ភ្នំពេញៈ កម្ពុជារកចំណូលបានប្រមាណ ៨,១៧ ពាន់លានដុល្លារពីការនាំទំនិញទៅបណ្ដាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កាលពីឆ្នាំ ២០២៣ កើនឡើង ២៨,៨២ ភាគរយបើធៀបឆ្នាំ ២០២២ ដោយសារភាពល្អប្រសើរនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនារយៈពេលច្រើនខែថ្មីៗនេះ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលភ្នំពេញប៉ុស្តិ៍ ទើបទទួលបានកាលពីថ្ងៃទី ១៤ ខែមករា គឺចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៨,១៧ ពាន់លានដុល្លារទៅកាន់បណ្ដាប្រទេសជាសមាជិក RCEP ក្នុងនោះប្រទេសនាំមុខ ៥ រួមមានវៀតណាម ថៃ សិង្ហបុរី ចិន និងជប៉ុន។
ប៉ុន្តែពាណិជ្ជកម្មទ្វេភាគីក្នុងចំណោមបណ្ដាប្រទេសសមាជិករបស់ RCEP ទាំងនោះសម្រេចបានជាង ២៩,៤៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០២៣ ធ្លាក់ចុះជាង ៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ដែលមានចំនួនជាង ៣១ ពាន់លានដុល្លារ។
កិច្ចព្រមព្រៀង RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន បច្ចុប្បន្នគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ឈានមុខគេទូទាំងពិភពលោក ដែលរួមមានប្រទេសចំនួន ១៥។ ក្នុងនោះរួមមានប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសឥណ្ឌូប៉ាស៊ីហ្វិកសំខាន់ៗចំនួន ៥ ទៀត គឺអូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ ខែមករាថា ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀង RCEP កម្ពុជាកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការនាំចេញទៅកាន់បណ្ដាប្រទេសជាសមាជិក ដែលកំពុងក្លាយជាកំណើនប្រកបដោយសក្តានុពលថ្មីមួយនៅក្នុងតំបន់ ចំពេលមានការធ្លាក់ចុះការនាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងផលវិបាកដោយសារតែការរីករាលដាលជំងឺកូវីដ ១៩។
លោកបានថ្លែងថា៖«ការចូលជាធរមានរបស់កិច្ចព្រមព្រៀង RCEP នៅឆ្នាំ ២០២២ បានក្លាយជាកត្តាជំរុញថ្មីមួយទៀតសម្រាប់កំណើនការនាំចេញរយៈពេលវែងរបស់កម្ពុជា ខណៈស្ថិតក្រោមកិច្ចព្រមព្រៀងនេះមានការកាត់បន្ថយពន្ធមួយចំនួនដែលអាចឱ្យកម្ពុជាទាញយកឱកាសដើម្បីជំរុញការនាំចេញ»។
លោក សុវិជាតិ បញ្ជាក់ថា ប្រទេសចិន គឺជាទីផ្សារដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ផលិតផលកសិកម្មប្រកបដោយសក្តានុពលដូចជា អង្ករ ចេក ស្វាយ និងមៀនជាដើម។
លោកបញ្ជាក់ថា អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងនេះ រួមមានការអនុគ្រោះពន្ធលើទំនិញផ្សេងៗ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញ និងឱកាសការងារដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស (FDI)។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការកើនឡើងការនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ជាពិសេសទៅបណ្តាប្រទេសជាសមាជិក RCEP ក្នុងដំណាក់កាលនៃភាពតានតឹងផ្នែកសេដ្ឋកិច្ច និងនយោបាយអន្តរជាតិដែលគ្មានស្ថិរភាព គឺបង្ហាញថា សមត្ថភាពផលិតកម្មរបស់កម្ពុជាកំពុងរីកចម្រើនយ៉ាងរហ័ស និងមានគុណភាពកម្រិតស្តង់ដាអន្តរជាតិ។
លោកបានបន្ថែមថា៖«នៅពេលនេះ កម្ពុជាមានការរៀបចំយ៉ាងល្អនៅពេលការបញ្ជាទិញទំនិញពីទីផ្សារអន្តរជាតិកើនឡើង។ ប្រទេសកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមការបញ្ជាទិញពីគ្រប់ទិសទី។ ទន្ទឹមនឹងនេះ កម្ពុជាក៏មានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកវិនិយោគផ្ទាល់ផងដែរ»។
លោកលើកឡើងទៀតថា៖«តាមរយៈអ្វីដែលកម្ពុជាមាននៅពេលនេះ ខ្ញុំមានសុទិដ្ឋិនិយមថា ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការនាំចេញរបស់កម្ពុជាទៅគ្រប់គោលដៅជុំវិញពិភពលោក នឹងកើនឡើងបន្ថែមទៀតចាប់ពីឆ្នាំ ២០២៤ នេះតទៅ។ ទន្ទឹមនឹងនេះ ចំនួនភ្ញៀវទេសចរបរទេសនាពេលបច្ចុប្បន្នក៏នឹងកើនឡើងផងដែរ»។
បណ្ដាប្រទេសជាសមាជិក RCEP តំណាងឱ្យប្រជាជនប្រហែល ២,២ ពាន់លាននាក់ ឬ ៣០ ភាគរយនៃចំនួនប្រជាជនពិភពលោក ដែលរួមចំណែកដល់ ២៦,២ ពាន់ពាន់លានដុល្លារនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលស្មើនឹង ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបទូទាំងពិភពលោក។ ប្រទេសជាសមាជិកទាំងនេះមានចំនួនប្រហែល ២៨ ភាគរយនៃពាណិជ្ជកម្មពិភពលោក។ នេះបើយោងតាមក្រសួង។
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២៣ មានចំនួនលើសពី ២២,៦៥ ពាន់លានដុល្លារ កើនឡើង ១,៨ ភាគរយពីចំនួន ២២,២៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២៕