ភ្នំពេញៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលគ្រប់គ្រងដោយរដ្ឋបានត្រៀមកញ្ចប់ថវិកាគ្រោងប្រមាណ ១០០ លានដុល្លារបន្ថែមទៀតក្នុងការផ្តល់ហិរញ្ញប្បទានទៅដល់ SMEs ដើម្បីជំរុញកំណើន និងបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។
យោងតាម លោក លឹម អូន អគ្គនាយក SME Bank គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ធនាគាររបស់លោកបានផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ប្រមាណ ៤៩០ លានដុល្លារដល់សហគ្រាសជាង ៣,២ ពាន់ តាមរយៈយន្តការហិរញ្ញប្បទាន ២ សំខាន់ៗ ដូចជា គម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទាន ដែលសហការជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួមជាដៃគូ។ ដោយឡែកសម្រាប់ឆ្នាំ ២០២៤ នេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគ្រោងកញ្ចប់ថវិកាប្រមាណ ១០០ លានដុល្លារបន្ថែមទៀតសម្រាប់ការផ្តល់ហិរញ្ញប្បទានជូនអតិថិជនគោលដៅរបស់ខ្លួន។
លោកបានថ្លែងថា៖ «វិស័យ SME បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅកម្ពុជា ហើយគោលនយោបាយ និងកម្មវិធីគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ហិរញ្ញប្បទានតាមរយៈធនាគារ SME ជាបន្តបន្ទាប់មានគោលបំណងធ្វើឱ្យវិស័យ SME កម្ពុជា មានភាពល្អប្រសើរ និងរួមចំណែកដល់ការពង្រឹងភាពធននៃសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាននិយាយថា ធនាគារ SMEs បានធ្វើសកម្មភាពល្អប្រសើរ ដោយសារគាត់បានចុះផ្ទាល់ទៅដល់ទីតាំងរបស់អាជីវកម្មនានា។
លោកថ្លែងថា៖ «ធនាគារនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឥណទានដើម្បីជំរុញសកម្មភាពរបស់ SMEs នាពេលនេះ។ ប៉ុន្តែខ្ញុំយល់ឃើញថា ទំហំទឹកប្រាក់នេះនៅមានកម្រិតនៅឡើយ ដោយសារតែវិស័យ SMEs យើងត្រូវការទឹកប្រាក់ច្រើនណាស់ ជាពិសេសវិស័យកសិកម្មដែលកំពុងត្រូវការធនធានក្នុងការប្រមូលទិញកសិផលដូចជា ស្រូវដើម្បីស្តុកទុក និងផលិតផលនានាដើម្បីកែច្នៃនាំចេញ ដូច្នេះប្រសិនបើ SMEs មានលទ្ធភាពទទួលទុនបានកាន់តែច្រើនដូចជាកម្ចីដែលមានអត្រាការប្រាក់ទាប គឺរឹតតែប្រសើរ»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ថា ជាមួយគំនិតផ្តួចផ្តើមនៃការបង្កើតធនាគារ SMEs ដោយរដ្ឋាភិបាលនេះ គឺបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កឱ្យរស់ឡើងវិញ និងបន្តនិរន្តរភាពរបស់ SMEs។
លោកបានថ្លែងថា៖ «ធនាគារនេះបានដើរតួនាទីសំខាន់ណាស់ ដោយសារតែធនាគារនេះមិនត្រឹមតែផ្តល់ទុនដល់ SMEs ប៉ុណ្ណោះទេ គឺខ្លួនបានផ្តល់ទាំងបច្ចេកទេសតាមប្រភេទអាជីវកម្ម និងការវិភាគ និងការសិក្សាស៊ីជម្រៅលម្អិតសម្រាប់ជួយទៅដល់វិស័យ SMEs ដូច្នេះយើងខ្ញុំយល់ឃើញថា នេះគឺជាប្រភពទុនមួយដ៏សំខាន់សម្រាប់ SMEs យើងកាន់តែរីកចម្រើនប្រសើរជាងមុនបន្ថែមទៀត»។
