ភ្នំពេញៈ ចំនួនទឹកប្រាក់ដែលកម្ពុជាទទួលបានពីការនាំចេញទំនិញទៅប្រទេសវៀតណាម បានកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្តែងក្នុងរយៈពេល ១១ ខែដើមឆ្នាំ២០២៣ ការនាំទំនិញទៅវៀតណាមសម្រេចបានក្នុងទឹកប្រាក់ជាង ២,៦ ពាន់លានដុល្លារ ខណៈពាណិជ្ជកម្មទ្វេភាគីមានជិត ៦ ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញអន្តរជាតិរបស់ GDCE បង្ហាញថា ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារវៀតណាម ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ ២០២៣ មានទឹកប្រាក់ ២,៦១ ពាន់លានដុល្លារ កើន ៣៧,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ចំណែកទំនិញដែលវៀតណាមនាំមកកម្ពុជាវិញមានចំនួន ៣,២៧ ពាន់លានដុល្លារ ថយចុះ ៩,៧ ភាគរយ។ ផ្អែកតាម GDCE ទឹកប្រាក់នាំចេញ-នាំចូលទំនិញប្រទេសទាំង ២ មានចំនួន ៥,៨៨ ពាន់លានដុល្លារកើន ៦,៦ ភាគរយ។
វៀតណាមនៅលេខរៀងទី៣ ជាប្រទេសមានទឹកប្រាក់នាំចេញ-នាំចូលទំនិញជាមួយកម្ពុជាច្រើនជាងគេបន្ទាប់ពីចិន និងអាមេរិក។ បើពិនិត្យលើស្ថានភាពជញ្ជីងពាណិជ្ជកម្ម គឺកម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្ម ៦៥៥,០៥ លានដុល្លារ ដែលជាចំនួនល្អប្រសើរច្រើនធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានរហូតដល់ ១,៧២ ពាន់លានដុល្លារ។
GDCE ឱ្យដឹងទៀតថា សម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ មានសរុប ៦០០,៨៣ លានដុល្លារ កើន ១៧,៧៧ ភាគរយ ដោយកម្ពុជានាំទៅវៀតណាម ៣៤៩,៨១ លានដុល្លារ កើន ៥១,៩ ភាគរយ និងវៀតណាមនាំចូល ២៥១ លានដុល្លារ ធ្លាក់ចុះ ១០,៣ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ថា ការកើនឡើងសមត្ថភាពផលិតកម្មក្នុងស្រុក ពិសេសទិន្នផលកសិកម្ម បានជួយឱ្យការនាំចេញរបស់កម្ពុជាទៅវៀតណាម កើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មូលហេតុដែលភាគច្រើននៃទំនិញកម្ពុជានាំចេញទៅវៀតណាមជាផលិតផលកសិកម្ម គឺដោយសារកម្ពុជានៅមានបញ្ហាប្រឈមច្រើនទាក់ទងនឹងសមត្ថភាពឃ្លាំងស្តុក ឡសម្ងួត ថវិកា និងជាពិសេសកង្វះខាតរោងចក្រកែច្នៃ។ លោកបន្តថា ម្យ៉ាងទៀតប្រទេសវៀតណាម ក៏ជាច្រកសំខាន់សម្រាប់ការនាំទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិផ្សេងៗទៀតផងដែរ។
លោកបន្ថែមថា៖ «ក្នុងនាមជាប្រទេសមានព្រំដែនជាប់គ្នា និងមានទំនាក់ទំនងការទូតល្អ គឺការធ្វើពាណិជ្ជកម្មរវាងប្រជាជនប្រទេសទាំង ២ ប្រាកដជាកើនខ្ពស់ថែមទៀត ជាពិសេសការនាំចេញផលិតផលកសិកម្មពីកម្ពុជា»។
បើតាមលោក លឹម ហេង ផលិតផលសំខាន់ៗដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ, កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិ ចំណែកវៀតណាមនាំមកកម្ពុជា គឺសម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក អគ្គិសនី ជីកសិកម្ម និងគ្រឿងទេស ជាដើម។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បាននិយាយថា ចរាចរណ៍ទំនិញ និងមនុស្សរវាងប្រទេសទាំង ២ បានបង្ហាញភាពពីកំណើនជាបន្តបន្ទាប់ ហើយវានឹងមានសម្ទុះខ្លាំងថែមទៀតនៅពេលផ្លូវល្បឿនលឿនរវាងភ្នំពេញ-បាវិត (ព្រំដែនវៀតណាម) បើកដំណើរការ។
លោកអះអាងថា៖«ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបានចូលរួមចំណែកយ៉ាងច្រើនក្នុងការបើកឱកាសឱ្យការផ្លាស់ប្តូរទំនិញ និងភ្ញៀវទេសចរប្រទេសទាំង ២ បោះជំហានទៅមុខកាន់តែលឿន។ ខ្ញុំជឿថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងកើនឡើងកាន់តែខ្ពស់នាពេលអនាគត»។
ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦,១៣ ពាន់លានដុល្លារ កើន ១៩,៦ ភាគរយធៀបឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទំនិញទៅវៀតណាម ២,១៧ ពាន់លានដុល្លារ កើន ៩,២ ភាគរយ និងវៀតណាមនាំចូលវិញ ៣,៩៧ ពាន់លានដុល្លារ កើន ២៦,២ ភាគរយ។ នេះបើយោងតាម GDCE៕