ពិធីបុណ្យ​សមុទ្រ​លើក​ទី​១០ នៅ​ខេត្ត​កែប ដែល​បាន​ប្រារព្ធ​ធ្វើឡើង​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២៣ សម្រេចបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ និង​ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ភ្ញៀវ​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ ខណៈ​រយៈពេល​៣​ថ្ងៃនេះ​ទទួលបាន​ភ្ញៀវទេសចរ​ជាង ២៦​ម៉ឺន​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​អន្តរក្រសួង ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ ស្តីពី​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ លើក​ទី​១០ ក្រោម​ប្រធានបទ «​ទាំងអស់គ្នា​ដើម្បី​ទេសចរណ៍​»​។

សេចក្តីប្រកាស​បញ្ជាក់ថា​៖«​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០២៣ គឺជា​ព្រឹត្តិការណ៍​ធំ​មួយ​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​អស្ចារ្យ​ល្អ​ប្រណីត​ប្រកប ដោយ​ភាព​ទាក់ទាញ​មិន​ធ្លាប់មាន ទាំង​ការរៀបចំ​បដិសណ្ឋារកិច្ច ស្តង់​ពិព័រណ៍ ការរៀបចំ​ពិធី​បើក​-​បិទ ការអុជ​កាំជ្រួច ទស្សនីយភាព​សម្ដែង​សិល្បៈ កម្មវិធី​កម្សាន្ត និង​កម្មវិធី​ចម្រុះ​ជាច្រើន​ទៀត​»​។​ រួមទាំង​សិក្ខាសាលា​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍ និង​ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ ការដាំ​ដើមឈើ​នៅ​ឆ្នេរសមុទ្រ ការបោះ​ជំរំ​កាយ​រិ​ទ្ធ ការ​ជិះ​កង់​កម្សាន្ត ការប្រកួត​កីឡា​គុន​ខ្មែរ កីឡា​ម៉ូតូ​ទឹក កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់ កីឡា​ប៉េតង់ ការ​បង្ហោះ​ខ្លែង ការ​បង្ហោះគោម និង​ការលក់​ម្ហូបអាហារ ទំនិញ​សម្បូរបែប​គ្រប់​ប្រភេទ ក្រោម​ការដឹកនាំ​សម្របសម្រួល​របស់​គណៈ​កម្ម​ការ​អន្តរក្រសួង រៀបចំ​ពិធីបុណ្យ​សមុទ្រ​ដែលមាន​ការសហកា​រយ៉ា​ង​ល្អ​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាលខេត្ត​កែប សហភាព​សហព័ន្ធ យុវជន​កម្ពុជា វិស័យ​ឯកជន និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

ដោយឡែក ស្តង់​ពិព័រណ៍​នៅក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នេះ មានការ​ចូលរួម​ដ៏​ផុលផុស​ពី​ផ្នែក​ឯកជន រួមទាំង​ការផ្តល់ជូន​កន្លែង​ជួល​ដោយ​មិន​គិតថ្លៃ​ចំពោះ​អាជ្ញាធរ​ជាតិ​នានា ស្ត្រី​មេម៉ាយ អតីតយុទ្ធជន មាន​ចំនួន​រហូតដល់​៦០០​ស្តង់ ដែលជា​ចំនួន​ច្រើន​លើសលប់​មួយ បំបែក​ឯតទគ្គ​កម្ម ពិធីបុណ្យ​សមុទ្រ​នាពេល​កន្លងមក​។

ប្រភព​ដដែល​បន្តថា​៖«​ជាការ​កត់សម្គាល់ ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ ឆ្នាំ​២០២៣​នេះ មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ទាក់ទាញ ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត​តំបន់ឆ្នេរ និង​ការថែរក្សា​ធនធានធម្មជាតិ​ជីវៈចម្រុះ ស្របតាម​គោលការណ៍ «​ស្អាត និង​បៃតង​»​ដើម្បី​និរន្តរភាព​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​ក៏បាន​ក្លាយជា​ឱកាស​ដ៏​មានតម្លៃ​មួយ​នៃ​ជំនួប​ផ្ទាល់​រវាង​ថ្នាក់ដឹកនាំ​ឥស្សរជន​ជាន់ខ្ពស់ រដ្ឋមន្ត្រី អភិបាលខេត្ត ផ្នែក​ឯកជន និង​ប្រជាពលរដ្ឋ​ទូទៅ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​-​បើក នា​ពិធីបុណ្យ​សមុទ្រ​នេះ បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការរៀបចំ ពិធីបុណ្យ​សមុទ្រ​នេះ ដែលមាន​អ្នកចូលរួម​ប្រមាណ​ជា ២៦៦ ៤១៧ នាក់ ក្នុង​រយៈពេល​បី​ថ្ងៃនេះ​។ លោក​ក៏បាន​ផ្ដល់នូវ​អនុសាសន៍​មួយចំនួន​សម្រាប់​ក្រសួង​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​អនុវត្ត​រួមមាន បន្ត​ថែរក្សា​បរិយាកាស សុខសន្តិភាព ឱ្យបាន​ពាសពេញ​ផ្ទៃ​ប្រទេស និង​ស្នើ​អាជ្ញាធរខេត្ត តំបន់ឆ្នេរ​សមុទ្រ​ទាំង​៤ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​៤​រួមគ្នា​រក្សា ឱ្យបាន​នូវ​កិត្តិនាម​ជា​សមាជិក​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ឱ្យ​ស័ក្តិ​សមជា​កិត្តិនាម​«​តារា​រះ​នា​ទិសនិរតី​»​។

ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បន្ត​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​តំបន់ឆ្នេរ ជាពិសេស​ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍ ការតភ្ជាប់​ត្រូវ​ពង្រីក​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ កា​រត​ភា្ជ​ប់​តាម​ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ទេសចរ​ធ្វើដំណើរ​ផ្ទៃក្នុង​ប្រទេស​ពី​តំបន់​ប្រាសាទ និង​តំបន់​ទេសចរណ៍​ផ្សេងៗ​ទៀត​មកកាន់​តំបន់ឆ្នេរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏​ជំ​រុញឱ្យ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​នៅ​តំបន់​ទេសចរណ៍​ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ថែរក្សា សន្តិសុខ និង​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​នៅ​គ្រប់​គោលដៅ​ទេសចរណ៍ និង​មិនត្រូវ​ធ្វើឱ្យ​តំបន់​គោលដៅ​ទេសចរណ៍​ទាំងនេះ រួមទាំង​តំបន់ឆ្នេរ​សមុទ្រ​ក្លាយជា​តំបន់​ជ្រកកោន​នៃ​ការប្រើប្រាស់​គ្រឿងញៀន ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ឡើយ​៕