បើតាមលោក លឹម អូន បច្ចុប្បន្នវិស័យ SME កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលមានប្រមាណ ៩៨ ភាគរយនៃសហគ្រាសអាជីវកម្មសរុបទូទាំងប្រទេស និងបានរួមចំណែកប្រមាណ ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារដល់ប្រជាជនប្រមាណ ៧០ ភាគរយ។
កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ ថារដ្ឋាភិបាលតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំកម្មវិធីផ្តល់កម្ចីដោយផ្ទាល់ ជាមួយនឹងទឹកប្រាក់បឋមចំនួន ៥០ លានដុល្លារដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិករទេសចរណ៍អាចទទួលបានហិរញ្ញប្បទាន ក្នុងទឹកប្រាក់សមស្របតាមប្រភេទអាជីវកម្ម។
ជាមួយគ្នានេះរដ្ឋាភិបាលក៏បានធ្វើការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីជួយរក្សាលំនឹង និងសម្រួលបន្ទុកហិរញ្ញវត្ថុសម្រាប់អាជីវកម្មទេសចរណ៍ ដោយរាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការមួយចំនួន គឺលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ និងភោជនីយដ្ឋាន ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅខេត្តសៀមរាបពីខែតុលា ឆ្នាំ ២០២៣ រហូតដល់ចប់ឆមាសទី១ ឆ្នាំ ២០២៤ ផងដែរ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានសម្តែងការគាំទ្រសម្រាប់ការជួយជ្រោមជ្រែង និងការបញ្ចេញថវិកាសង្គ្រោះដល់វិស័យទេសចរណ៍ ជាពិសេសផ្តល់លទ្ធភាពបន្ថែមដល់ប្រតិបត្តិករទេសចរណ៍។
លោកបានថ្លែងថា៖ «ការជួយរបស់រដ្ឋាភិបាល គឺពិតជាការឆ្លើយតបមួយដ៏ល្អសម្រាប់ប្រតិបត្តិករទេសចរណ៍ ទោះបីជាថវិកានេះមិនមានទំហំធំក្តី ប៉ុន្តែវាក៏ផ្តល់លទ្ធភាពបន្ថែមដល់ពួកគេដើម្បីយកមកបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនស្របពេលដែលការមកដល់នៃភ្ញៀវទេសចរបរទេសជាពិសេសមកកាន់ខេត្តសៀមរាបចាប់ផ្តើមមានកំណើននារដូវត្រជាក់នេះ»។
លោកបានបន្ថែមថា៖ «អ្វីដែលខ្ញុំលើកទឹកចិត្តដល់ទាំងរដ្ឋាភិបាល និងវិស័យឯកជនគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវសិក្សាឡើងវិញទៅលើការកែទម្រង់នៃផលិតផលទាំងអស់ដែលជារបស់ខ្មែរទាំងផលិតផលជាទំនិញ ផលិតផលសាសនា ផលិតផលភាពយន្តជាដើម ព្រោះវាទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ធ្វើការកែតម្រូវដើម្បីធ្វើយ៉ាងណាឱ្យមានភាពប្លែក ទាក់ទាញ ព្រោះសម័យកាលនេះយើងមិនអាចលក់តែផលិតផលដដែលនោះទេ ដោយសារតែយើងលក់ផលិតផលប្រាសាទអង្គរវត្តយូរឆ្នាំមកហើយ ដូច្នេះយើងត្រូវតែរួមគ្នាគិតគូរឱ្យស៊ីជម្រៅលើរឿងនេះទើបវិស័យនេះរីកចម្រើន»។
លោក លឹម អូន ថា កាលពីខែធ្នូ ធនាគារនេះបានទទួលពាក្យស្នើសុំកម្ចីប្រមាណ ៦ លានដុល្លារ ខណៈអតិថិជនដែលកំពុងជាប់កិច្ចសន្យាខ្ចីឥណទាននៅធនាគារដទៃអាចស្នើសុំកម្ចីពីធនាគារបានដែរ៕