ភ្នំពេញៈ ចាប់ពីពេលនេះតទៅ វិនិយោគិនអាចធ្វើការជួញដូរភាគហ៊ុនរបស់ពួកគេនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) ជារូបិយប័ណ្ណក្នុងស្រុក «ប្រាក់រៀល» និងធ្វើការទូទាត់ជាប្រាក់ដុល្លារបាន បន្ទាប់ពីផ្សារមូលបត្រកម្ពុជាបានដាក់ឱ្យដំណើរការជាផ្លូវការនូវយន្តការទូទាត់ថ្មី។
យោងតាមសេចក្តីប្រកាសរបស់ CSX យន្តការថ្មីនេះត្រូវបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៥ ខែមករា ដែលអនុញ្ញាតឱ្យអ្នកវិនិយោគទាំងអស់ធ្វើការជួញដូរ និងទទួលបានការទូទាត់កាន់តែងាយស្រួល។
«ផ្សារមូលបត្រកម្ពុជាសូមជម្រាបវិនិយោគិនឱ្យបានជ្រាបថា យើងនឹងដាក់ដំណើរការយន្តការថ្មី គឺការជួញដូរជាប្រាក់រៀល ដោយទូទាត់ជាប្រាក់ដុល្លារ បន្ថែមលើយន្តការបច្ចុប្បន្ន ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤»។ នេះបើយោងតាមCSX។
សេង ចាន់ធឿន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស៊ីឃ្យូរិធី (RGS) បានឱ្យដឹងថា យន្តការថ្មីនេះនឹងទទួលឥទ្ធិពលវិជ្ជមានលើការអភិវឌ្ឍផ្សារហ៊ុន ខណៈដែលវាផ្តល់ជម្រើសកាន់តែច្រើនសម្រាប់វិនិយោគិនក្នុងការជួញដូរ និងធ្វើឱ្យការទូទាត់កាន់តែងាយស្រួល។
លោកថ្លែងថា៖ «ការដាក់ឱ្យដំណើរការនាពេលថ្មីៗនេះនៃការទូទាត់ជាប្រាក់ដុល្លារដោយផ្សារមូលបត្រកម្ពុជា (CSX) គឺជាការអភិវឌ្ឍដ៏សំខាន់មួយសម្រាប់ទីផ្សារមូលបត្រកម្ពុជា។ វាដោះស្រាយតម្រូវការរបស់វិនិយោគិន ក្នុងការផ្តល់ជាជម្រើសទូទាត់ជាប្រាក់ដុល្លារ»។
លោកលើកឡើងថា៖ «វិធានការនេះលើកកម្ពស់សមត្ថភាពប្រកួតប្រជែងទីផ្សារ ទាក់ទាញវិនិយោគិនកាន់តែទូលំទូលាយ និងរួមចំណែកដល់កំណើនទីផ្សារ។ យន្តការថ្មីនៃការទូទាត់ជាប្រាក់ដុល្លារថ្មីនេះត្រូវបានគេរំពឹងថានឹងទាក់ទាញវិនិយោគិននៅក្រៅប្រទេសកាន់តែច្រើនថែមទៀត ដែលទំនងជានឹងរួមចំណែកដល់ការបង្កើនសន្ទនីយភាពទីផ្សារផងដែរ»។
យោងតាម CSX សម្រាប់ការជួញដូរ ដោយមានការទូទាត់ជាប្រាក់ដុល្លារអាមេរិក គឺជាយន្តការមួយដែលអ្នកអាចដាក់ការទិញ ឬលក់ជាប្រាក់រៀល ប៉ុន្តែទូទាត់ការជួញដូរជាប្រាក់ដុល្លារអាមេរិក ដោយផ្អែកលើអត្រាប្តូរប្រាក់ដែលបានបង្ហាញជាមុនដោយផ្សារហ៊ុននេះ។
យោងតាម CSX អត្រាប្តូរប្រាក់គឺផ្អែកលើអត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា១ថ្ងៃមុននៃថ្ងៃធ្វើការ។
CSX បន្ថែមថា៖ «វិនិយោគិនដែលជាអ្នកទិញត្រូវមានសមតុល្យសាច់ប្រាក់សុទ្ធ ជាប្រាក់ដុល្លារអាមេរិកនៅក្នុងគណនីជួញដូរ ហើយវិនិយោគិនអាចដាក់ការបញ្ជាទិញតាមរយៈឈ្មួញកណ្តាល ឬកម្មវិធីជួញដូរចល័តរបស់CSX»។
លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា (SERC) បានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយកាលពីខែធ្នូថា គិតត្រឹមថ្ងៃទី ១៩ ខែធ្នូ SERC ក្នុងនាមជាក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ និងទទួលស្គាល់ក្រុមហ៊ុនមូលបត្រចំនួន១២០ ដើម្បីប្រតិបត្តិការ និងផ្តល់សេវាកម្មរួមមាន ការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនមូលបត្រចំនួន ១៣ ក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុចំនួន ៤ក្រុមហ៊ុនប្រឹក្សាវិនិយោគចំនួន ២ក្រុមហ៊ុនចែកចាយមូលបត្រចំនួន ៣សមភាគីកណ្តាលចំនួន ៥ ក្រុមហ៊ុនជើងសានិស្សន្ទចំនួន ២២ក្រុមហ៊ុនគ្រប់គ្រងមូលនិធិចំនួន ១៦ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មចំនួន ៨ ក្រុមហ៊ុនចែកចាយការលក់ ទិញ ឬសងក្រុមហ៊ុនវិញចំនួន ៤ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិចំនួន៣ ហើយក៏បានផ្តល់ការអនុញ្ញាត និងការទទួលស្គាល់ដល់ក្រុមហ៊ុនផ្សេងៗផងដែរ។ គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣SERC បានផ្តល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួន ៤៥ ៨៧០ នាក់៕