ភ្នំពេញៈ កម្ពុជានឹងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារជប៉ុនឱ្យបានជាង ១០០ តោនក្នុងឆ្នាំ ២០២៤ នេះ ខណៈដំណើរការពង្រីកសមត្ថភាពរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី កំពុងបោះជំហានទៅមុខយ៉ាងលឿន។ នេះបើតាមម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ។
លោកស្រី អ៊ិន ឡៃហ៊ួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ដែលជាសិប្បកម្មតែមួយគត់នាំចេញទៅទីផ្សារជប៉ុន និងមានទីតាំងនៅក្នុងខេត្តកំពង់ធំ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៦ ខែមករាថា ដំណើរការពង្រីកសមត្ថភាពសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន Mirath Agri Tech Co., LTD ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុនជប៉ុន Mirath Holding កំពុងតែបោះជំហានទៅមុខជាប្រចាំ ដោយរំពឹងថានឹងរួចរាល់នៅត្រឹមពាក់កណ្តាលឆ្នាំ ២០២៤ នេះ។ បច្ចុប្បន្នសិប្បកម្ម ជ័យ សំបូរ មានម៉ាស៊ីនកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ២ រួចហើយជាការវិនិយោគរបស់ក្រុមហ៊ុន Top planning Japan Co., Ltd(TPJ)។
លោកស្រីថ្លែងថា៖ «យើងរំពឹងថាចាប់ពីពាក់កណ្តាលឆ្នាំ ២០២៤ ទៅ ការនាំចេញគ្រាប់ស្វាយចន្ទីរបស់សិប្បកម្ម ជ័យ សំបូរ ទៅប្រទេសជប៉ុននឹងមានបរិមាណចន្លោះពី ២០-៣០តោនក្នុង ១ ខែ ខណៈក្នុងឆ្នាំ ២០២៣ កន្លងមកការនាំចេញជាផ្លូវការទៅប្រទេសជប៉ុនបានក្នុងបរិមាណត្រឹមតែ ៩ តោនប៉ុណ្ណោះ។ ជប៉ុន ជាទីផ្សារសំខាន់របស់យើងដោយកន្លងមកការនាំចេញគ្រាប់ស្វាយចន្ទីផ្លូវការទៅប្រទេសជប៉ុន គឺធ្វើតាមរយៈក្រុមហ៊ុន TPJ តែប៉ុណ្ណោះ»។
យោងតាមលោកស្រី ឡៃហ៊ួត ការនាំចេញគ្រាប់ស្វាយចន្ទីរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ទៅប្រទេសជប៉ុនលើកដំបូងត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០២១ ក្នុងបរិមាណ ៣០ តោន និងឆ្នាំ ២០២២ បាន ៤០ តោន។ ទោះយ៉ាងណា ដោយសារប្រទេសជប៉ុន កំណត់ឱ្យការនាំចេញត្រូវមានច្បាប់ និងការវេចខ្ចប់តាមស្តង់ដានោះ គឺក្នុងឆ្នាំ ២០២៣ ការនាំចេញមានចំនួនត្រឹមតែ ៩តោនប៉ុណ្ណោះ។
លោកស្រីបញ្ជាក់ថា៖ «បន្ទាប់ពីមានការជួយសម្របសម្រួលពីរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុននាំចេញ ខ្ញុំរំពឹងថាចាប់ពីពាក់កណ្តាលឆ្នាំ ២០២៤ ទៅការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ទៅជប៉ុន នឹងមានបរិមាណចន្លោះពី ២០-៣០ តោនរៀងរាល់ខែ»។
