ក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) ដែលកំពុងវិនិយោគលើវិស័យវារីអគ្គិសនី នៅប្រទេសឡាវ បានបង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា ព្រោះកម្ពុជាមានគោលនយោបាយអព្យាក្រឹត្យកាបូន និងយកចិត្តទុកដាក់ជំរុញការផលិតថាមពលកកើតឡើងវិញ។ នេះបើតាមតេឡេក្រាម លោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៦ ខែមករានេះ។
ប្រភពដដែលបានឱ្យដឹងថា បំណងនៃការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជាពីសំណាក់ក្រុមហ៊ុនបារាំងនេះ ធ្វើឡើងនៅចំពោះពោះមុខនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពេលដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសបារាំង ហើយដែលបានអនុញ្ញាតឱ្យ លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង បានជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
តាមរយៈតេឡេក្រាមលោកហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងជំនួបនោះដែរ លោកស្រី Makreeta LAHTI លើកឡើងថា ក្រុមហ៊ុនលោកស្រីបាននិងកំពុង វិនិយោគលើវិស័យវារីអគ្គិសនី នៅប្រទេសឡាវ ហើយក៏កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ។ ការចង់វិនិយោគមកកម្ពុជានេះ លោកស្រីបានធ្វើការវាយតម្លៃខ្ពស់ ចំពោះកម្ពុជាដែលប្តេជ្ញារក្សាឱ្យបានអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។
តាមរយៈតេឡេក្រាមដដែលលោក ហ៊ុន ម៉ាណែតបញ្ជាក់ថា៖«លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ និងការយកចិត្តទុកដាក់ក្នុងការជំរុញការផ្គត់ផ្គង់ និងការផលិតនូវថាមពលកកើតឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជា»។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ និងបង្ហាញក្តីរីករាយ ចំពោះក្រុមហ៊ុនបារាំងដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា។ លោកបានស្នើដល់ក្រុមហ៊ុនបារាំងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងរ៉ែ និងថាមពល ក៏ដូចជាអគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនេះ។
លោកបញ្ជាក់ថា៖«ច្បាប់វិនិយោគរបស់កម្ពុជា ផ្ដល់ការអនុគ្រោះ និងលើកទឹកចិត្តដល់សកម្មភាពវិនិយោគក្នុងវិស័យនេះ ហើយសន្តិសុខថាមពល ក៏ជាអាទិភាពមួយ ដែលជានិន្នាការរបស់ពិភពលោក ឆ្ពោះទៅកាន់អព្យាក្រឹត្យកាបូននៅថ្ងៃអនាគត»៕