ភ្នំពេញៈ ភាពរដាក់រដុបនៃកំណើនសេដ្ឋកិច្ចសកលបានធ្វើឱ្យទឹកប្រាក់នៃការនាំចេញនាំចូលទំនិញរវាងកម្ពុជា-អាមេរិក ក្នុងឆ្នាំ ២០២៣ សម្រេចបានជាង ៩ ពាន់លានដុល្លារ ធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ទោះយ៉ាងណាសម្រាប់រយៈពេលប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ ២០២៣ ចរន្តនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ បានចាប់ផ្តើមរើបឡើងវិញជាបណ្តើរៗហើយ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការនាំទំនិញទៅមករវាងដៃគូពាណិជ្ជកម្មទាំង ២ មានទឹកប្រាក់សរុប ៩,១៥ពាន់លានដុល្លារ ធ្លាក់ចុះ ១,៤ ភាគរយ ធៀបរយៈពេល ដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ៩,២៨ ពាន់លានដុល្លារ ដោយក្នុងនោះទំនិញកម្ពុជានាំចេញទៅអាមេរិក ៨,៩ ពាន់លានដុល្លារ ថយចុះ ០,៨ ភាគរយ និងអាមេរិកនាំមកកម្ពុជាវិញចំនួន ២៥៧,១៨ លានដុល្លារ ថយចុះ ១៧,៧ ភាគរយ។
បើផ្អែកតាមតួលេខជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៨,៦៤ ពាន់លានដុល្លារ ខណៈឆ្នាំ ២០២២ មានចំនួន ៨,៦៥ ពាន់លានដុល្លារ។ អាមេរិក គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ២ របស់កម្ពុជាដោយមានចំណែក ១៩,៥៥ ភាគរយនៃទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា ឆ្នាំ ២០២៣ ដែលមានចំនួន ៤៦,៨៣ ពាន់លានដុល្លារ។
សម្រាប់ខែធ្នូ ឆ្នាំ ២០២៣ ការផ្លាស់ប្តូរទំនិញប្រទេសទាំង ២ មានចំនួន ៧៨៧,៦៩ លានដុល្លារ កើនឡើង ២,១៩ ភាគរយធៀបខែធ្នូ ឆ្នាំ ២០២២ ដោយកម្ពុជានាំចេញ ៧៥៣,១១ លានដុល្លារ កើន ០,៣ ភាគរយ និងអាមេរិកនាំចូល ៣៤,៥៨ លានដុល្លារ កើនឡើង ៧៥,៧ ភាគរយ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១១ ខែមករាថា ការធ្លាក់ចុះចំនួនទឹកប្រាក់នៃការផ្ទេរទំនិញរវាងប្រទេសទាំង ២ ធ្លាក់ចុះតាំងពីពាក់កណ្តាលឆ្នាំ ២០២២ មក។ មូលហេតុដែលនាំឱ្យទំហំទឹកប្រាក់ពាណិជ្ជកម្មធ្លាក់ចុះ គឺដោយសារតែវិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាមនៅប្រទេសមួយចំនួន ដែលជះឥទ្ធិពលដល់តម្រូវការសកល។ លោកបន្តថា ទោះបីយ៉ាងណាស្ថានភាពសេដ្ឋកិច្ច និងតម្រូវការសកលពេលនេះបានចាប់ផ្តើមល្អឡើងវិញហើយ។
លោកបញ្ជាក់ថា៖ «ទោះទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ប្រចាំឆ្នាំ ២០២៣ ធ្លាក់ចុះ ប៉ុន្តែការធ្លាក់ចុះនេះគឺកើតឡើងភាគច្រើនក្នុងឆមាសទី ១ ប៉ុណ្ណោះ ខណៈរយៈពេលប៉ុន្មានខែចុងក្រោយឆ្នាំ ២០២៣ ការនាំទំនិញរវាងប្រទេសទាំង ២ បានចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់។ សម្រាប់ឆ្នាំ ២០២៤ នេះ ខ្ញុំគិតថា ពាណិជ្ជកម្មប្រទេសទាំង ២ នឹងកើនលើសឆ្នាំ ២០២៣»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ការធ្លាក់ចុះទំហំពាណិជ្ជកម្មប្រទេសទាំង ២ គឺមកពីវិបត្តិសេដ្ឋកិច្ចសកលដែលបានបង្ខំឱ្យប្រជាជនកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
លោកថ្លែងថា៖ «ការធ្លាក់ចុះទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ គឺដោយសារតែផលប៉ះពាល់សេដ្ឋកិច្ចសកល គឺមិនមែនដោយសារតែសមត្ថភាពផលិត និងនាំចេញរបស់កម្ពុជាធ្លាក់ចុះឡើយ»។
លោកបន្ថែមថា ម្យ៉ាងទៀតដោយសារផលិតផលនាំចេញរបស់កម្ពុជាទៅអាមេរិកមានទំនាក់ទំនងនឹងការធ្វើដំណើរកម្សាន្តដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប និងកង់ ជាដើមនោះ ដូច្នេះនៅពេលវិស័យទេសចរណ៍មានដំណើរការល្អវិញ ការនាំចេញរបស់កម្ពុជាក៏អាចហក់ឡើងវិញដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុងវេទិកាធុរកិច្ចអាមេរិក-កម្ពុជា កាលពីថ្ងៃទី ២២ ខែកញ្ញា ២០២៣ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បាននិយាយថា កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង ២ គឺពិតផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ កត្តាទីតាំងភូមិសាស្ត្រ និងកម្លាំងពលកម្មវ័យក្មេងដែលមានថ្លៃឈ្នួលទាបបាននាំឱ្យថ្លៃទំនិញផលិតនៅកម្ពុជាទាប។លោកបានបន្ថែមថា នេះជាឱកាសនោះល្អសម្រាប់វិនិយោគិន និងធុរជនសហរដ្ឋអាមេរិកមកសិក្សាស្វែងយល់ពីសក្ដានុពលរបស់កម្ពុជា។
លោកថ្លែងថា៖ «បានឃើញ ១ ដងប្រសើរជាងបានឮ ១ ពាន់ដង» ដូច្នេះសូមវិនិយោគិនមកស្វែងយល់អំពីកម្ពុជារាជរដ្ឋាភិបាល និងបន្តការគាំទ្រយ៉ាងមុតមាំដល់កាលានុវត្តភាពនៃការបង្កើតសហប្រតិបត្តិការ និងការពង្រីកធុរកិច្ចព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈមទាំងបញ្ហាចាស់ និងថ្មីដើម្បីជំរុញសម្ទុះនៃការអភិវឌ្ឍវិស័យឯកជនឱ្យបានពេញលេញ និងក្លាយជាដៃគូគន្លឹះរបស់រាជរដ្ឋាភិបាល»។
ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុប ៩,២៨ ពាន់លានដុល្លារ កើនឡើង ១៨,៦ ភាគរយបើធៀបឆ្នាំ ២០២១។ ក្នុងនោះការនាំចេញរបស់កម្ពុជា មាន ៨,៩៧ ពាន់លានដុល្លារ កើន ១៩,៧ ភាគរយ និងនាំចូល ៣១២,៤៨ លានដុល្លារ ធ្លាក់ចុះ ៧,១ ភាគរយ។ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ៨,៦៥ ពាន់លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