ភ្នំពេញៈ បើទោះបីចរន្តនៃការធ្វើពាណិជ្ជកម្មនៅទូទាំងពិភពលោកកាលពីឆ្នាំ ២០២៣ បានជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ដែលបណ្តាលមកពីវិបត្តិនៃជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសមួយចំនួន ក៏សមត្ថភាពនៃកម្លាំងនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមិនបានធ្លាក់ចុះឡើយ ដោយសម្រេចបានក្នុងទឹកប្រាក់ជាង ២២ ពាន់លានដុល្លារ កើនឡើងតិចតួចបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅក្នុងថ្ងៃទី ១០ ខែមករា ឆ្នាំកម្ពុជានាំចេញទំនិញមានទឹកប្រាក់ជាង ២០ ពាន់លានដុល្លារ ២០២៤ ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ កម្ពុជាប្រមូលបានប្រាក់ជាង ២២,៦៥ ពាន់លានដុល្លារពីការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ កើនឡើង ១,៨ ភាគរយ ពីចំនួន ២២,២៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២។ ទន្ទឹមនឹងការនាំចេញនេះ កម្ពុជាក៏បាននាំចូលទំនិញពីក្រៅប្រទេសក្នុងទឹកប្រាក់ ២៤,១៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៥ ភាគរយ ពីចំនួន ២៥,៤៦ ពាន់លានដុល្លារ។
ផ្អែកតាមទិន្នន័យខាងលើ គឺពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ ២០២៣ មានទឹកប្រាក់សរុប ៤៦,៨៣ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៩ ភាគរយបើធៀបឆ្នាំ ២០២២។ ចំនួនទឹកប្រាក់នាំចេញ-នាំចូលទំនិញនេះបានធ្វើឱ្យជញ្ជីងពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ ២០២៣ មានឱនភាពប្រមាណ ១,៥៤ ពាន់លានដុល្លារ ប៉ុន្តែវាមានភាពល្អប្រសើរជាងឆ្នាំ ២០២២ ដែលឱនភាពមានរហូតដល់ ៣,២១ ពាន់លានដុល្លារ។ ប្រទេសដែលធ្វើពាណិជ្ជកម្មទ្វេភាគីសំខាន់ៗមានដូចជា ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី និងអាល្លឺម៉ង់ ជាដើម។
GDCE បានឱ្យដឹងទៀតថា សម្រាប់ពាណិជ្ជកម្មអន្តរជាតិក្នុងខែធ្នូ ឆ្នាំ ២០២៣ គឺមានទឹកប្រាក់សរុប ៤,៣៣ ពាន់លានដុល្លារ កើន ២,៩៨ ភាគរយ។ ទំនិញកម្ពុជានាំទៅទីផ្សារអន្តរជាតិមានចំនួន ២,១៥ ពាន់លានដុល្លារ កើន ៧,១ ភាគរយ និងនាំចូល ២,១៧៣ ពាន់លានដុល្លារ ធ្លាក់ចុះ ០,៨ ភាគរយ។
អ្នកជំនួញមានសុទិដ្ឋិនិយមថា ការនាំចេញរបស់កម្ពុជានឹងមានសម្ទុះកាន់តែខ្លាំងក្នុងឆ្នាំ ២០២៤ នេះអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែមករា ថា កំណើនទឹកប្រាក់នាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងអំឡុងពេលកំណើនសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ គឺជាសញ្ញាដ៏ល្អសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។
ភាពវិជ្ជមាននេះកើតចេញពីកត្តារួមផ្សំជាច្រើន ប៉ុន្តែអ្វីដែលពិសេសជាងគេនោះ គឺកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី និងប្រព័ន្ធអនុគ្រោះពន្ធនាំចូលទៅទីផ្សារប្រទេសធំៗជាច្រើនលើពិភពលោក។
លោកបន្តថា ក្នុងឆ្នាំ ២០២៤ ការនាំចេញទំនិញនឹងមានអត្រាកំណើនខ្ពស់ជាងឆ្នាំ ២០២៣ ព្រោះមួយរយៈចុងក្រោយនេះគេឃើញមានគម្រោងវិនិយោគចម្រុះវិស័យជាច្រើនត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យបើកដំណើរការ។
