ភ្នំពេញៈ ភ្ញៀវបរទេសចំនួនជិត ៨០ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆ្នាំ ២០២៣ ដែលជួយឱ្យគ្រឹះស្ថានអង្គរ រកចំណូលពីការលក់សំបុត្របានជាង ៣៧ លានដុល្លារ កើនឡើង ២២២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ នេះបើយោងតាមគ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលបានបង្កើតឡើងកាលពីឆ្នាំ ២០១៦ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងទេសចរណ៍ និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងសំបុត្រទូកកំពង់ផែចុងឃ្នៀស។ សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ ប្រភេទ គឺសំបុត្រចូលទស្សនា ១ ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ ថ្ងៃតម្លៃ ៦២ ដុល្លារ និង ៧ ថ្ងៃ មានតម្លៃ ៧២ ដុល្លារ។
សេចក្តីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ ចេញផ្សាយកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ឱ្យដឹងថា ចាប់ពីខែមករា-ខែធ្នូ ឆ្នាំ ២០២៣ មានភ្ញៀវបរទេសចំនួន ៧៩៨ ០៦៩ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ១៧៧,៦៣ ភាគរយបើធៀបឆ្នាំ ២០២២ ចំណែកប្រាក់ភ្ញៀវដែលប្រមូលបានពីការលក់សំបុត្រមានសរុប ៣៧ ១៩៨ ៩៨៨ ដុល្លារ កើន ២២២,៦៨ ភាគរយ។
បើតាមសេចក្តីប្រកាសព័ត៌មាន ក្រៅពីចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏រកបានប្រាក់ ២២២ ០៩០ ដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសទស្សនាតំបន់ប្រាសាទកោះកេរចំនួន ១៤ ៨០៦ នាក់, និងប្រាក់ចំនួន ៥៦៤ ៦៧១ ដុល្លារពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀសផងដែរ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចំនួនភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកកម្សាន្តនៅកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
កំណើននេះ គឺដោយសារកត្តារួមផ្សំមួយចំនួនដូចជា ការបិទបញ្ចប់ស្ទើរទាំងស្រុងពីក្តីបារម្ភពីការឆ្លងរាលដាលកូវីដ ១៩, ការបើកដំណើរកាន់តែច្រើនរបស់ជើងហោះហើរអន្តរជាតិត្រង់មកកម្ពុជា, ការរៀបចំព្រឹត្តិការណ៍ផ្សេងៗក្នុងស្រុក,ការផ្សព្វផ្សាយពីវិស័យទេសចរណ៍ត្រូវបានធ្វើឡើងកាន់តែទូលំទូលាយ និងមានភាពទាក់ទាញជាងមុន។ លោកស្រីប្រាប់ទៀតថា សម្រាប់ភ្ញៀវបរទេសដែលមកកម្សាន្តនៅកម្ពុជាភាគច្រើនគឺមកពីប្រទេសជិតខាង និងក្នុងតំបន់អាស៊ី។
លោកស្រីថ្លែងថា៖ «ចំនួនភ្ញៀវបរទេសដែលមកកម្ពុជា គឺបង្ហាញពីការងើបឡើងវិញជាបណ្តើរៗហើយ ខណៈបច្ចុប្បន្នទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងផ្នែកឯកជនកំពុងខិតខំយ៉ាងខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យចូលមកកម្ពុជាកាន់តែច្រើន»។
លោកស្រីបន្តថា ការកសាងព្រលានយន្តហោះថ្មី និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អ ក៏ជាចំណែកក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើនដែរ។
លោក អនហេង សុភ័ក្រ ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា (ខេត្តសៀមរាប) បានប្រាប់ថា សម្រាប់ឆ្នាំ ២០២៣ កន្លងមក ភ្ញៀវទេសចរបរទេសមកកម្ពុជាគឺពិតជាកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៤ លោកពុំទាន់ហ៊ានសន្និដ្ឋានបែបណាទេ។
លោកថ្លែងថា៖ «សម្រាប់ឆ្នាំ ២០២៤ យើងពុំទាន់ដឹងថា តើនឹងមានការកើនឡើងកម្រិតណាទេ ប៉ុន្តែយើងមានសុទិដ្ឋិនិយមថា វាអាចនឹងមានការកើនឡើងច្រើនជាងឆ្នាំ ២០២៣ ជាពិសេសភ្ញៀវទេសចរចិន ព្រោះឆ្នាំ ២០២៤ គឺជាឆ្នាំផ្លាស់ប្ដូរវប្បធម៌ និងប្រជាជនកម្ពុជា-ចិនដែលថ្នាក់ដឹកនាំប្រទេសទាំង ២ បានកំណត់យក ហើយនឹងមានការជំរុញផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន»។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានលើកឡើងថា បើនិយាយពីចំនួនភ្ញៀវទេសចរបរទេសមកកម្សាន្តនៅតាមប្រាសាទបុរាណក្នុងខេត្តសៀមរាប គឺកើនឡើងច្រើនធៀបនឹងរយៈពេល ២-៣ ឆ្នាំមុន ប៉ុន្តែបើធៀបនឹងមុនការផ្ទុះកូវីដ ១៩ (ឆ្នាំ២០១៩) គឺនៅមានចំនួនតិចតួចនៅឡើយ។ ឆ្នាំ ២០២៣ គេអាចចាត់ទុកជាពេលនៃការងើបចេញពីវិបត្តិរបស់វិស័យទេសចរណ៍ពិភពលោក រួមទាំងប្រទេសកម្ពុជា។
លោកបន្ថែមថា ទោះក្នុងឆ្នាំ ២០២៤ នេះវិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងមានភាពល្អប្រសើរធៀបឆ្នាំ ២០២៣ ប៉ុន្តែក៏ទាមទារឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំរួមគ្នាទាំងការបម្រើសេវា តម្លៃ និងការបង្កើតឱ្យមានទីតាំងសម្រាប់កម្សាន្ត និងលក់ផលិតផលអនុស្សាវរីយ៍ដែលមានគុណភាព ជាដើម។ សកម្មភាពទាំងអស់នេះ គឺមិនគ្រាន់តែទាក់ទាញភ្ញៀវឱ្យមកកម្សាន្តកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យពួកគេស្នាក់នៅកម្ពុជាបានកាន់តែយូរផងដែរ។
លោកបញ្ជាក់ថា៖ «ការខិតខំរួមគ្នារវាងរដ្ឋាភិបាល និងផ្នែកឯកជន គឺពិតជាមានភាពចាំបាច់ក្នុងការទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវបរទេសចូលមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន»។
ឆ្នាំ ២០២២ គ្រឹះស្ថានអង្គររកចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេសបាន ១១,៧៨ លានដុល្លារ ក្នុងនោះចំណូលពីរមណីយដ្ឋានអង្គរ ១១,៥៣ លានដុល្លារ, ប្រាសាទកោះកេរ ៩០ ៤៥០ ដុល្លារ និងកំពង់ផែចុងឃ្នៀស ១៦៥ ៣០៨ ដុល្លារ។ ជាមួយនឹងកំណត់ត្រាទេសចរបរទេសច្រើនបំផុតនៅក្នុងឆ្នាំ ២០១៩ ដែលមានជាង ៦,៦ លាននាក់ គឺគ្រឹះស្ថានអង្គររកចំណូលបានជាង ៨០,៧ លានដុល្លារ៕