ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបន្តគោលការណ៍លើកលែងពន្ធមួយចំនួនសម្រាប់វិស័យអចលនទ្រព្យ និងសំណង់ រហូតដល់ចុងឆ្នាំ ២០២៤ គឺជាយុទ្ធសាស្ត្រដើម្បីរក្សាលំនឹងទីផ្សារ និងបង្កើតបរិយាកាសល្អសម្រាប់ជួយឱ្យចរន្តទិញ-លក់ ព្រមទាំងទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន។
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ បានចេញសេចក្តីជូនដំណឹងស្ដីពី «ការបន្តគោលការណ៍លើកលែងពន្ធ ការអនុគ្រោះពន្ធបន្ថែមទៀត ការពន្យារ និងការព្យួរការអនុវត្តពន្ធសម្រាប់វិស័យអចលនទ្រព្យ»។
ខ្លឹមសារនៃសេចក្តីជូនដំណឹងឱ្យដឹងថា អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលនៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកិត្តិយសនឹងបន្តគោលការណ៍លើកលែងពន្ធ និងការអនុគ្រោះពន្ធបន្ថែមមួយចំនួនក្នុងវិស័យអចលនទ្រព្យ។
ចំណុចសំខាន់ៗចំនួន ៤ ដែលរដ្ឋាភិបាលផ្តល់សម្រាប់ផ្នែកអចលនទ្រព្យ និងសំណង់ រួមមាន៖ ទី១ ការបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី មានតម្លៃក្រោម ឬស្មើនឹង ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លាររហូតដល់ដំណាច់ឆ្នាំ ២០២៤ និងការអនុគ្រោះពន្ធប្រថាប់ត្រាបន្ថែមទៀតលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទមានលក្ខណៈជាបុរី និងមានតម្លៃលើស ៧០ ០០០ ដុល្លារ ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧០ ០០០ ដុល្លារចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា, និងទី២ ពន្ធលើប្រាក់ចំណេញមូលធន ដោយបន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនទាំង ៦ ប្រភេទ រួមមាន អចលនទ្រព្យ, ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយប័ណ្ណបរទេស។ ចំណែកចំណុចទី ៣ គឺពន្ធលើអចលនទ្រព្យ និងទី ៤ ពន្ធលើដីធ្លីមិនបានប្រើប្រាស់។
យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដើម្បីរក្សាលំនឹងទីផ្សារ និងទាក់ទាញការវិនិយោគផ្ទាល់ (FDI)
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែមករាថា ការបន្តលើកលែងពន្ធអចលនទ្រព្យដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ ឬលើសពី ៧ ម៉ឺនដុល្លារ និងពន្ធដីធ្លីមិនប្រើប្រាស់មួយចំនួន គឺបានចូលរួមចំណែកយ៉ាងច្រើនក្នុងការរក្សាលំនឹងទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជាឱ្យមាននិរន្តរភាពក្នុងអំឡុងពេលដែលវិស័យនេះកំពុងបន្តរងផលអវិជ្ជមានពីវិបត្តិអន្តរជាតិនានាដែលកំពុងកើតមាន។ ប្រតិបត្តិការទិញ-លក់អចលនទ្រព្យមានតម្លៃក្រោម ៧ ម៉ឺនដុល្លារ និងអចលនទ្រព្យមិនប្រើប្រាស់មួយចំនួនមានទំហំតូច (ក្រោម ៥ ហិកតា) គឺមិនត្រូវឱ្យមានការបង់ពន្ធឡើយ។
