ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី ១៧ ខែមករា លោក Lim Boon Heng ប្រធានក្រុមហ៊ុនឈានមុខគេនៅប្រទេសសិង្ហបុរី Temasek Holdings បង្ហាញបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួនមកកាន់កម្ពុជា ដោយវិនិយោគលើបច្ចេកវិទ្យាឌីជីថល វិស័យថាមពលកកើតឡើងវិញ និងវិស័យសំខាន់ៗមួយចំនួនទៀត។ នេះបើតាម តេឡេក្រាម លោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៨ ខែមករានេះ។
ប្រភពដដែលបានឱ្យដឹងថា លោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings បានចូលជួបសម្តែងការគួរសម ជាមួយលោក ហ៊ុន ម៉ាណែត ក្នុងឱកាសនៃការចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វ៊ីស។ ក្នុងជំនួបនេះលោកប្រធានក្រុមហ៊ុនឈានមុខគេនៅសិង្ហបុរី បានអបអរសាទរលោកហ៊ុន ម៉ាណែតដែលបានជ្រើសតាំងជានាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា។
ជាមួយគ្នានោះ លោកបានលើកឡើងថា ក្រុមហ៊ុនរបស់លោក មានមូលដ្ឋាននៅសិង្ហបុរី បាននិងកំពុងមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក ដោយផ្ដោតលើលើវិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន ទូរគមនាគមន៍ បច្ចេកវិទ្យា និងការផ្សព្វផ្សាយ និង អចលនទ្រព្យ។ លោកបញ្ជាក់ថា ក្រុមហ៊ុនមានបំណងចង់ពង្រីកអាជីវកម្មនៅក្នុងតំបន់អាស៊ាន ក្នុងនោះបានមើលឃើញប្រទេសកម្ពុជា ជាគោលដៅសំខាន់មួយផងដែរ។ ដោយកម្ពុជាអំណោយផលបរិស្ថានធម្មជាតិល្អ ក្រុមហ៊ុនចង់វិនិយោគលើ វិស័យឌីជីថល ថាមពលកកើតឡើងវិញ និងវិស័យផ្សេងៗទៀត។
លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុន Temasek Holdings ដែលមានចំណាប់អារម្មណ៍និងបំណងក្នុងការវិនិយោគលើវិស័យទាំងនោះ។ លោកបញ្ជាក់ថា កម្ពុជាបើកចំហជានិច្ចសម្រាប់វិនិយោគិនមកពីគ្រប់ប្រទេសទាំងអស់។ គោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែយកចិត្តទុកដាក់ និងបង្កើតបរិស្ថានគាំទ្ររឹងមាំសម្រាប់ការវិនិយោគលើគ្រប់វិស័យ ប្រកបដោយចីរភាពនៅកម្ពុជា។
តាមរយៈតេឡេក្រាម លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការថ្មីៗ ដើម្បីលើកកម្ពស់ គាំពារ និងលើកទឹកចិត្តដល់វិនិយោគិនបរទេស។ លោកបញ្ជាក់ទៀតថា ការវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម គឺផ្ដោតលើឧស្សាហកម្មជាក់លាក់ ឬភាពជាក់ស្ដែងនៃប្រទេសនីមួយៗ៕