ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ និងសហគមន៍ធុរកិច្ចកម្ពុជា និងឥណ្ឌា សង្ឃឹមថា លំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២ នឹងរីកចម្រើនខ្ពស់ បន្ទាប់ពីសភាធុរកិច្ចឥណ្ឌានៅកម្ពុជា (IBCC) ត្រូវបានបង្កើតឡើងជាផ្លូវការ។
IBCC ត្រូវបានបង្កើតឡើងជាផ្លូវការក្នុងថ្ងៃទី ១៧ ខែមករា ដើម្បីប្រមូលផ្តុំធុរជនឥណ្ឌាទាំងអស់ក្នុងការបង្ហាញអំពីវត្តមានអាជីវកម្ម និងការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។
ថ្លែងក្នុងពិធីជាផ្លូវការ លោក Babulal Parihar ប្រធាន IBCC បានឱ្យដឹងថា IBCC នឹងព្យាយាមប្រមូលផ្តុំសហគមន៍ធុរកិច្ចឥណ្ឌាទាំងអស់នៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ ក្នុងន័យជួយចូលរួមចំណែកជំរុញសេដ្ឋកិច្ច។
លោកថ្លែងថា៖ «យើងនឹងដើរតួនាទីសំខាន់នៅក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងឥណ្ឌា-កម្ពុជា តាមរយៈការផ្តល់ព័ត៌មានដ៏ត្រឹមត្រូវពីទីផ្សារកម្ពុជា ក៏ដូចជាឱកាសអាជីវកម្មនៅប្រទេសឥណ្ឌាដល់ពាណិជ្ជករកម្ពុជាផងដែរ»។
លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានលើកឡើងថា វត្តមានរបស់ IBCC គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រទេសឥណ្ឌា និងកម្ពុជា ក្នុងការលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មនៃប្រទេសទាំង ២ ខណៈប្រទេសទាំង ២ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធអស់រយៈពេលជាយូរមកហើយ។
លោកស្រីថ្លែងថា៖ «ឥណ្ឌានិងកម្ពុជា នឹងចែករំលែកទំនាក់ទំនងនយោបាយប្រកបដោយភាពល្អប្រសើរ ហើយនេះគឺជាឱកាសមួយក្នុងការបង្កើនការជឿទុកចិត្តគ្នាផ្នែកនយោបាយ ដើម្បីបង្កើនអាជីវកម្ម និងការវិនិយោគរបស់យើង ដោយសារឥណ្ឌាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនរហ័សបំផុតមួយក្នុងពិភពលោក»។
លោកស្រីបន្ថែមថា៖ «ពាណិជ្ជកម្ម និងការវិនិយោគឥណ្ឌា និងកម្ពុជា គឺជាអាទិភាពសំខាន់មួយរបស់រដ្ឋាភិបាលឥណ្ឌា ដូចដែលលោកអ្នកអាចមើលឃើញថា ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់នារយៈពេល ៤ ឆ្នាំចុងក្រោយនេះ»។
លោក ពេជ រិទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងដែរថា ការដាក់ឱ្យដំណើរការ IBCC ជាផ្លូវការនឹងពង្រឹងដល់អាជីវកម្មបន្ថែម ព្រមទាំងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងកម្ពុជា និងឥណ្ឌា។
បន្ទាប់ពីកម្ពុជាបានក្លាយជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩ និងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ ២០០៤ កម្ពុជាបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (AFTA) ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន+១ ជាមួយប្រទេសចិន ជប៉ុន ឥណ្ឌា កូរ៉េ អូស្ត្រាលី នូវែលសេឡង់ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ខណៈកិច្ចព្រមព្រៀងនេះបានក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេលើពិភពលោកនាពេលបច្ចុប្បន្ន ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយប្រទេសចិន និងសាធារណរដ្ឋកូរ៉េ និងអារ៉ាប់រួមជាដើម។ ទន្ទឹមនឹងនេះ ដោយសារកម្ពុជាជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាក៏ទទួលបានការអនុគ្រោះពាណិជ្ជកម្មជាច្រើនតាមរយៈ EBA, GSP។ល។
លោកថ្លែងថា៖ «ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់នេះនឹងផ្តល់ឱកាសដ៏ធំសម្រាប់ធុរជនប្រទេសឥណ្ឌាក្នុងការទាញយកអត្ថប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្មតាមរយៈការវិនិយោគ និងការនាំចេញទៅកាន់ពិភពលោក»។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា នៅតែរក្សាបានកំណើន ដែលសម្រេចបានជិត ៤៨៥,៧ លានដុល្លារកាលពីឆ្នាំ ២០២៣ កើន ១០ ភាគរយបើធៀបនឹងឆ្នាំ ២០២២។ ការនាំចេញរបស់កម្ពុជាកើនជាង ៤៩ ភាគរយ ដោយសម្រេចបានជាង ២៩៣ លានដុល្លារ ខណៈការនាំចូលសរុបធ្លាក់ចុះ ២០,៨៥ ភាគរយ ស្មើនឹង ៤៤០ លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