ភ្នំពេញៈ ម្រេចប្រមាណជាង ៦ ពាន់តោន ត្រូវបានកម្ពុជានាំចេញទៅលក់នៅទីផ្សារក្រៅប្រទេសក្នុងឆ្នាំ ២០២៣ ធ្លាក់ចុះជិត ២៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈអ្នកនៅក្នុងផលិតកម្មម្រេចអះអាងថា ការធ្លាក់ចុះនេះដោយសារប្រជាកសិកម្ម និងម្ចាស់ចម្ការម្រេចមួយចំនួនមិនបញ្ចេញលក់ ព្រោះតម្លៃទាប។
របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលសរុប ៨ ៤៤៩ ៤១៤,៣៦ តោន ធ្លាក់ចុះ ១,៩ ភាគរយបើធៀបនឹងឆ្នាំ២០២២ ក្នុងនោះការនាំចេញម្រេចមានចំនួន ៦ ១៥២,៨៣តោន ធ្លាក់ចុះ ២៦,៧៦ ភាគរយ។
ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា លោក ម៉ាក នី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១០ ខែមករា ថា វិបត្តិសេដ្ឋកិច្ចសកលបានធ្វើឱ្យការបញ្ជាទិញទំនិញពីទីផ្សារអន្តរជាតិធ្លាក់ចុះភាគច្រើន ក្នុងនោះក៏មានផលិតផលម្រេចផងដែរ។ សម្រាប់មូលហេតុ ដែលនាំឱ្យបរិមាណម្រេចនាំចេញក្នុងឆ្នាំ២០២៣ ធ្លាក់ចុះ គឺដោយសារតែតម្លៃម្រេចនៅទីផ្សារអន្តរជាតិចុះទាប។ លោកបន្តថា តម្លៃទាបបានជំរុញឱ្យកសិករ និងម្ចាស់ចម្ការម្រេចមួយចំនួនសម្រេចរក្សាទុកម្រេចមួយរយៈសិនដើម្បីរង់ចាំឱ្យតម្លៃកើនឡើងវិញ។ នៅពេលកសិករ និងម្ចាស់ចម្ការ មិនបញ្ចេញលក់ ការប្រមូលទិញរបស់ឈ្មួញដើម្បីនាំចេញក៏ស្រុតចុះតាមនោះដែរ។
បើតាមលោក ម៉ាក នី ក្នុងឆ្នាំ២០២៣ ម្រេចធម្មតាមានតម្លៃជាមធ្យមក្នុងរង្វង់ ១២ ០០០ រៀល ក្នុង ១ គីឡូក្រាម ធ្លាក់ចុះពីប្រហែល ១៤ ០០០ រៀល ក្នុងឆ្នាំ២០២២ ប៉ុន្តែចាប់ពីចុងឆ្នាំ២០២៣ មកតម្លៃម្រេចនៅទីផ្សារកម្ពុជា បានចាប់ផ្តើមកើនឡើងវិញបណ្តើរហើយ។
លោកបានថ្លែងថា៖«ការនាំចេញធ្លាក់ចុះ គឺមិនមែនដោយសារទិន្នផលម្រេចធ្លាក់ចុះនោះទេ ប៉ុន្តែដោយសារតម្លៃដែលឈ្មួញប្រមូលទិញទាបជាងឆ្នាំ២០២២។ សម្រាប់ឆ្នាំ២០២៤ នេះយើងមានសុទិដ្ឋិនិយមថា តម្លៃម្រេចនៅទីផ្សារអន្តរជាតិនឹងកើនឡើងវិញ ហើយការនាំចេញក៏នឹងមានសម្ទុះឡើងច្រើនដែរ»។
បើតាមលោក ម៉ាក នី ប្រទេសវៀតណាម គឺជាអតិថិជនធំទី១ របស់កម្ពុជាដែលតែងមកប្រមូលទិញម្រេចជារៀងរាល់ឆ្នាំ ដោយអាចគ្របដណ្តប់ជាង ៨០ភាគរយ(លើកលែងម្រេចកំពត-កែប ដែលជាផលិតផល GI) នៃការនាំចេញសរុបរបស់កម្ពុជា។
