ក្រសួងពាណិជ្ជកម្ម បាន​សម្ពោធ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជា​លើក​ទី​១ កាលពី​ថ្ងៃ​១២ ខែមករា ឆ្នាំ ​២០២៤ ក្នុង​បរិមាណ​ចំនួន ៥០០ តោន ខណៈដែល​ការបញ្ជាទិញ​ក្នុង​កម្រិត​ចំនួន ៦០ ០០០ តោន ដែល​ស្មើនឹង​តម្លៃ​ទឹកប្រាក់ ៥៤ លាន​ដុល្លារ​។

ការនាំចេញ​ក្នុង​បរិមាណ​ចំនួន ៥០០ តោន​នេះ គឺធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​វ័ន​រ៉ូ​ដ គ្រុប ខណៈដែល​ការនាំចេញ​បន្តបន្ទាប់​ទៀត ក៏​នឹងត្រូវ​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​នេះដែរ​។ នៅក្នុង​ពិធី​អបអរសាទរ​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ជា​លើកដំបូង​នោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមហ៊ុន វ័ន​រ៉ូ​ដ គ្រុប ដែល​បានទទួល​ជោគជ័យ​ក្នុង​ការបញ្ជាទិញ និង​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។

លោកស្រី​រដ្ឋមន្ត្រី បញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួងពាណិជ្ជកម្ម ក្នុងនាម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល បាន​បន្ត​ខិតខំ​យ៉ាងសកម្ម​ក្នុងការ​បន្ត​ជំរុញ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការនាំចេញ​កសិផល​ក្នុងស្រុក បង្កើត​ឱកាស​ការងារ​កាន់តែច្រើន​សម្រាប់​កសិករ និង​អ្នក​ផលិត​របស់​យើង ព្រមទាំង​លើកកម្ពស់​ការប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​នូវ​កសិផល​របស់​កម្ពុ​ជា​។ ជាពិសេស​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដៃគូ​អន្តរជាតិ​នានា ដែល​មក​ធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ក្នុង​គោលបំណង​ទទួលបាន​ផលប្រយោជន៍​រួម និង​វិបុលភាព​ទៅវិញទៅមក​»​។

លោកស្រី​បន្តថា​៖«​ខ្ញុំ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា​នឹងមាន​ការបញ្ជាទិញ និង​នាំចេញ​កាន់តែច្រើន​បន្ថែមទៀត និង​បាន​ស្នើឱ្យ​ក្រសួង​-​ស្ថាប័ន និង​ដៃគូ​ពាក់ព័ន្ធ បន្ត​ពួតដៃគ្នា​ក្នុងការ​ជំរុញ និង​អភិវឌ្ឍ​វិស័យ​អង្ករ ព្រមទាំង​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ផងដែរ​»​។

បើតាម​លោកស្រី ចម និម្មល ក្រសួងពាណិជ្ជកម្ម​នឹងចូលរួម​រៀបចំ​វេទិកា​ផ្គូផ្គង​អាជីវកម្ម ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ចុងខែ​កុម្ភៈ​ឆ្នាំ ២០២៤​ខាងមុខនេះ នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ដើម្បី​ជំរុញ​និង​បង្កើត​ឱកាស​ក្នុង​ការរក​ទីផ្សារ​ថ្មី​បន្ថែមទៀត​របស់​អង្ករ​កម្ពុជា​។

សូមជម្រាបថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ត្រូវបាន​ចុះហត្ថលេខា​ជា​ផ្លូវការ​រួចរាល់​ហើយ កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតីភាព​របស់លោក  ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​វិមាន​សន្តិភាព​។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​នឹងមាន​លទ្ធភាព​ក្នុង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស​អារ៉ាប់​រួម និង​អាច​ឈានទៅ​ចាប់យក​ឱកាស​ទីផ្សារ​អារ៉ាប់​ដទៃទៀត​ក្នុង​តំបន់​ប​ជ្ឈឹ​ម​បូព៌ា និង​អាហ្វ្រិក​ខាងជើង​ដែលជា​តំបន់​ស្ថិត​នៅក្បែរនោះ​។ ចំពោះ​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​មួយចំនួន ជាពិសេស​សម្លៀកបំពាក់​ស្បែកជើង នឹងត្រូវ​កាត់បន្ថយ​ពន្ធ ឬ​ត្រូវ​លើកលែង​ពន្ធ​។ នៅក្នុង​នោះដែរ ទីផ្សារ​ប្រមាណ​៩៧,៨​ភាគរយ នៃ​បន្ទាត់​ពន្ធ​សរុប ឬ​ស្មើនឹង​ចំនួន ៧ ៦៧៨ បន្ទាត់​ពន្ធ​។ មុខទំនិញ​សំខាន់​ដែល​កម្ពុជា ទទួលបាន​ទីផ្សារ គឺ​ស្ទើរតែ​គ្រប់​មុខទំនិញ​ទាំងអស់ ក្នុងនោះ​រួមមាន​មុខទំនិញ​កសិក​ម្ម មានដូចជា​អង្ករ ស្វាយចន្ទី បន្លែ ផ្លែឈើ ចេក ស្វាយ ពោត ម្រេច ទុរេន នំ​ធ្វើ​ពី​អង្ករ ដំណាប់​ផ្លែឈើ ជាដើម​។

ចំណែក​មុខទំនិញ​ឧស្សាហកម្ម រួមមាន​៖ កង់ គ្រឿង​បង្គុំ​អេឡិចត្រូនិក រថយន្ត​អគ្គិសនី និង​មុខទំនិញ វាយនភ័ណ្ឌ​រួមមាន កាបូប​ធ្វើដំណើរ ស្បែកជើង សម្លៀកបំពាក់ ប៉ុន្តែ​លើកលែង​ទំនិញ​ហាមឃាត់ និង​ទំនិញ​ពិសេស​កំណត់​ដែល​ភាគច្រើន​ជា​គ្រឿង​ស្រវឹង និង​សាច់ជ្រូក​។

ជាមួយគ្នា​នោះ​កម្ពុជា អាច​ពិចារណា​ក្នុងការ​នាំចូល​នូវ​មុខទំនិញ​អាទិភាព​ដែលមាន​គុណភាព​ខ្ពស់ និង​តម្លៃ​ប្រកួតប្រជែង​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ដូចជា​ប្រេងរំអិល ជ័រកៅស៊ូ​ក្រាល​ថ្នល់ និង​ចំណី​សត្វ​។ លើសពីនេះទៅទៀត កម្ពុជា​ក៏​អាច​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម និង​ច្បាម​យក​កំណើន​ភ្ញៀវទេសចរ​ពី​ប្រទេស​នេះ​បាន​ផងដែរ​។

គួរ​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​អេ​មី​រ៉េត អារ៉ាប់​រួម ក្នុង​ឆ្នាំ​២០២៣ មិនទាន់មាន​របាយការណ៍​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២ កាលពី​ឆ្នាំ​២០២២ គឺ​សម្រេចបាន​ប្រមាណ ៤០០ លាន​ដុល្លារ កើនឡើង​ប្រមាណ ៣០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០២១ និង​ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា រំពឹងថា​កិច្ចព្រមព្រៀង Cambodia-UAE នេះ នឹង​បន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​៕​