ភ្នំពេញៈ កម្ពុជារកប្រាក់បានជិត ៧,៩ ពាន់លានដុល្លារពីការនាំចេញសម្លៀកបំពាក់ និងវត្ថុបន្ទាប់បន្សំ កាលពីឆ្នាំ ២០២៣ ដោយថយចុះជិត ១៣ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ខណៈរយៈពេលប៉ុន្មានខែចុងក្រោយឆ្នាំ ២០២៣ ការនាំចេញផលិតផលទាំងអស់នេះបានងើបឡើងវិញជាបណ្តើរៗ។ នេះបើយោងតាមអគ្គនាយកគយ និងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិទំនិញពាណិជ្ជកម្មនាំចេញរបស់ GDCE ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការនាំចេញទំនិញក្នុងជំពូកទំនិញ (HS ២ ខ្ទង់) ដែលមានលេខកូដ ៦១ និង ៦២ រួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើឡើងពីក្រណាត់ ឬមិនធ្វើពីក្រណាត់មានទឹកប្រាក់សរុប ៧,៨៧ ពាន់លានដុល្លារ ធ្លាក់ចុះ ១២,៩១ ភាគរយ។
បើធ្វើការបែងចែកក្នុងចំនួនទឹកប្រាក់ខាងលើ គឺការនាំចេញទំនិញផលិតផលដែលមាន (HS ២ខ្ទង់) លេខកូដ ៦១ (សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុលពីរ ឬមួយ) មានចំនួន ៥,៤៨ ពាន់លានដុល្លារ ធ្លាក់ចុះ ១៤ ភាគរយ និងទំនិញក្នុងជំពូកលេខកូដ ៦២ (សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរ ឬមួយ)មានទឹកប្រាក់ ២,៣៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១០,៤ ភាគរយ។
ទឹកប្រាក់នាំចេញទំនិញលេខកូដ ៦១ និង ៦២ គឺស្មើនឹង ៣៤,៨ ភាគរយនៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជាក្នុងឆ្នាំ ២០២៣ ដែលមាន ២២,៦៤ពា ន់លានដុល្លារ។ នេះបើតាម GDCE។
ទោះយ៉ាងណា បើតាម GDCE សម្រាប់ខែធ្នូ ឆ្នាំ ២០២៣ ការនាំចេញផលិតផលលេខកូដ ៦១ និង ៦២ គឺមានភាពល្អជាងខែមុនៗ ដោយមានទឹកប្រាក់សរុប ៧៦២,៧២ លានដុល្លារ កើន ១៤,០៩ ភាគរយធៀបខែធ្នូ ឆ្នាំ ២០២២។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៦ ខែមករាថា វិបត្តិសេដ្ឋកិច្ចពិភពលោកដែលកើតជាបន្តបន្ទាប់បានបណ្តាលឱ្យចរន្តការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកាលពីឆ្នាំ ២០២៣ ធ្លាក់ចុះស្ទើរគ្រប់ប្រភេទមុខទំនិញ។ ផលិតផលវាយនភណ្ឌកម្ពុជាមានទីផ្សារធំនៅបណ្តាប្រទេសរីកចម្រើន ដូច្នេះបើសេដ្ឋកិច្ចប្រទេសទាំងនោះមិនល្អ និងប្រជាជនមិនសូវធ្វើទេសចរណ៍ ការបញ្ជាទិញក៏ធ្លាក់ចុះដែរ។
លោកប្រាប់ថា៖ «ការធ្លាក់ចុះទឹកប្រាក់នាំចេញទំនិញសម្លៀកបំពាក់កាលពីឆ្នាំ ២០២៣ គឺដោយសារតម្រូវការទីផ្សារអន្តរជាតិធ្លាក់ចុះ។ សម្រាប់សមត្ថភាពផលិតកម្មនៅកម្ពុជា គឺមិនមានបញ្ហាឡើយ ប៉ុន្តែកំពុងកើនឡើងទៅវិញដោយមានរោងចក្រថ្មីៗក្នុងវិស័យវាយនភណ្ឌបើកដំណើរការកាន់តែច្រើន»។
លោកបានបន្ថែមថា ការងើបឡើងវិញនៃចំនួនទឹកប្រាក់នាំចេញរយៈចុងក្រោយនេះ គឺជាសញ្ញាបញ្ជាក់ថាឆ្នាំ ២០២៤ ការនាំផលិតផលវាយនភណ្ឌនឹងមានកំណើនជាងឆ្នាំ ២០២៣។
ប្រធានសហព័ន្ធសមាគមអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ ថ្មីៗនេះបាននិយាយថា ចំនួនទឹកប្រាក់នាំចេញផលិតផលវាយនភណ្ឌដែលរួមមានសម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលប្រហាក់ប្រហែលមួយចំនួន ដែលធ្លាក់ចុះក្នុងឆ្នាំ ២០២៣ គឺដោយសារមូលហេតុចម្បងៗមួយចំនួនដូចជា ចំនួនដ៏ច្រើននៃការបញ្ជាទិញនាឆ្នាំ ២០២២ ដែលធ្វើឱ្យស្តុករបស់ក្រុមហ៊ុនបញ្ជាទិញមាននៅសល់ច្រើន, បញ្ហាជម្លោះភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅប្រទេសមួយចំនួន ដែលជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចសកល។
លោកបន្តថា ទោះយ៉ាងណាអ្វីៗមានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញ។
លោកនិយាយថា៖ «ការនាំចេញផលិតផលវាយនភណ្ឌពីកម្ពុជាទៅទីផ្សារអន្តរជាតិបានកើនឡើងវិញហើយ។ ខ្ញុំគិតថា ឆ្នាំ ២០២៤ ការនាំចេញទំនិញគ្រប់ប្រភេទរបស់កម្ពុជានឹងល្អប្រសើរជាងឆ្នាំ ២០២៣»។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង ម៉ូនីកា ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការនាំចេញផលិតផលសម្លៀកបំពាក់កម្ពុជាទៅទីផ្សារអន្តរជាតិ បានធ្លាក់ចុះចាប់តាំងពីឆមាសទី ២ ឆ្នាំ ២០២២។ មូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារសេដ្ឋកិច្ចប្រទេសធំៗជួបបញ្ហាដែលបណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។
ទិន្នន័យពីសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ឱ្យដឹងថា គិតត្រឹមដើមខែសីហា ឆ្នាំ ២០២៣ វិស័យនេះមានរោងចក្រសរុប ១ ០៧៧ ដោយផ្តល់ការងារដល់ពលរដ្ឋប្រមាណ ៧៦ ម៉ឺននាក់៕