ភ្នំពេញៈ ការដោះដូរទំនិញរវាងប្រទេសកម្ពុជា-វៀតណាម បានរក្សានូវកំណើនជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ ២០២៣ កន្លងមកសម្រេចបានប្រមាណជិត ៦,៦ ពាន់លានដុល្លារ កើនជាង ៧ ភាគរយ ធៀបនឹងឆ្នាំ ២០២២ ខណៈការនាំចេញរបស់កម្ពុជាកើនឡើងរហូតដល់ជាង ៣៧ ភាគរយ។ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យ GDCE បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់សរុប ៦,៥៨ ពាន់លានដុល្លារ កើនឡើង ៧,៣ ភាគរយបើធៀបនឹងឆ្នាំ២០២២ ដែលមាន ៥៦,១៣ ពាន់លានដុល្លារ។ ក្នុងចំនួនខាងលើ គឺការនាំចេញរបស់កម្ពុជា មានចំនួន ២,៩៧ ពាន់លានដុល្លារ កើនឡើង ៣៧,១ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ៣,៦១ ពាន់លានដុល្លារ ធ្លាក់ចុះ ៨,៩ ភាគរយ។ យោងតាមតួលេខខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា បន្តមានឱនភាពប្រមាណ ៦៣៩,៦២ លានដុល្លារ ខណៈកាលពីឆ្នាំ ២០២២ មានរហូតដល់ ១,៨ ពាន់លានដុល្លារ។
សម្រាប់ខែធ្នូ ឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំង ២ មានទឹកប្រាក់ជាង ៧០៧ លានដុល្លារ កើនឡើងជាង ១៣,៣៥ ភាគរយពីចំនួន ៦២៣,៧៣ លានដុល្លារកាលពីខែធ្នូ ឆ្នាំ ២០២២ ដោយទំនិញកម្ពុជានាំទៅប្រទេសវៀតណាម ចំនួន ៣៦១,២៤ លានដុល្លារ កើន ៣១,៩ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ជិត ៣៤៦ លានដុល្លារ ធ្លាក់ចុះ ១,២ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងនៅថ្ងៃទី ១៧ ខែមករាថា ក្នុងនាមជាប្រទេសមានព្រំប្រទល់ជាប់គ្នា និងមានទំនាក់ទំនងនយោបាយល្អ គឺលំហូរទំនិញរវាងប្រទេសទាំង ២ បានកើនឡើងជាបន្តបន្ទាប់ ដោយតួលេខជាក់ស្តែងគឺប្រាកដជាមានចំនួនច្រើនលើសពីតួលេខផ្លូវការដែលបានកត់ត្រា។ កំណើនទឹកប្រាក់ពាណិជ្ជកម្មទ្វេភាគី ពិសេសការនាំចេញរបស់កម្ពុជាគឺបញ្ជាក់ថា សមត្ថភាពផលិតកម្មនៅកម្ពុជាកំពុងបោះជំហានទៅមុខ ខុសប្លែកពីពេលមុនដែលត្រូវពឹងផ្អែកលើការនាំចូលទំនិញពីក្រៅប្រទេសយ៉ាងច្រើនជារៀងរាល់ខែ។
លោកបន្តថា វៀតណាម គឺជាទីផ្សារសំខាន់សម្រាប់ផលិតផលកសិកម្មកម្ពុជា ដោយនៅរដូវប្រមូលផលម្តងៗតែងមានក្រុមឈ្មួញជាច្រើនមកប្រមូលទិញកសិផលពីកម្ពុជានាំទៅប្រទេសវៀតណាម ព្រោះភាគីវៀតណាម មានទុនច្រើន មានឃ្លាំងស្តុក និងមានសិប្បកម្ម/រោងចក្រកែច្នៃច្រើនជាងកម្ពុជា។ កម្ពុជា-វៀតណាម ក៏មានច្រកព្រំដែន និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាមួយគ្នាច្រើនផងដែរ។លោកថា៖«ភាពវិជ្ជមាននៃជញ្ជីងពាណិជ្ជកម្មទ្វេភាគី ពិសេសការនាំចេញរបស់កម្ពុជា គឺបញ្ជាក់ថាកម្ពុជា-វៀតណាម មានកិច្ចសហប្រតិបត្តិការល្អលើគ្រប់ផ្នែក»។
លោកប្រាប់ទៀតថា ក្រៅពីការនាំចេញ-នាំចូលទំនិញ បច្ចុប្បន្នក៏មានវិនិយោគិនវៀតណាមកំពុងបណ្តាក់ទុននៅកម្ពុជាលើវិស័យចម្រុះជាច្រើនផងដែរដូចជា កសិកម្ម ឧស្សាហកម្ម ធនធានរ៉ែ ដឹកជញ្ជូន និងហិរញ្ញវត្ថុជាដើម។
លោកលើកឡើងទៀតថា ក្រៅពីពាណិជ្ជកម្មទំនិញ ប្រទេសទាំង ២ ក៏មានទំនាក់ទំនងផ្នែកទេសចរណ៍ជាមួយគ្នាខ្លាំងផងដែរ។ ផ្លូវល្បឿនលឿនដែលកំពុងស្ថាបនាពីភ្នំពេញទៅក្រុងបាវិត (ព្រំដែនវៀតណាម) នឹងជួយធ្វើឱ្យទំនាក់ទំនងផ្នែកទេសចរណ៍ និងចរាចរណ៍ទំនិញរបស់ប្រទេសទាំង ២ កើនឡើង ១ កម្រិតទៀត។
របាយការណ៍ស្ថិតិទេសចរណ៍ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ជិត ៤,៩២ លាននាក់ កើនឡើង ១៥៦,៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ ភ្ញៀវជនជាតិវៀតណាមស្ថិតនៅចំណាត់ថ្នាក់ទី ២ ដោយមានចំនួន ៩២០ ០៩៣ នាក់ តាមពីក្រោយភ្ញៀវជនជាតិថៃ ដែលមាន ១ ៦៥៨ ០៥៩ នាក់។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ថា បច្ចុប្បន្នទិន្នផលគ្រាប់ស្វាយចន្ទីឆៅ ដែលកម្ពុជាប្រមូលបានជាង ៩០ ភាគរយត្រូវបានឈ្មួញប្រមូលទិញទៅលក់នៅប្រទេសវៀតណាម ព្រោះវៀតណាម មានដើមទុនច្រើន មានឃ្លាំងស្តុក រោងចក្រកែច្នៃ និងមានទីផ្សារនាំចេញច្រើនជាងកម្ពុជា។
លោកថា៖ «វៀតណាមជាទីផ្សារលំដាប់លេខ ១ របស់កម្ពុជា ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីឆៅ។ ក្រៅពីផលិតផលគ្រាប់ស្វាយចន្ទីឆៅ ក៏មានផលិតផលសកិកម្មជាច្រើនទៀតដែលត្រូវបាននាំទៅលក់នៅប្រទេសវៀតណាម»។
លោក លឹម ហេង ថា ផលិតផលសំខាន់ៗដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ, កៅស៊ូ, ស្វាយចន្ទី, ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងចំណែកវៀតណាមនាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អេឡិចត្រូនិកអគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម៕