កាលពីខែឧសភា ឆ្នាំ ២០២៣ លោកស្រី ឡៃហ៊ួត ធ្លាប់អះអាងថា សិប្បកម្មរបស់លោកស្រីអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណជិត ១០០ តោនក្នុង ១ ខែ ប៉ុន្តែជាក់ស្តែងការកែច្នៃ គឺមានកម្រិតតិចតួចប៉ុណ្ណោះ ព្រោះធ្វើឡើងតាមការបញ្ជាទិញពីអតិថិជន។បើតាមលោកស្រី ឡៃហ៊ួត បច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនបានមកទាក់ទងលោកស្រីដើម្បីនាំចេញទៅប្រទេសកូរ៉េ សិង្ហបុរី និងកោះតៃវ៉ាន់ ជាដើម។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ថា បច្ចុប្បន្នគ្រាប់ស្វាយចន្ទីកែច្នៃកម្ពុជាត្រូវបាននាំចេញជាផ្លូវការទៅប្រទេសជាច្រើនលើពិភពលោក ប៉ុន្តែសម្រាប់ប្រទេសជប៉ុន គឺមានតែសិប្បកម្មជ័យ សំបូរ ប៉ុណ្ណោះ។ ជ័យ សំបូរ ជារោងចក្រខ្នាតតូចស្ថិតនៅក្នុងខេត្តកំពង់ធំ ដែលជាការវិនិយោគរួមគ្នារវាងវិនិយោគិនក្នុងស្រុក ជាមួយនឹងក្រុមហ៊ុនជប៉ុន Top planning Japan Co., Ltd។
លោកថ្លែងថា៖ «យើងសង្ឃឹមថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចទៅប្រទេសជប៉ុននឹងមានកំណើនខ្ពស់នាពេលខាងមុខ។ បច្ចុប្បន្នផលិតផលស្វាយចន្ទីកម្ពុជា កំពុងត្រូវបានដាក់លក់នៅផ្សារទំនើបជប៉ុន OK និង Aeon ជាង ៣០០ សាខាទូទាំងប្រទេសជប៉ុន»។
បើតាមលោក ស៊ីឡុត គ្រាប់ស្វាយចន្ទីកែច្នៃកម្ពុជាលក់នៅជប៉ុន ក្នុងផ្សារ OK នៃខេត្តខាណាកាវ៉ា មានតម្លៃប្រមាណ ១,៦១៥ យ៉េន (ប្រហែល ១១ ដុល្លារ) សម្រាប់ទម្ងន់ ៥០០ ក្រាម។លោក អួន ស៊ីឡុត ឱ្យដឹងទៀតថានៅកម្ពុជាបច្ចុប្បន្នរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ចាម របស់ក្រុមហ៊ុន Welwilling Agricultural Technology (Cambodia)CO., LTD. គឺមានសមត្ថភាពផលិតកម្មធំជាងគេ ដោយអាចកែច្នៃបាន ៧ ០០០ តោនក្នុង ១ ឆ្នាំ។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងឆ្នាំ ២០២៣ ប្រទេសកម្ពុជានាំចេញគ្រាប់ស្វាយចន្ទី សរុប ៤២៥ ៩៧៧,១៣ តោន ធ្លាក់ចុះ ៩,៩៦ ភាគរយ។
លោក ស៊ីឡុត អះអាងថា៖ «សម្រាប់ឆ្នាំ ២០២៤ នេះ ខ្ញុំគិតថា ការនាំចេញគ្រាប់ស្វាយចន្ទីឆៅនឹងបន្តធ្លាក់ចុះទៀត ប៉ុន្តែវាមិនមែនជាសញ្ញាអាក្រក់ឡើយ ដោយវានឹងជំនួសមកវិញតាមរយៈការកើនឡើងនៃសមត្ថភាពរបស់សិប្បកម្ម និងរោងចក្រកែច្នៃក្នុងស្រុក ដែលនឹងជួយឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមខ្ពស់ជាងការនាំចេញផលិតផលមិនទាន់កែច្នៃ។ ប្រមាណជាង ៩០ ភាគរយនៃផលិតផលគ្រាប់ស្វាយចន្ទីឆៅកម្ពុជា ត្រូវបានឈ្មួញប្រមូលយកទៅលក់នៅប្រទេសវៀតណាម»។
រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម កាលពីខែមិថុនា ឆ្នាំ ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧» ដោយគោលនយោបាយជាតិនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក៕