លោកថ្លែងថា៖ «ខ្ញុំជឿថា ទឹកប្រាក់នាំចេញរបស់កម្ពុជាក្នុងឆ្នាំ ២០២៤ នឹងកើនខ្ពស់ជាងឆ្នាំ ២០២៣ ហើយផលិតផលកម្ពុជានាំចេញនឹងមានលក្ខណៈចម្រុះជាងមុន គឺមិនមែនភាគច្រើនក្នុងវិស័យវាយនភណ្ឌនោះទេ ដោយមានទាំងគ្រឿងបង្គុំអេឡិចត្រូនិកអគ្គិសនី កសិផលស្រស់ និងកែច្នៃ»។
លោកបន្ថែមថា នៅពេលកម្ពុជាអាចមានសមត្ថភាពនាំចេញផលិតផលចម្រុះកាន់តែច្រើន និងមានទីផ្សារទទួលទិញច្រើន វានឹងជួយឱ្យខឿនសេដ្ឋកិច្ចជាតិរឹតតែរឹងមាំ ព្រោះមិនសូវពឹងលើប្រទេសតែ ២-៣ និងប្រភេទផលិតផលប៉ុន្មានមុខដូចមុន។
ទាក់ទងនឹងការធ្លាក់ចុះទឹកប្រាក់នាំចូលទំនិញពីទីផ្សារអន្តរជាតិ លោក លឹម ហេង អះអាងថា ដោយសារតែការកើនឡើងនៃសមត្ថភាពផលិតកម្មក្នុងស្រុកដែលអាចឆ្លើយតបនឹងតម្រូវការ ព្រមទាំងការស្ថិតនៅទ្រឹងនៃវិស័យសំណង់ ដែលនាំឱ្យបាននាំចូលសម្ភារសំណង់ធ្លាក់ចុះមួយកម្រិត។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាបានប្រាប់ថា ទោះបីទឹកប្រាក់នាំចេញផលិតផលស្បែកជើង និងវត្ថុប្រហាក់ប្រហែល ក្នុងឆ្នាំ ២០២៣ បានធ្លាក់ចុះដែលបណ្តាលវិបត្តិនានាលើពិភពលោក ប៉ុន្តែលោកមានជំនឿថា ការនាំចេញផលិតផលទាំងអស់នេះនឹងមានភាពប្រសើរវិញក្នុងឆ្នាំ ២០២៤។ ដោយសារវិស័យទេសចរណ៍អន្តរជាតិចាប់ផ្តើមងើបឡើងវិញ ដូច្នេះតម្រូវការស្បែកជើង និងស្រោមជើង ក៏នឹងកើនឡើងដែរ ស្របពេលស្បែកជើងនៅក្នុងឃ្លាំងស្តុកកន្លងមក ក៏ត្រូវបានក្រុមហ៊ុនបញ្ជាទិញបញ្ចេញលក់ទៅលើទីផ្សារជិតអស់ច្រើនហើយដែរ។
លោកថ្លែងថា៖ «សម្រាប់ឆ្នាំ ២០២៤ នេះ តាមការវិភាគរបស់ក្រុមអ្នកជំនាញនៃសមាគមស្បែកជើងកម្ពុជា គឺការនាំចេញស្បែកជើង ស្រោមជើង និងវត្ថុប្រហាក់ប្រហែល អាចនឹងល្អប្រសើរជាងឆ្នាំមុន ព្រោះតាមព័ត៌មានគឺសម្ទុះនៃការលក់ស្បែកជើងរបស់ក្រុមហ៊ុនបញ្ជាទិញពីកម្ពុជា នារយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ ២០២៣ រហូតដល់ពេលនេះគឺមានភាពល្អប្រសើរ»។
ឱនភាពនៃជញ្ជីងពាណិជ្ជកម្ម នឹងត្រូវបន្តកាត់បន្ថយជាលំដាប់
សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា កំណើនផលិតកម្មក្នុងស្រុកកំពុងរុញឱ្យកម្ពុជាក្លាយជាទីតាំងផ្គត់ផ្គត់ទំនិញឱ្យទីផ្សារអន្តរជាតិកាន់តែច្រើន ហើយជញ្ជីងពាណិជ្ជកម្មអន្តរជាតិដែលពីមុនមានឱនភាពខ្លាំងនោះ នឹងអាចឈានទៅមានឧត្តមភាពវិញនាពេលអនាគតឆាប់ៗ។ គោលនយោបាយបើកចំហ លក្ខខណ្ឌអំណោយផលក្នុងស្រុក និងមានទីផ្សារនាំចេញទៅប្រទេសជាច្រើនក្រោមលក្ខខណ្ឌពន្ធ កំពុងរុញឱ្យសេដ្ឋកិច្ចកម្ពុជាបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ ពិសេសក្នុងពេលដែលពិភពលោកកំពុងជួបនឹងបញ្ហាជាច្រើនដូចពេលនេះ។
លោកប្រាប់ថា៖ «ការបណ្តាក់ទុនថ្មីៗនឹងជួយឱ្យការនាំចេញរបស់កម្ពុជាកើនឡើង ហើយគម្លាតឱនភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានឹងបន្តធ្លាក់ចុះបន្ថែមទៀតក្នុងឆ្នាំនេះ»។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងឆ្នាំ ២០២៣ ខ្លួនបានអនុម័តគម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន ២១ ដែលក្នុងនោះគម្រោងវិនិយោគ ៧១ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងទាំងនេះមានទុនវិនិយោគសរុបជិត ៤,៩ ពាន់លានដុល្លារ និងបង្កើតការងារជាង ៣០ ម៉ឺនកន្លែង៕