ភ្នំពេញ: ផ្សារមូលបត្រកម្ពុជា (CSX) រំពឹងថា នឹងបង្កើនតម្លៃជួញដូរប្រចាំថ្ងៃឱ្យដល់ ១០០ លានដុល្លារត្រឹមឆ្នាំ ២០៣០ ខណៈដែលពួកគេរំពឹងថា គណនីជួញដូរនឹងកើនឡើងដល់ ១០០ ០០០ នៅឆ្នាំនេះ។ យោងតាមមន្ត្រីជាន់ខ្ពស់របស់ CSX។
លោក ហុង សុហួរ អគ្គនាយក CSX បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បន្ទាប់ពី CSX បាន ចាប់ផ្ដើមដំណើរការកាលពី ១១ ឆ្នាំមុន លោកសង្កេតឃើញថា ចំណេះដឹងរបស់សាធារណជនកម្ពុជាទាក់ទង នឹងការជួញដូរផ្សារហ៊ុនមានការកើនឡើងជាលំដាប់។ សម្រាប់សកម្មភាពទីផ្សារភាគហ៊ុនក្នុងឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ ២០២២ បរិមាណនៃការជួញដូរបានកើនឡើង ប៉ុន្តែតម្លៃនៃការជួញដូរមានការធ្លាក់ចុះ ដោយសារ ចំនួនជួញដូរច្រើនមានលក្ខណៈតូចៗ។
លោកបានឱ្យដឹងថា បន្ទាប់ពីមានកំណើនគួរឱ្យកត់សម្គាល់កាលពីឆ្នាំមុន ចំពេលសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ CSX នៅតែទទួលបានចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីកាន់តែច្រើន រួមមានក្រុមហ៊ុនបោះផ្សាយមូលបត្រកម្មសិទ្ធិចំនួន ២ និងក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណសាជីវកម្មចំនួន ៣។
លោកបានបញ្ជាក់ថា គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២៣ មានក្រុមហ៊ុនចុះបញ្ជីចំនួន ២២ ដែលរួមក្រុមហ៊ុន ១១ ចុះបញ្ជីមូលបត្រកម្មសិទិ្ធ និងក្រុមហ៊ុនចំនួន ១១ ចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម។ ក្រុមហ៊ុនទាំង ២២ នេះបានប្រមូលមូលនិធិសរុបប្រមាណ ៣៥៩ លានដុល្លារពីទីផ្សារមូលធន។ ទន្ទឹមនឹងនេះដែរ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមមានប្រមាណ ១៣០ ០០០ ភាគហ៊ុន ដែលមានតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមប្រហែល ២១ ម៉ឺនដុល្លារ។
លោកថ្លែងថា៖ «ចំនួនគណនីជួញដូរបានបង្ហាញពីកំណើនយ៉ាងខ្លាំង ដែលកើនឡើងពីប្រមាណ ៣៥ ០០០ គណនីដល់ ៤៧ ០០០ គណនី។ មហិច្ឆតារបស់ CSX នឹងឈានដល់ចំនួនគណនីជួញដូររហូតដល់ ១ សែនគណនីនៅឆ្នាំ ២០២៤ ជាមួយនឹងតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យម ១០០ លានដុល្លារត្រឹមឆ្នាំ ២០៣០»។ លោកបន្តថា៖ «យើងស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាដើម្បីអភិវឌ្ឍទីផ្សារមួយនេះទៅកម្រិតមួយទៀត»។
លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានឱ្យដឹងថា ជាមួយនឹងការកើនឡើងចំនួនក្រុមហ៊ុន ដែលបញ្ជាក់អំពីការយល់ដឹងរបស់ក្រុមហ៊ុនចំពោះអត្ថប្រយោជន៍នៃការចុះបញ្ជីក្នុងការកៀរគរមូលនិធិសម្រាប់ការពង្រីកអាជីវកម្មរបស់ពួកគេ។
លោកថ្លែងថា៖ «យើងសង្កេតឃើញថា ទីផ្សារនេះ នៅតែបន្តស្វាគមន៍ការចុះបញ្ជីក្រុមហ៊ុនក្នុងស្រុកថ្មីជានិច្ច។ ការណ៍នេះបញ្ជាក់ថា ក្រុមហ៊ុនទាំងនោះយល់ដឹងអំពីសក្តានុពលនៃអត្ថប្រយោជន៍បានពីការចុះបញ្ជីព្រោះពួកគេអាចប្រមូលមូលនិធិបន្ថែមទៀតសម្រាប់ការពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន»។
លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងព្រឹត្តិការណ៍ផ្សារហ៊ុនកម្ពុជា កាលពីពាក់កណ្តាលខែវិច្ឆិកាថា CSX តែងតែផ្តល់អាទិភាពខ្ពស់ក្នុងការធ្វើទំនើបភាវូបនីយកម្ម និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យមូលបត្រ ដែលផ្តល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការជួញដូរមូលបត្រ។
លោកថា៖ «ទោះបីជាចំនួនក្រុមហ៊ុនចុះបញ្ជី និងការជួញដូរមិនទាន់មានសកម្មភាពខ្លាំងក៏ដោយ ប៉ុន្តែការអភិវឌ្ឍទីផ្សារនេះកំពុងឆ្ពោះទៅមុខយ៉ាងខ្លាំងក្លា តាមរយៈការអភិវឌ្ឍជាបន្តបន្ទាប់នៃផលិតផល និងសេវាកម្មថ្មីៗ ក៏ដូចជាការផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ដែលត្រូវបានអនុវត្តចំពោះវិនិយោគិនសាធារណៈ»៕