
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងជំនួបសម្តែងការគួរសមជាមួយ លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) កាលពីព្រឹកថ្ងៃទី ១៥ ខែមករា។ រូបថត STPM
ទីក្រុងប៉ារីសៈ ក្នុងជំនួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី១៥ ខែមករា លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) បានបង្ហាញការប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជា ដើម្បីឱ្យក្រុមហ៊ុនបារាំងបានស្គាល់កម្ពុជា។ នេះបើតាមតេឡេក្រាម លោក ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី១៥ ខែមករានេះ។
ប្រភពដដែលបានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅប្រទេសបារាំង ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅព្រឹកថ្ងៃទី១៥ ខែមករា លោក ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក ប្រធាន(APF) ចូលជួបសម្តែងការគួរសម។ ក្នុងជំនួបនេះហើយ ដែលលោក Geoffroy Roux De Bezieux បានប្រាប់ពីបំណង របស់ APF ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីពង្រីកទីផ្សារនៅទ្វីបអាស៊ី ជាពិសេសកម្ពុជា ដែលជាប្រទេសស្ថាបនិក នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងជាប្រទេសដែលបានដាក់បេក្ខភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីឆ្នាំ២០២៦។
ប្រភពដដែលបញ្ជាក់ថា៖ «លោកប្រធាន APF បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជា ដើម្បីឱ្យក្រុមហ៊ុនបារាំង បានស្គាល់កម្ពុជា ឱ្យកាន់តែច្បាស់បន្ថែមទៀត ព្រោះកម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញ»។
បន្ថែមលើនេះ លោកប្រធាន APF បានបង្ហាញជំនឿចិត្តថា ការដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ គឺជាឱកាសល្អបំផុតក្នុងការផ្សព្វផ្សាយឱកាសវិនិយោគនៅកម្ពុជា ដល់ក្រុមហ៊ុនបារាំង។ ជាមួយគ្នានោះ កម្ពុជាក៏មានឱកាស ពង្រឹងទំនាក់ទំនងល្អ និងបង្ហាញនូវភាពទាក់ទាញដល់អ្នកវិនិយោគគិនផងដែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយដោយបានជួបពិភាក្សាការងារជាមួយលោក Geoffroy Roux De Bezieux។ លោកបានលើកឡើងថា កម្ពុជាជាប្រទេសដែលមានច្បាប់វិនិយោគ និងបរិស្ថានដ៏ល្អប្រសើរសម្រាប់ការវិនិយោគ ពិសេសលើវិស័យបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ បច្ចេកទេសឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម ជាដើម ដែលក្រៅពីការវិនិយោគប្រទេសដទៃ ក្រុមហ៊ុនបារាំងគួរតែសាកល្បងចាប់យកឱកាសវិនិយោគនៅកម្ពុជា។
តាមរយៈតេឡេក្រាមដដែលបានឱ្យដឹងថា លោក ហ៊ុន ម៉ាណែត បានបង្ហាញនូវក្តីសង្ឃឹមថា ក្រុមហ៊ុនបារាំងនឹងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងបន្តអនុវត្តនូវអភិក្រមមានលក្ខណៈប្រាកដនិយម ក្នុងការគាំទ្រវិនិយោគ និងផ្តល់ដំណោះស្រាយជាក់ស្តែងធ្វើយ៉ាងណាឱ្យការធ្វើប្រតិបត្តិការអាជីវកម្មគ្មានបញ្ហាចោទកើតឡើង៕