ភ្នំពេញៈ ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានឱ្យដឹងថា ទោះបីជាឧស្សាហកម្មនេះបានរងផលប៉ះពាល់ជាអវិជ្ជមានដោយសារការរីករាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបញ្ហាខាងក្រៅដែលកំពុងបន្តកើតឡើង ក៏ឧស្សាហកម្មមួយនេះនៅតែដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញការនាំចេញរបស់កម្ពុជា ការបង្កើតការងារ និងការបង្កើនប្រាក់ចំណូលក្នុងស្រុក។
លោក គង់ សាង ប្រធាន TAFTAC ដែលត្រូវបានជ្រើសតាំងជាថ្មីនៅក្នុងមហាសន្និបាតលើកទី ១៦ ជាប្រធានសមាគមសម្រាប់អាណត្តិថ្មី ឆ្នាំ ២០២៤-២០២៥ បានឱ្យដឹងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤ ថា ក្រោយការថមថយឥទ្ធិពលជំងឺកូវីដ ១៩ កម្ពុជាបានចាប់ផ្តើមឆ្នាំ ២០២២ ប្រកបដោយភាពសុទិដ្ឋិនិយមជាមួយនឹងកំណើននាំចេញយ៉ាងខ្ពស់ក្នុងឆមាសដំបូង។ ជាអកុសលក្រោយមកសង្គ្រាមនៅប្រទេសអ៊ុយក្រែនចាប់ផ្តើមមានផលប៉ះពាល់ជាអវិជ្ជមានលើស្ថានភាពសេដ្ឋកិច្ចសកលហើយការនាំចេញរបស់កម្ពុជាបានចាប់ផ្តើមធ្លាក់ចុះជាពិសេសនៅរយៈពេល ៥ ខែចុងក្រោយឆ្នាំ ២០២២។
លោកបន្តថា ទោះយ៉ាងណាកម្ពុជាបានបិទបញ្ចប់ឆ្នាំ ២០២២ ជាមួយនឹងកំណើន ១៤ ភាគរយ។ ក្នុងឆ្នាំ ២០២៣ កន្លងទៅសេដ្ឋកិច្ចពិភពលោកបានបន្តឆ្លងកាត់ភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមជាច្រើន។ បើតាមតួលេខអគ្គនាយកដ្ឋានគយ គឺការនាំចេញរបស់វិស័យវាយនភណ្ឌនៅក្នុងឆ្នាំ ២០២៣ មានទឹកប្រាក់ប្រមាណ ១១,៤២ ពាន់លានដុល្លារធ្លាក់ចុះ ១២ ភាគរយធៀបនឹងឆ្នាំ ២០២២ ដែលមានជិត ១៣ ពាន់លានដុល្លារក្នុងនោះ សម្លៀកបំពាក់ធ្លាក់ចុះជាង ១១ ភាគរយ ស្បែកជើងធ្លាក់ចុះ ៨ ភាគរយ ផលិតផលធ្វើដំណើរ និងកាបូបធ្លាក់ចុះ ២១ ភាគរយ និងផលិតផលវាយនភណ្ឌផ្សេងៗទៀតធ្លាក់ចុះប្រហែល ៤ ភាគរយ។
លោកប្រាប់ថា៖ «សមាគមបានខិតខំមិនឈប់ឈរក្នុងការស្វែងរកការជួយគាំទ្រភ្លាមៗពីសំណាក់រដ្ឋាភិបាល ជាក់ស្តែងលើការជួយឧបត្ថម្ភប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងអំឡុងពេលការព្យួរកិច្ចសន្យាការងារបណ្តោះអាសន្ន។ ជាបន្តបន្ទាប់សមាគមបានបន្តកិច្ចពិភាក្សាជាប់ជាប្រចាំជាមួយដៃគូរាជរដ្ឋាភិបាលលើការជួយគាំទ្រដល់វិស័យរបស់យើង»។
លោកបន្ថែមថា៖ «យើងនឹងជួបបញ្ហាប្រឈមថ្មីៗជាច្រើនទៀតក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ តែខ្ញុំមានទំនុកចិត្តថា យើងនឹងអាចជម្នះបញ្ហាប្រឈមទាំងនោះដោយជោគជ័យតាមរយៈការធ្វើការរួមគ្នា។ ខ្ញុំសូមយកឱកាសនេះផងដែរដើម្បីអំពាវនាវឱ្យសមាជិកទាំងអស់បន្តកិច្ចសហការ និងចូលរួមក្នុងសកម្មភាពនានារបស់សមាគមដើម្បីជួយវិស័យរបស់យើងផងនិងដើម្បីជួយខ្លួនឯងផង»។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានអំពាវនាវនៅក្នុងកម្មវិធីមហាសន្និបាតនោះ ដោយស្នើដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ស្របតាមគោលការណ៍ណែនាំពីរដ្ឋាភិបាល។
លោកបានថ្លែងថា៖ «រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ គឺជាកម្មវត្ថុនៃការប្រឡងប្រណាំងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។
លោកបានបន្តថា សម្រាប់ជំហានទី១ នៃការប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយនេះ នឹងអនុវត្តចំពោះរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ ខណៈរោងចក្រក្នុងវិស័យផ្សេងទៀតអាចចូលបានតាមរយៈការស្ម័គ្រចិត្ត។
លោកបន្ថែមថា សម្រាប់ជយលាភីកម្រិត A រោងចក្រសហគ្រាសនឹងទទួលបានការលើកទឹកចិត្តដូចជា ការលើកលែងអធិការកិច្ចរយៈពេល ១ ឆ្នាំជាដើម ប៉ុន្តែបើជាប់ជយលាភី A ៣ ឆ្នាំផ្ទួនគ្នា នឹងទទួលបានការលើកលែងអធិការកិច្ចរយៈពេល ៣ ឆ្នាំ ឬ ៥ ឆ្នាំជាប់ៗគ្នាដែរ»។
លោកបន្ថែមថា វិស័យនេះគឺត្រូវតែបង្កើតឱ្យមានវប្បធម៌អនុលោមភាព វប្បធម៌នៃការគោរពច្បាប់ដោយស្ម័គ្រចិត្តពីគ្រប់ភាគីប៉ុណ្ណោះដែលអាចធ្វើឱ្យនិយោជក និងនិយោជិត អាចរស់នៅជាមួយដោយសុខសាន្តដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា។
គិតត្រឹមខែធ្នូ ឆ្នាំ ២០២៣ នេះ សមាគមមានសមាជិកសរុបចំនួន ៧២០ រោងចក្រ/ក្រុមហ៊ុន ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់មានចំនួន ៥២៤ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៩៣ រោងចក្រផលិតស្បែកជើង ៨ រោងចក្រផលិតផលិតផលផ្សេងៗមានចំនួន ៤៩ និងក្រុមហ៊ុន ផ្សេងៗជាសមាជិកសហការមានចំនួន ៤៦។ នេះបើយោងតាម TAFTAC៕