លារ កើន ២៣,៦ ភាគរយ។ ជារួមការអនុវត្តចំណាយគឺនៅបន្តរក្សាគោលការណ៍រឹតបន្តឹងចំណាយមិនចាំបាច់នានា និងវិភាជថវិកាសម្រាប់អនុវត្តឱ្យចំមុខសញ្ញា។
របាយការណ៍បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបន្តរក្សាភាពប្រយ័ត្នប្រយែងខ្ពស់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញប្បទានសរុបថ្នាក់ជាតិ ប្រកបដោយប្រសិទ្ធភាពបំផុត និងផ្តល់ លទ្ធភាពគ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តថវិការដ្ឋបានទាន់ពេលវេលា។
ជាក់ស្តែង ការអនុវត្តហិរញ្ញប្បទានពីបរទេសសរុបថ្នាក់ជាតិ សម្រេច បាន ៤ ៩៨០ ពាន់លានរៀល (១ ២០៩,៨លានដុល្លារ) ស្មើនឹង ៧៧,៧១ ភាគរយនៃច្បាប់ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ និងការអនុវត្តហិរញ្ញប្បទានក្នុងស្រុកសរុបថ្នាក់ជាតិ សម្រេចបាន ៤ ១៩៧ ពាន់លានរៀល (១ ០១៩,៧៤លានដុល្លារ) ស្មើនឹង ៥៤,២៩ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ ស្របពេលប្រាក់បញ្ញើរដ្ឋាភិបាល សរុបមានប្រមាណ ៤៧ ពាន់លានរៀល (១១,៤២ លានដុល្លារ)»។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែធ្នូថា ទោះបីក្នុងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោក និងតំបន់ កំពុងបន្តជួបនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ ក៏ការអនុវត្តចំណូលចំណាយថ្នាក់ជាតិរបស់រដ្ឋាភិបាលកម្ពុជានៅតែមានភាពល្អប្រសើរ ដែលនេះបញ្ជាក់ពីការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងចំណូលចំណាយ ដើម្បីរក្សាស្ថិរភាពសង្គម និងការអភិវឌ្ឍ។
លោកបានថ្លែងបន្តថា ជាជំហានៗគេសង្កេតឃើញថា ការប្រមូលចំណូលរបស់រដ្ឋាភិបាលកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យគម្លាតដ៏ធំនៃចំណូលចំណាយ កាន់តែខិតជិតគ្នា៕