​ភ្នំពេញៈ វិបត្តិ​នយោបាយ និង​សេដ្ឋ​​កិច្ច​សកល នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​បានដាក់​សម្ពាធ​ទៅលើ​ការនាំចេញ​ផលិតផល​មួយចំនួន​របស់​កម្ពុជា ជាក់​​ស្តែង​ទឹកប្រាក់​ដែល​កម្ពុជា​រកបាន​ពី​ការ​នាំចេញ​កង់​ទៅ​ទីផ្សារ​អន្តជាតិ​ក្នុង​ឆ្នាំ​ ២០២៣ គឺមាន​ប្រមាណ​ជាង ៤០០​ លាន​ដុល្លារ ធ្លាក់ចុះ​ជាង​ពាក់កណ្តាល​បើ​ធៀប​ឆ្នាំ​ ២០២២​។​

​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋា​ករ​កម្ពុជា​ (GDCE) បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​កង់​ក្នុង​ទឹកប្រាក់​សរុប ៤១៦,៧៧​ លាន​ដុល្លារ ធ្លាក់ចុះ ៥៣,៦៨ ​ភាគរយ ​បើ​ធៀប​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ៨៩៩,៧៦ ​លាន​ដុល្លារ​។​

​សេដ្ឋវិទូ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៨ ខែមករា​ថា ការធ្លាក់ចុះ​ទឹកប្រាក់​នាំចេញ​កង់​កាលពី​ឆ្នាំ​ ២០២៣ ធៀប​នឹង​ឆ្នាំ​ ២០២២ គឺអាច​បណ្តាលមកពី​មូលហេតុ​មួយចំនួន​ដូច​ជា កំណើន​ការនាំចេញ​ដ៏​ច្រើន​កាលពី​ឆ្នាំ​ ២០២២ ដែល​ស្ថិតនៅ​ក្នុងអំឡុងពេល​ការរីក​រាល​​ដាល​ខ្លាំង​ជំងឺ​កូ​វីដ ​១៩ នឹង​បាន​បង្ខំ​ឱ្យ​មនុស្ស​កាត់បន្ថយ​ការ​​ប្រើប្រាស់​មធ្យោបាយ​សា​ធា​រណៈ​, ការធ្វើ​លំ​ហាត់ប្រាណ​, និង​ការ​ទទួលរង​ឥទ្ធិពល​អ​វិ​ជ្ជ​មាន​ពី​ជម្លោះ​ប្រដាប់អាវុធ​រវាង​ប្រទេស​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។​

​លោក​និយាយថា​៖ «​សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ជួប​បញ្ហា ហេតុនេះ​ការចំណាយ​របស់​គ្រួសារ និង​បុគ្គល​នីមួយៗ ពិសេស​ប្រជាជន​នៅ​អឺរ៉ុប គឺ​ធ្លាក់ចុះ​ភាគច្រើន ខណៈ​អឺរ៉ុប ជាទី​ផ្សារ​ដ៏​ធំ​របស់​កម្ពុជា​»​។​

​លោក​បន្តថា ជម្លោះ​រវាង​ប្រ​ទេស​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន បានធ្វើឱ្យ​លេចចេញ​បញ្ហា​ជាច្រើន ដោយនៅ​តំបន់​អឺរ៉ុប​ការចំណាយ​លើ​អ្វីៗ​ក្រៅពី​ម្ហូបអាហារ​ត្រូវបាន​រឹតត្បិត​ជាង​មុន​។​

​ទោះបី​ទីផ្សារ​នាំចេញ​ក្នុង​ឆ្នាំ​ ២០២៣ កន្លងមក​មិនល្អ ប៉ុន្តែ​ក៏មាន​ក្រុមហ៊ុន​ផលិត​កង់​មួយចំនួន​បានមក​វិនិយោគ​លើ​រោង​ចក្រ​ផលិត​កង់​នៅ​កម្ពុជា​ដែរ​។ លោក​បញ្ជាក់ថា​៖ «​បើ​ទោះ​ទឹក​ប្រាក់​នាំចេញ​កង់​ក្នុង​ឆ្នាំ​ ២០២៣ ធ្លាក់ចុះ​ច្រើន​ធៀប​ឆ្នាំ​ ២០២២ ប៉ុន្តែ​អ្នកវិនិយោគ​ប្រាកដជា​មើលឃើញ​ឱកាស ទើប​ពួកគេ​ចូលមក​វិនិយោគ​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ថា កង់​ផលិត​នៅ​កម្ពុជា​គឺ​សុទ្ធ​តែមាន​គុណភាព និង​ម៉ាក​ល្បីៗ ដោយ​វា​ត្រូវបាន​នាំចេញ​ភាគច្រើន​ទៅ​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ដូចជា អាមេរិក​, កាណាដា​, អង់គ្លេស​, និង​តំបន់​អឺរ៉ុប ជាដើម​។ ទោះ​ការនាំចេញ​កង់​នា​រយៈពេល​ចុងក្រោយ​ធ្លាក់ចុះ ប៉ុន្តែ​វា​នឹង​កើន​ឡើងវិញ​ព្រោះ​និន្នាការ​ប្រើ​ប្រាស់​កង់​ដើម្បី​សុខភាព និង​ការការពារ​បរិស្ថាន​កំពុង​ត្រូវបាន​ពិភពលោក​យកចិត្តទុកដាក់​។​

​លោក​បញ្ជាក់ថា​៖ «​ការយក​ចិត្ត​លើ​សុខភាព និង​បរិស្ថាន​នឹង​ធ្វើឱ្យ​តម្រូវការ​កង់​បន្ត​កើនឡើង​ខ្ពស់​ថែមទៀត​»​។​

​យោងតាម​លោក លឹម ហេង កង់​ផលិត​នៅ​កម្ពុជា គឺ​សុទ្ធតែជា​កង់​មានគុណ​ភាពល្អ និង​ជា​ម៉ាក​ល្បីៗ​លើ​ពិភពលោក​។ វិ​និ​យោគិន​ដែល​បោះទុន​វិនិយោគ​លើ​ការផលិត​កង់​នៅ​កម្ពុជា ភាគច្រើន​មកពី​កោះ​តៃវ៉ាន់ និង​មាន​ទីតាំង​ភាគច្រើន​ក្នុង​តំបន់​សេដ្ឋកិច្ច​នៃ​ខេត្តស្វាយរៀង​។​

​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ កាល​​ពី​ដើមឆ្នាំ​ ២០២៣ បាន​ប្រាប់ថា បច្ចុប្បន្ន​កម្ពុជា​បាន​នាំចេញ​កង់​ទៅ​ជាង ៥០​ ប្រទេស​ជុំវិញ​ពិ​ភព​លោក​។ កង់​ក្លាយជា​ផលិត​ផល​នាំចេញ​សំខាន់​មួយ​របស់​កម្ពុជា បន្ទាប់ពី​សម្លៀកបំពាក់ ស្បែកជើង និង​កាបូប​។​

​គិត​ត្រឹម​ឆ្នាំ ​២០២២ កម្ពុ​ជាមាន​រោងចក្រ​ផលិត​កង់​ចំនួន ៥ កំពុងដំណើរការ ដោយមាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង​។ នេះ​បើ​យោងតាម​ក្រសួង​ពាណិជ្ជកម្ម​៕