ភ្នំពេញៈ កម្ពុជា និងថៃ បានបន្តប្តេជ្ញាជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសជិតខាងអាស៊ានទាំង ២ ឱ្យកាន់តែមានលក្ខណៈល្អប្រសើរមួយកម្រិតទៀត ខណៈអតីតមេដឹកនាំប្រទេសទាំង ២ សន្យានឹងសម្រេចឱ្យបានធ្វើពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ ពាន់លានដុល្លារ នារយៈពេលដ៏ខ្លីខាងមុខ។
ក្នុងជំនួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព កាលពីថ្ងៃទី ១០ ខែមករា លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា បានទទួលស្គាល់ពីការរីកចម្រើននៃការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជិតខាងទាំង ២ ខណៈជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏កាន់តែរីកចម្រើនផងដែរ។
លោក Cherdkiat បានឱ្យដឹងថា៖ «ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មេដឹកនាំនៃប្រទេសទាំង ២ នាពេលនេះ ទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងប្រជាជន មានភាពរឹងមាំ និងជិតស្និទ្ធកាន់តែខ្លាំង»។
លោកក៏បានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជាចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ កាលពីខែកញ្ញា ឆ្នាំ ២០២៣ ហើយភាគីថៃក៏កំពុងរង់ចាំស្វាគមន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសថៃនាពេលឆាប់ៗនេះដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរផងដែរចំពោះការធ្វើឱ្យប្រសើរឡើងដ៏ល្អនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ កាន់តែរីកចម្រើន និងរឹងមាំ។ លោកក៏បានចង្អុលបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសក្តានុពលផ្សេងទៀត រួមមានពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
អតីតនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា បានសន្យាថា នឹងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ១៥ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ តាមរយៈការសម្របសម្រួលការដោះដូរពាណិជ្ជកម្មឆ្លងព្រំដែន និងជំរុញលំហូរនៃការវិនិយោគរវាងគ្នា និងគ្នា។
លោក សរ សារិន អនុប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងបាងកកបានប្រាប់ភ្នំពេញប៉ុស្ដិ៍នាពេលថ្មីៗនេះថា ប្រទេសថៃនៅតែជាដៃគូពាណិជ្ជកម្មឈានមុខគេមួយរបស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក និងវៀតណាម។
លោករំពឹងថា នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសទាំង ២ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នារួចហើយ នឹងជួយបង្កើនទំនុកចិត្តដល់វិនិយោគិនកម្ពុជា និងថៃបន្ថែមទៀត។
លោកថ្លែងថា៖ «យើងជឿថា ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២ អាចពង្រីកបន្ថែមទៀត ដោយសារទំនាក់ទំនងដ៏ល្អរវាងមេដឹកនាំ។ ការណ៍នេះមានសារៈសំខាន់ណាស់សម្រាប់វិនិយោគិន។
លោកស្រី Jiranun Wongmonkol ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា (TBCC) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រុមហ៊ុនថៃជាច្រើនដូចជា Big C នឹងសង់ផ្សារទំនើប Big C នៅភ្នំពេញ បន្ទាប់ពីបញ្ចប់ការសាងសង់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកស្រីថ្លែងថា៖ «នៅពេលក្រុមហ៊ុនធំៗរបស់ថៃ រួមមាន CP Group និង GTC Group ពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា វានឹងជំរុញឱ្យអាជីវកម្មផ្សេងទៀត ពិសេសសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសថៃ ពិចារណាចូលមកកម្ពុជាដែរ។ ខ្ញុំជឿថា រដ្ឋាភិបាលថ្មីនឹងធានាថាពាណិជ្ជកម្មទ្វេភាគីនឹងសម្រេចបាន ១៥ ពាន់លានដុល្លារក្នុងពេលឆាប់ៗ។ នេះជាការសន្យាដែលបានធ្វើឡើងដោយអតីតនាយករដ្ឋមន្ត្រី»។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ក្នុងរយៈពេល ៣ ត្រីមាស ឆ្នាំ ២០២៣ មានទឹកប្រាក់ជាង ២,៨ ពាន់លានដុល្លារធ្លាក់ចុះជិត ១៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២៕