បាត់ដំបងៈ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោក ភួ វាសនា បានប្រាប់ឱ្យដឹងថា មានក្រុមហ៊ុនចិនឈ្មោះ Brand of China National Heavy Machinery Corporation បានបង្ហាញពីការចាប់អារម្មណ៍ ទៅលើការកែច្នៃកាកសំណល់កសិផល បន្លែ ផ្លែឈើ និងថាមពលអគ្គិសនីនៅខេត្តបាត់ដំបង។
លោក ភួ វាសនា ដែលជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាផងដែរនោះ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៦ ខែមករាថា តំណាងក្រុមហ៊ុន Brand of China National Heavy Machinery បានមកជួបក្រុមការងារសភាពាណិជ្ជកម្មខេត្តបាត់ដំបង ដោយក្រុមហ៊ុននេះមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការវិនិយោគ ការកែច្នៃកាកសំណល់កសិផល បន្លែ ផ្លែឈើ និងថាមពលអគ្គិសនីនៅខេត្តបាត់ដំបង ស្របពេលខេត្តនេះ មានផលិតផលកសិកម្ម ដែលមានសក្តានុពលច្រើន សម្រាប់ការវិនិយោគ។
លោកប្រាប់ឱ្យដឹងថា៖«ជំនួបរបស់យើងនេះ គឺមានគោលបំណងក្នុងការទាញវិនិយោគិនក្រៅប្រទេសមកវិនិយោគក្នុងខេត្តរបស់យើង ហើយក៏ចង់បង្កើតកិច្ចសហការរវាងសភាពាណិជ្ជកម្មខេត្តបាត់ដំបងជាមួយក្រុមហ៊ុនចិននេះផងដែរ ដើម្បីជំរុញឱ្យមានការវិនិយោគលើរោងចក្រកែច្នៃក្នុងខេត្តនេះ ដោយសារយើងមានផលិតផលកសិកម្មជាច្រើនមុខ ជាពិសេសបន្លែនិងផ្លែឈើ»។
ទោះជាយ៉ាងណាលោកភួ វាសនា ថា ភាគីក្រុមហ៊ុនចិន ត្រូវការពេលវេលា ដើម្បីសិក្សាឱ្យបានច្បាស់លាស់ និងល្អិតល្អន់ជាមុនសិន មុននឹងសម្រេចចិត្តក្នុងការវិនិយោគ ខណៈដែលលោកអះអាងថា ជំនួបលើកនេះមានភាពវិជ្ជមានច្រើន។
លោកបញ្ជាក់ថា៖«មិនត្រឹមតែវិនិយោគិនចិនទេ ដែលយើងត្រូវការឱ្យគេមកវិនិយោគនៅខេត្តយើង តែយើងស្វាគមន៍គ្រប់អ្នកវិនិយោគទាំងអស់ ដែលមានបំណងចង់មកស្វែងរកការវិនិយោគនៅខេត្តបាត់ដំបង ជាខេត្តដែលមានសក្តានុពលខ្លាំងលើដំណាំកសិកម្ម»។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានប្រាប់ឱ្យដឹងដែរថា កន្លងទៅ លោកបានជួបជាមួយគណៈប្រតិភូដែលជាវិនិយោគិនមកពីប្រទេសចិនមួយចំនួនដែរ ដែលមកស្វែងយល់អំពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង ដោយសារតែខេត្តបាត់ដំបង ជាខេត្តគោលដៅដ៏សំខាន់មួយសម្រាប់កម្ពុជាដែលមានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ និងភ្ជាប់ទៅកាន់តំបន់សំខាន់ៗនៅក្នុងប្រទេសបានយ៉ាងល្អប្រសើរផងដែរ។
លោក សុខ លូ មានប្រសាសន៍ថា ៖ «សម្រាប់យើងស្វាគមន៍អ្នកវិនិយោគ មិនថាតែមកពីប្រទេសចិនឬប្រទេសណាឡើយ យើងរីករាយនឹងសហការ ដើម្បីផ្តល់ឱកាសធ្វើការវិនិយោគនៅក្នុងទឹកដីរបស់យើង។ ខេត្តមួយនេះកំពុងមានតម្រូវការជាច្រើនខាងផ្នែកកសិកម្មនេះ ដោយទាមទារឱ្យវិនិយោគិនក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស»។
សព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារបណ្ដាលឱ្យមានការធ្លាក់ថ្លៃចុះ។
លោកបានបន្ថែមខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាខេត្តប៉ូលសេដ្ឋកិច្ចទី៤នៃប្រទេសកម្ពុជា និងជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តក៏ចាប់ផ្ដើមល្អប្រសើរច្រើន មានផ្លូវអាស៊ានហាយវេ ដែលភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យតែម្ដង និងអាចមានផ្លូវរថភ្លើងនៅពេលអនាគត។
រាជរដ្ឋាភិបាល ក៏មានគម្រោងសាងសង់ផ្លូវតភ្ជាប់ពីខេត្តសៀមរាប ឆ្ពោះមកខេត្តបាត់ដំបងផ្ទាល់តែម្ដង ហើយបើសិនជាផ្លូវល្បឿនលឿនពីភ្នំពេញមកសៀមរាប និងផ្លូវពីសៀមរាបមកបាត់ដំបងចេញរូបរាង នោះភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងងាកមកកម្សាន្ត ខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ហើយខេត្តបាត់ដំបង ក៏នឹងក្លាយជាខេត្តទេសចរណ៍ដ៏សំខាន់ផងដែរ។ នេះបើតាមលោក សុខ លូ បញ្ជាក់បន្ថែម៕