លោកប្រាប់ថា៖ «នេះគឺជាការបើកលទ្ធភាពឱ្យប្រជាជនដែលមានប្រាក់ចំណូលមធ្យម និងក្រោមមធ្យម អាចធ្វើការដោះដូរលំនៅឋានបានកាន់តែងាយស្រួល ដោយមិនចាំបាច់បន្ថែមបន្ទុកចំណាយលើការបង់ពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លៃក្រោម ៧ ម៉ឺនដុល្លារឡើយ។ ដីមិនប្រើប្រាស់ទំហំតូចជាង ៥ ហិកតាក៏ទទួលបានភាពអនុគ្រោះដែរ។ នេះជាការជួយរបស់រដ្ឋាភិបាល»។
ទាក់ទងនឹងការវិនិយោគរបស់ជនបរទេសក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាពេលនេះ លោក សុខនឿន អះអាងថា ការវិនិយោគរបស់វិនិយោគិនបរទេសនៅកម្ពុជានៅពេលនេះធៀបនឹងមុនឆ្នាំ ២០១៩ គឺនៅមានចំនួនតិចតួចនៅឡើយ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី លោក ឌឹត ចណ្ណា បាននិយាយថា គោលនយោបាយការបន្តលើកលែងពន្ធចំពោះអចលនទ្រព្យ គឺជាផ្នែកមួយដែលរួមចំណែកដល់ការរក្សាលំនឹង និងលើកកម្ពស់ទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជាឱ្យមានភាពល្អប្រសើរឡើងវិញបន្ទាប់ពីជួបវិបត្តិជាបន្តបន្ទាប់ក្នុងរយៈពេល ៣-៤ ឆ្នាំមកនេះ។
ការសម្រួលផ្នែកពន្ធដារមានន័យថា ជាការសម្រាលបន្ទុកឱ្យអ្នកជាប់កាតព្វកិច្ចពន្ធ ដើម្បីឱ្យពួគគេមានឱកាសដកដង្ហើមបានស្រួលអំឡុងពេលវិបត្តិ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគបង្កើនការពង្រីកការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់ឡើងវិញ។
លោកអះអាងថា៖ «នៅពេលកាតព្វកិច្ចពន្ធត្រូវបានសម្រួល វានឹងជួយធ្វើឱ្យចលនានៃទីផ្សារទិញ-លក់អចលនទ្រព្យ និងសំណង់ផ្សេងៗមានសកម្មភាពកើនឡើងមួយកម្រិត»។
លោកបានបន្តថា ការសម្រួលផ្នែកពន្ធ ក៏ជាចំណែកមួយដែលបង្កើតនូវបរិយាកាសល្អៗដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគឱ្យចូលមកបើកអាជីវកម្ម និងរោងចក្រនៅកម្ពុជាកាន់តែច្រើនផងដែរ។
លោកបញ្ជាក់ថា៖ «ពិតណាស់ នៅពេលការចំណាយតិច (អចលនទ្រព្យ) វានឹងធ្វើឱ្យអ្នកវិនិយោគមានចំណាប់អារម្មណ៍ខ្លាំងក្នុងការមកបណ្តាក់ទុនផ្ទាល់ ប៉ុន្តែបើសិនទីផ្សារអចលនទ្រព្យជាប់គាំង ឬមានបញ្ហាច្រើន វានឹងធ្វើឱ្យអ្នកវិនិយោគបង្វែរទៅកាន់ប្រទេសផ្សេង»។
ទីផ្សារអចលនទ្រព្យឆ្នាំ ២០២៤ នឹងបន្តប្រហាក់ប្រហែលឆ្នាំ ២០២៣
សម្រាប់ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២៤ នេះ អ្នកជំនាញអចលនទ្រព្យដែលមានបទពិសោធន៍ផ្ទាល់ជាង ១ ទសវត្សរ៍កន្លងមកនេះ បាននិយាយថា សម្រាប់ឆ្នាំ២០២៤ នេះលោកនៅមិនទាន់មើលឃើញថាវិស័យអចលនទ្រព្យ និងសំណង់កម្ពុជា មានភាពល្អប្រសើរដូចមុនឆ្នាំ ២០១៩ ឡើយ។
លោកបានបញ្ជាក់ថា៖«ដោយសារវិស័យអចលនទ្រព្យ និងសំណង់តែងត្រូវការពេល និងធនធានវិនិយោគច្រើនជាងវិស័យផ្សេងទៀត ដូច្នេះទោះបីជាពេលនេះវិស័យផ្សេងៗចាប់ផ្តើមងើបពីវិបត្តិដែលផ្តើមចេញពីការផ្ទុះឡើងនៃជំងឺកូវីដ ១៩ កាលពីដើមឆ្នាំ ២០២០ ក៏វិស័យអចលនទ្រព្យ និងសំណង់កម្ពុជា នៅមិនទាន់បង្ហាញពីសញ្ញាងើបឡើងវិញគួរឱ្យកត់សម្គាល់នៅឡើយទេ»៕