ភ្នំពេញ: កម្ពុជាបានចំណាយប្រាក់ជាង ២,១៧ ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក កាលពីឆ្នាំមុន ពោលគឺធ្លាក់ចុះ ៧,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។
យោងតាមទិន្នន័យបានពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ជាមួយនឹងតម្លៃនាំចូលសរុបនេះ ក្នុងនោះតម្លៃនៃការនាំចូលប្រេងម៉ាស៊ូតមានតម្លៃ ១,៣២ ពាន់លានដុល្លារ កើនឡើង ១២,២ ភាគរយ ហើយតម្លៃនៃការនាំចូលប្រេងសាំង មានតម្លៃ ៨៥០ លានដុល្លារ ធ្លាក់ចុះ ០,២៦ ភាគរយធៀបនឹងរយៈពេលដូចគ្នា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះការនាំចូលប្រេងឥន្ធនៈមកកម្ពុជា គឺដោយសារតែតម្លៃប្រេងធ្លាក់ចុះកាលពីឆមាសទី ១ ឆ្នាំមុន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ខណៈដែលចង្វាក់ផលិតកម្មនៅកម្ពុជានៅតែដំណើរការល្អ។
លោកថ្លែងថា៖ «ទោះបីជា មានកត្តាខាងក្រៅមួយចំនួនប៉ះពាល់ដល់តម្រូវការសកលក៏ដោយ ក៏យើងមើលឃើញថាវិស័យផលិតកម្មរបស់យើងនៅតែរឹងមាំ។ ហើយការធ្លាក់ចុះការនាំចូលប្រេងឥន្ធនៈ គឺដោយសារការធ្លាក់ចុះតម្លៃប្រេងពិភពលោកកាលពីដើមឆ្នាំមុន»។
លោក គី សេរីវឌ្ឍន៍ អ្នក ស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះការនាំចូលប្រេងឥន្ធនៈកាលពីឆ្នាំ ២០២៣ គឺដោយសារតម្លៃប្រេងកើនឡើង បន្ទាប់ពីជម្លោះប្រដាប់អាវុធរវាងរុស្ស៊ី និងអ៊ុយក្រែន ដូច្នេះជម្លោះនេះ នាំឱ្យមានការធ្លាក់ចុះតម្រូវការពីវិស័យផលិតកម្ម រួមទាំងរោងចក្រ និងសហគ្រាសដែលប្រើប្រាស់ម៉ាស៊ីនភ្លើងដោយផ្ទាល់។ ទន្ទឹម នឹងនោះ លោកក៏បានសង្កេត ឃើញផងដែរថា បច្ចុប្បន្ននេះមានការកើនឡើងការប្រើប្រាស់រថយន្តអគ្គិសនី និងការកើនឡើងថាមពលអគ្គិសនីបានពីថាមពល កកើតឡើងវិញ។
លោកលើកឡើងថា៖ «ខ្ញុំសូមចែករំលែកថា ការធ្លាក់ចុះការនាំចូលប្រេងឥន្ធនៈកាលពីឆ្នាំមុន មិនបានបញ្ជាក់ថាសមត្ថភាពផលិតរបស់យើងធ្លាក់ចុះនោះទេ ប៉ុន្តែរោងចក្រ និងសហគ្រាសមួយចំនួនកំពុងប្រើប្រាស់ប្រភពថាមពលផ្សេងទៀត ដែលទំនងជាមកពីថាមពលស្អាត ដើម្បីផ្គត់ផ្គង់ដល់ការផលិត និងកាត់បន្ថយការចំណាយ»។
ក្រសួងរ៉ែ និងថាមពល កំពុងពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពបង្កើតក្រុមហ៊ុនជាតិ ដើម្បីគ្រប់គ្រងការរុករករ៉ែប្រេងនៅសមុទ្រ ដែលមានសក្តានុពល ដូច្នេះកម្ពុជានឹងមិនពឹងផ្អែកទាំងស្រុងលើការនាំចូលទៀត ឡើយ។
លោក ប៉ែន សុវិជាតិ ដែលជាអ្នកនាំពាក្យក្រសួងធ្លាប់បានលើកឡើងពីប្រទេសសិង្ហបុរី ថៃ និងវៀតណាមថា ជាប្រភពនាំចូលប្រេងដ៏សំខាន់សម្រាប់កម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាមានគោលបំណងបង្កើនចំណែកថាមពលកកើតឡើងវិញរបស់ខ្លួនឱ្យបានយ៉ាងហោចណាស់ឱ្យបាន ៧០ ភាគរយ ត្រឹមឆ្នាំ ២០៣០ ដោយរួមចំណែកដល់គោលដៅបរិស្ថាន និងកំណើនសេដ្ឋកិច្ច ដោយផ្តោតលើប្រសិទ្ធភាពថាមពល។
បើតាមលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីខែធ្នូឆ្នាំមុនថា ប្រភពដែលមិនប៉ះពាល់ដល់បរិស្ថានដូចជា ថាមពលសូឡា ខ្យល់ វារីអគ្គិសនី និងជីវម៉ាស នឹងរួមចំណែកយ៉ាងសំខាន់ដល់គោលដៅបរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រទេស។
លោកបានបញ្ជាក់ថា៖ «នៅពេលដែលយើងផលិតអគ្គិសនីកាន់តែច្រើនពីប្រភពកកើតឡើងវិញ យើងមើលឃើញអត្ថប្រយោជន៍ពិតនៃការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពខ្ពស់។ ការណ៍នេះរួមបញ្ចូលទាំងអគារបៃតង ឧបករណ៍ប្រើប្រាស់ យានជំនិះអគ្គិសនី និងអគ្គិសនីនៅក្នុងវិស័យឧស្សាហកម្ម និងកសិកម្មផងដែរ»។
បើយោងតាមក្រសួងរ៉ែ និងថាមពលបានព្យាករថា តម្រូវការនៃការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជានឹងកើនឡើងដល់ ៤,៨ លានតោនត្រឹមឆ្នាំ ២០៣០ ដោយបានកើនឡើងពី ២,៨ លានតោន កាលពីឆ្នាំ ២០២០៕