ភ្នំពេញៈ អស់រយៈពេលជាង ៣ ឆ្នាំមកហើយដែលធនាគារជាតិនៃកម្ពុជា (NBC) ដាក់ឱ្យដំណើរការបច្ចេកវិទ្យាការទូទាត់ blockchain ដែលហៅថា ប្រព័ន្ធទូទាត់ប្រាក់ «បាគង» ដែលជាការទូទាត់ចល័ត ដោយមានការរួមបញ្ចូលគ្នានូវអ៊ីវ៉ាលីត ការទូទាត់ចល័ត ធនាគារអនឡាញ និងកម្មវិធីហិរញ្ញវត្ថុងាយស្រួល ដែលបានចូលរួមចំណែកយ៉ាងសកម្មធ្វើឱ្យការទូទាត់ឌីជីថលនៅប្រទេស និងត្រូវបានគេចាត់ទុកថា ប្រព័ន្ធទូទាត់រូបិយប័ណ្ណឌីជីថលដំបូងគេរបស់ធនាគារទាំងក្នុងតំបន់ និងពិភពលោក។
គម្រោងនៃការចាប់ផ្តើមអភិវឌ្ឍន៍នេះចេញពីគំនិតកាលពីឆ្នាំ ២០១៩ និងត្រូវបាន NBC ដាក់ឱ្យដំណើរការផ្លូវការកាលពីខែតុលា ឆ្នាំ ២០២០។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Soramitsu ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន។
បើគិតត្រឹមដើមខែមករា ឆ្នាំ ២០២៤ ចំនួនអ្នកប្រើប្រាស់ «ប្រព័ន្ធបាគង» បានកើនដល់ជាង ១០ លានគណនី ខណៈប្រព័ន្ធនេះមានគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៧០ ជាសមាជិក ដែលក្នុងនោះ ៤៩ កំពុងដំណើរការយ៉ាងសកម្ម។
នៅក្នុងរយៈពេល ៦ ខែដំបូងឆ្នាំ ២០២៣ ចំនួនអ្នកប្រើប្រព័ន្ធបាគងបានកើនដល់ជាង ១០ លានគណនី ខណៈប្រព័ន្ធនេះមានគ្រឹះស្ថានហិរញ្ញវត្ថុ ៧០ ជាសមាជិក នៅក្នុងនោះ ៤៩ កំពុងដំណើរការយ៉ាងសកម្ម។
ក្នុងរយៈពេល ៦ ខែដំបូងឆ្នាំ ២០២៣ បាគងបានកត់ត្រាប្រតិបត្តិការជាង ៣៥,៤ លានដង មានតម្លៃជាង ១២ ពាន់លានដុល្លារប្រហែល ៦៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។ ប្រតិបត្តិការទូទាត់តាមប្រព័ន្ធឌីជីថលក្នុងអំឡុងពេលនេះ បានរួមចំណែកចំនួន ៨៩២ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ នេះបើយោងតាម NBC។
លោកស្រី ជា សិរី ទេសាភិបាល NBC បានឱ្យដឹងកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ថា NBC បានស្រាវជ្រាវយ៉ាងសកម្មនូវគោលគំនិតនៃរូបិយប័ណ្ណឌីជីថលតាំងពីឆ្នាំ ២០១៦ និងដាក់ឱ្យដំណើរការប្រព័ន្ធបាគង កាលពីឆ្នាំ ២០២០។
លោកស្រីថ្លែងថា៖ «ខ្ញុំសូមឆ្លៀតយកឱកាសនេះដើម្បីពិភាក្សាពីទិដ្ឋភាពជាក់ស្តែងមួយចំនួននៅក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់បាគង។ ទី១ គឺបាគងលើកកម្ពស់អន្តរប្រតិបត្តិការ និងការតភ្ជាប់នៅទូទាំងគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងប្រទេស និងទី២ វាបង្កើនប្រសិទ្ធភាពនៃការទូទាត់ក្នុងលក្ខខណ្ឌនៃការចំណាយ តម្លាភាព និងសុវត្ថិភាព។ ដូច្នេះប្រព័ន្ធនេះជួយសម្រួលដល់បរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមប្រជាជនដែលមិនមានគណនីធនាគារប្រើប្រាស់ ហើយសំខាន់ជាងនេះទៅទៀត គឺលើកទឹកចិត្តការប្រើប្រាស់រូបិយប័ណ្ណនៅក្នុងស្រុកក្នុងការទូទាត់តាមអេឡិចត្រូនិក»។
ប្រធានផ្នែកទីផ្សារធនាគារ ABA លោក Igor Zimarev បានឱ្យដឹងថា ធនាគារ ABA គឺជាគ្រឹះស្ថានដំបូងគេដែលចាប់ដំណើរការសេវាកម្មដែលផ្តោតលើបាគងដល់អតិថិជនរបស់ខ្លួនដោយបានចាប់ផ្ដើមអនុវត្តកាលពីឆ្នាំ ២០២០។
ឆ្នាំ ២០២៣ ធនាគារ ABA បានសម្របសម្រួលប្រតិបត្តិការចំនួន ៨២៤ លានដង តាមរយៈកម្មវិធីធនាគារចល័តរបស់ខ្លួន ដែលមានតម្លៃប្រតិបត្តិការជាង ២០៧ ពាន់លានដុល្លារ។
លោកបញ្ជាក់ថា៖ «ការជំរុញឆ្ពោះទៅរកការធ្វើឌីជីថលភាវូបនីយកម្មក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងក្នុងស្រុក និងសកលលោកបានដំណើរការអស់រយៈពេលជិត ១ ទសវត្សរ៍មកហើយ។ ការកើតឡើងជំងឺកូវីដ ១៩ បានពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកហិរញ្ញវត្ថុឌីជីថលទៅមួយកម្រិតទៀត»។
លោកបានបន្តថា៖ «ប្រទេសកម្ពុជា ជាមួយនឹងចំនួនប្រជាជនវ័យក្មេង គំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលសកម្មជាមុន និងការបង្កើតប្រព័ន្ធ បាគង បានមើលឃើញការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យនេះ»។
លោកស្រី ជា សិរី បានថ្លែងទៅកាន់សារព័ត៌មាន Nikkei ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៤ ថា ចំនួនអ្នកប្រើប្រាស់បាគងបានកើនដល់ ១០ លានគណនីនៅក្នុងចំណោមប្រជាជនកម្ពុជាសរុប ១៦ លាននាក់។
លោកស្រីថ្លែងថា៖ «ធនាគារជាតិនៃកម្ពុជាកំពុងខំប្រឹងប្រែងសម្រាប់បរិយាបន្នហិរញ្ញវត្ថុ។ យើងអាចធ្វើបានច្រើនទៀតដើម្បីបង្កើនចំនួនអ្នកប្រើបាគង ដោយផ្ដោតលើការការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពតាមអ៊ីនធឺណិត»៕