ភ្នំពេញៈ ចំនួនទឹកប្រាក់នៃការនាំទំនិញពីកម្ពុជាទៅប្រទេសឥណ្ឌាបានកើនឡើងជាបន្តបន្ទាប់ដោយក្នុងឆ្នាំ២០២៣ កន្លងមកសម្រេចបានជិត ៣០០លានដុល្លារ កើនឡើងជិត ៥០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ជាង ៤៨៥លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
តារាងស្ថិតិនាំចេញនាំចូលទំនិញ ឆ្នាំ២០២៣ របស់ GDCE បង្ហាញថា ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៣ ទឹកប្រាក់ដែលកម្ពុជាប្រមូលបានពីការនាំចេញទៅប្រទេសឥណ្ឌា មានចំនួនជាង ២៩៣,០៦លានដុល្លារ កើនឡើង ៤៩ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមាន ១៩៦,៦៣លានដុល្លារ ចំណែកទំនិញឥណ្ឌានាំចូលមកកម្ពុជាវិញ មានទឹកប្រាក់ ១៩២,៦៤លានដុល្លារ ធ្លាក់ចុះ ២០,៨ភាគរយពីចំនួន ២៤៣,៣៧លានដុល្លារ។ ចំនួននេះបានធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌា ក្នុងឆ្នាំ២០២៣ មានទឹកប្រាក់សរុប ៤៨៥,៧លានដុល្លារ កើន ១០,៤ភាគរយពីចំនួន ៤៤០លានដុល្លារ។ ផ្អែកតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឧត្តមភាព ១០០,៤២លានដុល្លារ ខណៈកាលពី ឆ្នាំ២០២២ ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ៤៦,៧៤លានដុល្លារ។ ប្រទេសឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំទី១៧ របស់កម្ពុជា នៅក្នុងឆ្នាំ២០២៣។
សម្រាប់ខែធ្នូ ឆ្នាំ២០២៣ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាស់សរុប ៤២,៤៦លានដុល្លារ កើនឡើង ៣,៥៩ភាគរយ ក្នុងនោះការនាំចេញទំនិញពីកម្ពុជាទៅឥណ្ឌា មានចំនួន ២៨,៥៦លានដុល្លារ កើន ៩,៤ភាគរយ និងឥណ្ឌានាំចូលមកវិញចំនួន ១៣,៩លានដុល្លារ ធ្លាក់ចុះ ៦,៥ភាគរយ។
សេដ្ឋវិទូនៃរាជបណ្ឌិត្យកម្ពុជា លោក ហុង វណ្ណៈ ដែលទើបត្រឡប់មកពីធ្វើទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌា កាលពីសប្តាហ៍មុន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៥ ខែមករា ថា ឥណ្ឌាជាប្រទេសដែលមានមូលដ្ឋានផលិតកម្មធំ និងសម្បូរបែបលើពិភពលោក ដោយមានទាំងកសិកម្ម និងរោងចក្រ/សហគ្រាសផលិតស្ទើគ្រប់វិស័យ។ តាមការព្យាកររបស់ស្ថាប័នអន្តរជាតិធំៗ គឺនៅឆ្នាំ២០៣០ ខាងមុខសេដ្ឋកិច្ចប្រទេសឥណ្ឌា អាចនឹងឡើងទៅឈរលើប្រទេសជប៉ុនក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៣ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសចិន។ លោកបន្តថា ទោះបីជាប្រទេសឥណ្ឌាមានសក្តានុពលសេដ្ឋកិច្ច និងឧស្សាហកម្មធំៗក៏ដោយ ប៉ុន្តែកម្ពុជានៅតែមានឱកាសក្នុងការពង្រីកការនាំចេញផលិតផលរបស់ខ្លួន ពិសេសផលិតផលកសិកម្មទៅទីនោះ ព្រោះឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកនាពេលបច្ចុប្បន្ន។
លោកបានថ្លែងថា៖«បើទោះបីប្រទេសឥណ្ឌាមានមូលដ្ឋានផលិតកម្មសម្បូរបែបលើគ្រប់វិស័យ ប៉ុន្តែកម្ពុជានៅតែមានឱកាសក្នុងការនាំយកផលិតផលរបស់ខ្លួនទៅទីផ្សារឥណ្ឌា ប្រសិនបើគុណភាព តម្លៃ និងកេរ្តិ៍ឈ្មោះផលិតផលរបស់យើងល្អ។ ខ្ញុំគិតថា ផលិតផលកសិកម្ម គឺជាផ្នែកសំខាន់របស់កម្ពុជាដែលអាចពង្រីកការនាំចេញទៅប្រទេសឥណ្ឌាបានបន្ថែមទៀត»។
