ភ្នំពេញៈ ក្លិបធុរកិច្ចវៀតណាមនៅកម្ពុជា (VBCC) គ្រោងនឹងបង្កើតនៅឆ្នាំ ២០២៤ នេះ ក្នុងគោលបំណងលើកកម្ពស់ការធ្វើធុរកិច្ច និងជំរុញការដោះដូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសជិតខាងអាស៊ានទាំង ២។
លោក Nguyen HuyTang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានជួបជាមួយតំណាងធុរកិច្ច និងម្ចាស់អាជីវកម្មវៀតណាមចំនួន ៥០ កាលពីថ្ងៃទី ១៦ ខែមករា បានពិភាក្សាពីបញ្ហាប្រឈម និងផែនការសម្រាប់ការបង្កើត VBCC នៅកម្ពុជាក្នុងឆ្នាំ ២០២៤ នេះ ដើម្បីបម្រើជាកន្លែងតភ្ជាប់ទំនាក់ទំនងក្រុមហ៊ុនវៀតណាមទាំងអស់នៅកម្ពុជា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ការបង្កើតនេះនឹងបម្រើជាកន្លែងកណ្តាលសម្រាប់ពាណិជ្ជករ និងវិនិយោគិនរបស់ប្រទេសទាំង ២ អាចមានការសន្ទនាដោយផ្ទាល់ និងផ្លាស់ប្តូរទស្សនៈគ្នា ដើម្បីស្វែងរកឱកាសវិនិយោគ ឬភាពជាដៃគូជាជាមួយគ្នាទៅវិញទៅមក»។
លោកបានឱ្យដឹងថា រហូតមកដល់ពេលនេះ សភាពាណិជ្ជកម្មកម្ពុជាបានបង្កើតការិយាល័យតំណាងចំនួន ៦ នៅក្រៅប្រទេស ក្នុងប្រទេសចំនួន ៤ ដែលការិយាល័យតំណាង ២ នៅកាណាដា ១ នៅអាមេរិក ១ នៅជប៉ុន និង ២ នៅអូស្ត្រាលី ដើម្បីផ្តល់ព័ត៌មានពិត និងបច្ចុប្បន្នភាពអំពីបទប្បញ្ញត្តិ និងច្បាប់ ព្រមទាំងការធ្វើបច្ចុប្បន្នភាពលើព័ត៌មានសេដ្ឋកិច្ចសំខាន់ៗអំពីប្រទេសយើង។
លោក លឹម ហេង លើកឡើងថា៖ «នៅពេលសភាពាណិជ្ជកម្មបរទេសរបស់យើងមានការិយាល័យតំណាងនៅទីនេះបញ្ជាក់ថា ពួកគេមានទំនុកចិត្តលើការវិនិយោគ និងអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសយើង។ ការិយាល័យតំណាងក៏ដើរតួនាទីក្នុងការទាក់ទាញព័ត៌មានបន្ថែមពីបណ្ដាប្រទេសផ្សេងៗមកកាន់យើងផងដែរ»។
កាលពីខែមិថុនា ឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានកសាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ភ្ជាប់ទៅព្រំដែនវៀតណាម ក្នុងខេត្តស្វាយរៀង ដែលត្រូវរំពឹងថានឹងជួយលើកកម្ពស់វិស័យទេសចរណ៍ និងចរាចរណ៍ទំនិញប្រទេសទាំង ២។
ផ្លូវល្បឿនលឿននេះត្រូវបានវិនិយោគដោយក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) ក្នុងទឹកប្រាក់ ១,៣ ពាន់លានដុល្លារសម្រាប់គម្រោងផ្លូវល្បឿនលឿនដែលមានប្រវែង ១៣៥,១ គីឡូម៉ែត្រស្ថិតក្រោមផែនការសាងសង់ ប្រតិបត្តិការ ផ្ទេរ (BOT) រយៈពេល ៥០ ឆ្នាំ។ ផ្លូវនេះនឹងត្រូវចំណាយពេល ៤ ឆ្នាំ ដើម្បីបញ្ចប់។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាមបានរក្សាកំណើនជាលំដាប់ ដោយសម្រេចបានជិត ៦,៦ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៣ កើនឡើងជាង ៧ ភាគរយធៀបនឹងឆ្នាំ ២០២២។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
GDCE ឱ្យដឹងទៀតថា សម្រាប់ទំនិញកម្ពុជានាំទៅវៀតណាមមានតម្លៃ ២,៩៧ ពាន់លានដុល្លារ កើនឡើង ៣៧,១ ភាគរយ នឹងការនាំចូលពីវៀតណាមមានទឹកប្រាក់ប្រមាណ ៣,៦១ ពាន់លានដុល្លារ ធ្លាក់ចុះ ៨,៩ ភាគរយ។
យោងតាម GDCE ការនាំចេញសំខាន់ៗរបស់កម្ពុជាទៅវៀតណាមរួមមាន ស្រូវ កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិមួយចំនួន។ ចំណែកវៀតណាម នាំចូលរួមមានសម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អគ្គិសនី ជីកសិកម្ម គ្រឿងទេស បន្លែ និងផ្លែឈើ ជាដើម៕