ភ្នំពេញៈ កម្ពុជាបញ្ចេញប្រាក់ប្រមាណ ៣៣៣ លានដុល្លារទៅលើការនាំចូលដែក និងដែកថែប ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៣ កើនតិចតួចធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដោយសារតែការថមថយនៃវិស័យសំណង់។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
តារាងស្ថិតិ GDCE ឱ្យដឹងថា ចន្លោះពីខែមករា-ខែវិច្ឆិកា ឆ្នាំ ២០២៣ ការនាំចូលទំនិញស្ថិតក្នុងជំពូក (HS ២ ខ្ទង់) លេខកូដ ៧២ ដែលរួមមានដែក និងដែកថែប មានទឹកប្រាក់សរុប ៣៣៣,២៣ លានដុល្លារ កើន ១,៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមាន ៣ ២៧១,៤១ លានដុល្លារ។ ចំនួននេះស្មើនឹង ១,៥ ភាគរយនៃចំនួនទឹកប្រាក់នាំទំនិញចូលសរុបរបស់កម្ពុជារយៈពេល ១១ ខែ ឆ្នាំ ២០២៣ ដែលមានចំនួន ២២ ពាន់លានដុល្លារ។
អ្នកគ្រប់គ្រងទូទៅសមាគមអ្នកសាងសង់កម្ពុជា លោក ជីវ ស៊ីវផេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា បើទោះបីក្តីបារម្ភពីជំងឺកូវីដ ១៩ បានបិទបញ្ចប់ស្ទើរទាំងស្រុងក៏ដោយ ប៉ុន្តែវិបត្តិដែលកើតចេញពីជម្លោះភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅប្រទេសមួយចំនួន គឺនៅបន្តដាក់សម្ពាធទៅលើកំណើនសេដ្ឋកិច្ចសកល។ នៅពេលសេដ្ឋកិច្ចសកលមិនល្អ វាក៏ជះឥទ្ធិពលផងដែរចំពោះសេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យសំណង់។
លោកបន្តថា ដោយសារសកម្មភាពសាងសង់ក្នុងរយៈពេល ៣-៤ ឆ្នាំចុងក្រោយនេះមិនសូវមាន ដូច្នេះការនាំចូលដែក និងសម្ភារសំណង់ផ្សេងទៀតក៏មិនសូវមានច្រើនដែរ។ លោកប្រាប់ទៀតថា ទន្ទឹមនឹងនេះ កម្ពុជាបច្ចុប្បន្នក៏មានរោងចក្រផលិតដែកមួយចំនួនកំពុងបើកដំណើរការផងដែរ។
លោកនិយាយថា៖ «នៅពេលនយោបាយ និងសេដ្ឋកិច្ចពិភពលោកល្អប្រសើរ ការសាងសង់នឹងមានច្រើន ហើយពេលនោះការនាំចូលគ្រឿងសំណង់ រួមទាំងដែកនឹងកើនឡើងវិញ»។បើតាមលោក ស៊ីវផេង ដែកប្រើក្នុងវិស័យសំណង់នៅកម្ពុជាភាគច្រើនត្រូវបាននាំចូលមកពីប្រទេសវៀតណាម ចិន និងថៃ ជាដើម។
អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោក ហ៊ុយ វណ្ណា បាននិយាយថា ការធ្លាក់ចុះទីផ្សារអចលនទ្រព្យ និងសំណង់ពិភពលោកបានធ្វើឱ្យប៉ះពាល់យ៉ាងដំណំ ពិសេសគម្រោងធំៗដែលមានម្ចាស់ជាជនបរទេស។ លោកបន្ថែមថា វិស័យសំណង់នៅត្រូវការពេលបន្ថែមទៀត។
លោកបន្តថា៖ «ការនាំចូលដែកក្នុងវិស័យសំណង់នឹងហក់ឡើងវិញពេលកំណើនសេដ្ឋកិច្ចពិភពលោករឹងមាំ ដោយនៅពេលនោះនឹងមានវិនិយោគិនជាច្រើនស្វែងរកទីតាំងសម្រាប់ស្នាក់នៅ និងបើកអាជីវកម្ម។ នៅពេលការសាងសង់នឹងហក់ឡើងវិញជាមិនខាន»។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ក្នុងឆ្នាំ ២០២២ ប្រទេសកម្ពុជាបាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប ៣៥៩,៨១៩ លានដុល្លារ កើនឡើង ២៣,១ ភាគរយពីចំនួន ២៩២,៣៣៩ លានដុល្លារក្នុងឆ្នាំ ២០២១។
ចំនួនប្រាក់កម្ពុជាចំណាយលើការនាំចូលដែក និងដែកថែប គឺប្រមាណ ១,២ ភាគរយធៀបនឹងចំនួនប្រាក់នៃការនាំចូលទំនិញក្នុងឆ្នាំ ២០២២ ដែលមានចំនួន ២៩ ៩៤១,៦០ លានដុល្លារ៕