លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានកម្ពុជា បានជំរុញឱ្យសមាគមភ័ស្តុភារកម្មកម្ពុជា ប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ដើម្បីទូទាត់ការបង់ពន្ធនានា និងអាចដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលទាក់ទិនទៅនឹងការដឹកជញ្ជូន និងនីតិវិធីបំពេញបែបបទឱ្យកាន់តែមានភាពងាយស្រួល។
ការជំរុញនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលនិងជំនួបពិភាក្សាធុរកិច្ច វិស័យភ័ស្តុភារ និងដឹកជញ្ជូនកម្ពុជា កាលពីថ្ងៃទី៨ ខែឆ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ ដែលពិធីនេះ គឺធ្វើឡើងដើម្បីឱ្យអ្នករកស៊ីលើកពីបញ្ហាប្រឈមផ្សេងៗនៅក្នុងវិស័យនេះ ព្រមទាំងទទួលបាននូវការចែករំលែកនូវព័ត៌មានសំខាន់ៗ និងបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំតំណាងឱ្យវិស័យឯកជន ដើម្បីធ្វើយ៉ាងណាសម្របសម្រួលក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន (G-PSF) ដែលមានក្រុមការងារ ផ្នែកដឹកជញ្ជូននិងហេដ្ឋារចនាសម្ព័ន្ធ។
លោក គិត ម៉េង បានមានប្រសាសន៍ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា ដែលជាប្រធានអង្គប្រជុំតំណាងឱ្យប្រទេសកម្ពុជា បានចូលរួមប្រជុំគ្នាជាមួយប្រទេសអាស៊ានទាំង១០ ដើម្បីពិភាក្សានិងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលទាក់ទិនទៅនឹងការដឹកជញ្ជូន និងនីតិវិធីបំពេញបែបបទឱ្យកាន់តែមានភាពងាយស្រួលជាងនេះទៅទៀតនៅក្នុងអាស៊ាន។
លោកបានបញ្ជាក់ថា៖«កិច្ចពិភាក្សានៅពេលនោះ គឺប្រទេសអាស៊ានមួយចំនួនក៏បានធ្វើបទបង្ហាញទាក់ទិនពីបញ្ហានៅក្នុងប្រទេសរបស់គេរៀងៗខ្លួន រីឯយើងក៏បានធ្វើបទបង្ហាញរបស់យើងផងដែរអំពីរបៀបនាំចូលនិងនាំចេញ។ ដោយឡែក អ្វីដែលយើងចង់បាននោះ គឺធ្វើយ៉ាងម៉េចឱ្យមានភាពងាយស្រួលជាងនេះបន្តទៀត គឺការជំរុញការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ជាមធ្យោយបាយទូទាត់ប្រកបដោយប្រសិទ្ធភាព»។
លោកបានបន្ថែមថា៖«ខ្ញុំសូមស្នើឱ្យសមាជិករបស់សភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ដែលបានរកស៊ីនៅក្នុងវិស័យដឹកជញ្ជូនជួបការលំបាកត្រូវលើកពីបញ្ហាប្រឈម និងលើកជាសំណើ ក៏ដូចជា សំណូមពរផ្សេងៗ ដើម្បីខ្ញុំប្រធានយកសំណើទាំងនោះទៅដោះស្រាយបន្តទៀត ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានប្រាប់ឱ្យដឹងបន្ថែមនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះថា សមាគមនិងសភាពាណិជ្ជកម្មកម្ពុជា បានពិភាក្សាគ្នាយ៉ាងលម្អិតទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីពន្លឿងការងារទូទាត់ប្រាក់ និងនីតីវិធីគយ ដែលប្រកបដោយប្រសិទ្ធភាព សុក្រឹត្យភាព និងលឿនរហ័ស។
លោកបានបញ្ជាក់បែបនេះថា៖«នៅក្នុងជំនួបម្សិលមិញនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជំរុញឱ្យកិច្ចការងារផ្សេងៗ ជាពិសេសទាក់ទងនឹងការបញ្ចេញទំនិញពីគយហ្នឹងបានឆាប់រហ័ស ចំណេញពេលវេលា រួមទាំងការផ្តល់ជូននូវប្រព័ន្ធឌីជីថលឆ្លងកាត់ធនាគារ ដែលធ្វើឱ្យយើងបញ្ចេញទំនិញពីគយបានឆាប់»។
លោក បានបន្ថែមថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការផ្តល់នូវប្រព័ន្ធនេះរួចស្រេចហើយ (Pre-arrival System) នៅឡើយតែខាងសមាគម កំពុងរៀបចំជាមួយសមាជិកចុះបញ្ជី ដើម្បីជំរុញធ្វើយ៉ាងណាឱ្យពួកគេប្រើប្រាស់ប្រព័ន្ធនេះប្រកបដោយភាពងាយស្រួល៕