កាលពីដើមឆ្នាំ២០២៣ ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ធ្លាប់បាននិយាយថា ជាទូទៅកម្ពុជាអាចផលិតម្រេច(ធម្មតា) បានក្នុងរង្វង់ ១,៧ ទៅ ២ ម៉ឺនតោនក្នុង ១ ឆ្នាំ លើផ្ទៃដីដាំម្រេចសរុបជិត ៧០០០ ហិកតា តែបច្ចុប្បន្នបានថយចុះប្រមាណពី ១០ ទៅ ២០ ភាគរយ។ លោកអះអាងថា ការដាំដុះម្រេចគឺភាគច្រើនសម្រាប់បំពេញតម្រូវការនាំចេញប៉ុណ្ណោះ ដោយសារការប្រើប្រាស់ម្រេចក្នុងស្រុកមានតិចតួចគឺប្រមាណ៥-៧ភាគរយប៉ុណ្ណោះក្នុង១ឆ្នាំ។
ចំណែកប្រធានសមាគមម្រេចលើកកម្ពស់កំពត លោក ងួន ឡាយ បានឱ្យដឹងថា ទោះបីការនាំចេញម្រេចធម្មតាបានធ្លាក់ចុះ ប៉ុន្តែសម្រាប់ម្រេចកំពតដែលជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ(GI) គឺរក្សានៅក្នុងរង្វង់ប្រហែល ១០០តោនជារាល់ឆ្នាំ។ មូលហេតុដែលម្រេចកំពតមិនជួបបញ្ហាទីផ្សារ គឺដោយសារម្រេចកំពតមានគុណភាពស្តង់ដា និងមានការចុះបញ្ជីទទួលស្គាល់គុណភាពច្បាស់លាស់ពីអាជ្ញាធរ។ ភាគច្រើននៃម្រេចកំពត គឺត្រូវបានក្រុមហ៊ុននាំចេញធ្វើកិច្ចសន្យាទិញ នៅមុនពេលប្រមូលផលជារៀងរាល់ឆ្នាំ។
លោកបបញ្ជាក់ថា៖«ទិន្នន័យដែលថាការនាំចេញម្រេចក្នុងឆ្នាំ២០២៣ ធ្លាក់ចុះ គឺកើតមានសម្រាប់ម្រេចធម្មតាប៉ុណ្ណោះ ដោយឡែកសម្រាប់ម្រេចកំពតការនាំចេញគឺមានដំណើរការទៅមុខធម្មតា»។
បើតាមលោក ងួន ឡាយ ចាប់តាំងពីឆ្នាំ២០១៥ មកតម្លៃម្រេចកំពត(GI) មិនប្រែប្រួលឡើយ ដោយម្រេចខ្មៅ មានតម្លៃមធ្យម ១៥ដុល្លារក្នុង ១គីឡូក្រាម, ម្រេចក្រហម ២៥ដុល្លារ និងម្រេចស ២៨ដុល្លារ។ តាមការប៉ាន់ស្មានទិន្នផលម្រេចដែលប្រមូលបានក្នុង ១ ឆ្នាំ គឺក្នុងរង្វង់ប្រហែល ១០០ តោន។
បើតាមលោក ងួន ឡាយ ប្រសិនបើអាកាសធាតុអំណោយផល ក្នុង ១ ឆ្នាំ ដី ១ ហិកតា (ដាំបានប្រហែល ២ ៥០០ ដើម) គេអាចប្រមូលផលម្រេចកំពតបានប្រហែល ១ ៥០០គីឡូក្រាម។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសកម្ពុជា មានខេត្តចំនួន១៨ ដែលមានការដាំដុះម្រេច នៅក្នុងនោះខេត្ត ដែលសម្បូរការដាំដុះម្រេចច្រើនដែរ មាន ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ត្បូងឃ្មុំ និងខេត្តកំពត។ កម្ពុជា ក៏បាននាំចេញម្រេចទៅកាន់ប្រទេសមួយចំនួនផងដែរដូចជា វៀតណាម អាល្លឺម៉ង់ ថៃ បារាំង ឥណ្ឌា បែលហ្ស៊ិក កោះតៃវ៉ាន់ សាធារណរដ្ឋឆែក ប៉ូឡូញ ជប៉ុន រុស្សី កូរ៉េ សិង្ហបុរី និងបណ្តាប្រទេសមួយចំនួន