លោកប្រាប់ទៀតថា ទោះឥណ្ឌាជាប្រទេសមានរោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗច្រើន ប៉ុន្តែកម្ពុជាក៏នៅតែមានឱកាសក្នុងការនាំចេញគ្រឿងបង្គុំអេឡិចត្រូនិកមួយចំនួន ដើម្បីធ្វើជាគ្រឿងបង្គុំ ឬធាតុផ្សំសម្រាប់បំពេញឱ្យចង្វាក់ផលិតកម្មនៅតាមរោងចក្រនៅប្រទេសឥណ្ឌាផងដែរ។
សេដ្ឋវិទូខាងលើបានឱ្យដឹងទៀតថា ដោយសារប្រទេសកម្ពុជាតែងទទួលបានទេសចរឥណ្ឌាជាច្រើនម៉ឺននាក់ជាងរៀងរាល់ឆ្នាំ ដូច្នេះកម្ពុជាត្រូវតែខិតខំបន្ថែមទៀតក្នុងការអភិរក្ស និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៅក្នុងប្រទេសរបស់ខ្លួនឱ្យកាន់តែច្រើនបន្ថែមទៀតដើម្បីអាចទាញភ្ញៀវជនជាតិឥណ្ឌា និងជនជាតិផ្សេងទៀតឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើន។
លោកអះអាងថា៖«ក្រៅពីការធ្វើពាណិជ្ជកម្មទំនិញ កម្ពុជាក៏បានឱកកាសក្នុងការទាក់ទាញទេសចរឥណ្ឌាឱ្យមកទស្សនាប្រាសាទបុរាណជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ខណៈប្រវត្តិសាស្រ្ត និងរឿងរូបចម្លាក់នៅតាមប្រាសាទបុរាណខ្មែរមួយចំនួនក៏មានទំនាក់ទំនងនិងវប្បធម៌ និងអរិយធម៌ឥណ្ឌាកាលពីអតីតកាលផងដែរ»។
ទិន្នន័យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវបរទេសដែលធ្វើដំណើរមកកម្ពុជា ៤,៩២ លាននាក់ក្នុងរយៈពេល ១១ ខែដើមឆ្នាំ ២០២៣ គឺមានជនជាតិឥណ្ឌាចំនួន ៦១ ០២៥ នាក់ កើនឡើង ១១៩,៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលចុងខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួនទឹកប្រាក់ដែលកម្ពុជានាំទំនិញទៅប្រទេសឥណ្ឌានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានកើនឡើងជាបន្តបន្ទាប់ ដោយទំនិញកម្ពុជានាំទៅប្រទេសឥណ្ឌាភាគច្រើនជាផលិតផលកសិកម្ម។ បើសិនកម្ពុជាអាចធ្វើពិធិធកម្មទំនិញរបស់ខ្លួនឱ្យស្របទៅនឹងការចង់បានរបស់ឥណ្ឌាបានកាន់តែច្រើននោះ គឺជាការប្រសើរណាស់ ព្រោះឥណ្ឌា បច្ចុប្បន្នគឺជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោក។
លោកបន្ថែមទៀតថា មួយវិញទៀតបើសិនកម្ពុជា នឹងឥណ្ឌាអាចមានជើងហោះហើរត្រង់ជាមួយគ្នានោះ ការធ្វើពាណិជ្ជកម្ម ព្រមទាំងលំហូរភ្ញៀវទេសចរ ក៏នឹងមានចំនួនកាន់តែច្រើនដែរ។
លោកនិយាយថា៖«ដោយសារឥណ្ឌាជាប្រទេសធំ និងមានប្រជាជនច្រើន ដូច្នេះកម្ពុជាចាំបាច់ត្រូវតែខំធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួនបន្ថែមទៀតដើម្បីអាចទទួលបានចំណែកទីផ្សារនាំចេញកាន់តែច្រើនទៅទីនោះ»។ លោកបន្តថា៖«ម៉្យាងទៀតយើងក៏ចង់ទទួលបានវិនិយោគិនឥណ្ឌាឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាផងដែរ»។
បើតាមលោក លឹម ហេង ទំនិញដែលកម្ពុជានាំទៅប្រទេសឥណ្ឌាមានដូចជា ផលិតផលកសិកម្ម និងផលិតផលវាយនភណ្ឌ ចំណែកប្រទេសឥណ្ឌានាំមកកម្ពុជា មានដូចជា សម្ភារវេជ្ជសាស្រ្ត, សាច់ក្របី, ម៉ូតូកង់បី, អំបោះ, ក្រណាត់, ស្បែក, អាហារប្រេង, ថ្នាំគីមី និងឱសថជាដើម។
យោងតាមគេហទំព័រ worldometers.info បច្ចុប្បន្នឥណ្ឌា គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកជាមួយនឹងប្រជាជនសរុប ១ ៤៣៥,៤២លាននាក់(ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤) នាំមុខប្រទេសចិន ដែលស្ថិតនៅលេខ២ ដែលមានប្រជាជន ១ ៤២៥,៤១លាននាក់៕