​ភ្នំពេញៈ កម្ពុជា​បានបង្ហាញ​សញ្ញា​វិជ្ជមាន​ពី​ការនាំ​ទំនិញ​ទៅ​ប្រទេស​កូរ៉េខាងត្បូង ដោយមាន​ទឹកប្រាក់​ជាង ២៨១​ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២៣ កើន​ឡើង​ជាង ២០​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ខណៈ​ពាណិជ្ជ​កម្ម​ទ្វេភាគី មាន​ទឹកប្រាក់​ជាង ៧៥១​ លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។​

​តារាង​ស្ថិតិ​ពាណិជ្ជកម្ម​អន្តរ​ជាតិ​របស់ GDCE បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ទំនិញ​ដែល​កម្ពុជា​នាំទៅ​ប្រទេស​កូរ៉េ មាន​ទឹកប្រាក់ ២៨១,១៤ ​លាន​ដុ​ល្លារ កើនឡើង ២០,៣​ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២២ ចំណែក​ទំនិញ​កូរ៉េ​នាំមក​កម្ពុជា ចំនួន ៤៧០,២៥​ លាន​ដុល្លារ​ធ្លាក់ចុះ ១៣,៨​ ភាគរយ​។ សម្រាប់​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​គឺមាន​ទឹកប្រាក់​សរុប ៧៥១,៣៨ ​លាន​ដុល្លារ ថយចុះ ៣,៥​ ភាគរយ​។​

​បើ​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា បន្ត​មាន​ឱនភាព ១៨៩,១១​ លាន​ដុល្លារ ខណៈ​ឆ្នាំ​ ២០២២ ឱន​ភាព​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា មាន​ចំនួន ៣១១,៦៥​ លាន​ដុ​ល្លារ​។ ប្រទេស​កូរ៉េ គឺជា​ដៃគូ​ពា​ណិ​ជ្ជ​កម្ម​ធំជាងគេ​ទី១២ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រ​ទេស​ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូនេស៊ី អាល្លឺម៉ង់ កាណាដា សិង្ហ​បុរី ចក្រភព​អង់​គ្លេ​ស និង​កោះ​តៃវ៉ាន់​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បានឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​នៅ​ថ្ងៃទី​ ២១ ខែមករា​ថា ទោះបី​អត្រាកំណើន​សេដ្ឋកិច្ច​សក​ល​ក្នុង​ឆ្នាំ​ ២០២៣ មាន​កម្រិត​ទាប​ដែល​ធ្វើឱ្យ​ប៉ះ​​ពាល់​ទៅដល់​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ ក៏​ចំនួន​ទឹកប្រាក់​ដែល​កម្ពុជា​ប្រមូលបាន​ពី​ការនាំ​ទំ​​និ​ញ​ទៅ​ប្រទេស​កូរ៉េ​មិនបាន​ធ្លាក់ចុះ​ឡើយ ដោយ​កើន​រហូតដល់​ជាង ២០​ភាគរយ​។

នេះ​បញ្ជាក់ថា គុណភាព​ផលិតផល​កម្ពុជា​ត្រូវបាន​អតិថិជន​នៅ​ប្រទេស​កូរ៉េ​ ទទួលស្គាល់​កាន់តែច្រើន​។ លោក​បន្តថា​បច្ចុប្បន្ន​ក្រៅពី​នាំចេញ​ទំនិញ កម្ពុជា​ក៏​ទទួលបាន​ការបណ្តាក់ទុន​ផ្ទាល់ ​(FDI)​ របស់​វិនិយោគិន​កូរ៉េ​ជាច្រើន​ផងដែរ​។ ការបណ្តាក់ទុន​ផ្ទាល់ គឺ​មិន​គ្រាន់តែ​ជួយ​បង្កើត​ការងារ​ឱ្យ​ប្រជាជន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ធ្វើឱ្យ​កម្ពុជា​ជួយ​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​សម្រេច​ពី​ទីផ្សារ​អន្តរជាតិ និង​ជួយ​លើក​កិ​ត្យា​នុ​ភាព​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​កំណើន​ទឹកប្រាក់​នាំចេញ​នេះ គឺជា​ភាព​ជោគជ័យ​ការធ្វើ​ពិពិធ​កម្ម​មុខ​ទំនិញ​របស់ខ្លួន​ទៅ​ទីផ្សារ​កូរ៉េ ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​មួយ​លើ​ពិភពលោក​។ បន្តិច​ម្តងៗ​យើង​សង្កេតឃើញ​គម្លាត​នៃ​ឱនភាព​ជញ្ជីង​ពា​ណិ​ជ្ជ​កម្ម​ត្រូវបាន​ធ្វើឱ្យ​រួម​កាន់តែ​តូច និង​ឈានទៅ​សញ្ញា​វិជ្ជមាន​នាពេល​អនាគត​»​។​​

លោក​បន្ថែមថា ទោះ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព ប៉ុន្តែ​ចំនួន​នេះ​អាច​ត្រូវបាន​ប៉ះ​ប៉ូវ​មកវិញ​ពី​ការផ្ញើ​ប្រាក់​ត្រឡប់​រាប់រយ​លាន​ដុល្លារ​របស់​ក្រុម​ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​ប្រទេស​កូរ៉េ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​លើកឡើងថា កូរ៉េ គឺជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​សំខាន់​មួយ​របស់​កម្ពុជា ដោយ​ភាគច្រើន​ជា​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង កសិផល គ្រឿង​បង្គុំ​អេឡិចត្រូនិក​អគ្គិសនី​ជាដើម​។ លោក​បាន​បន្តថា ដោយសារ​កម្ពុជា​-​កូរ៉េ មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ជា​សមាជិក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ​(RCEP) ដូច្នេះ​នៅពេល​សេដ្ឋកិច្ចពិភពលោក​មាន​ដំណើរ​ការល្អ​ឡើងវិញ គឺ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង ២ ប្រាកដជា​នឹងមាន​សម្ទុះ​ឡើង​លឿន​ជាមិនខាន​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុ​ទិ​ដ្ឋិ​និយម​ថា ទឹកប្រាក់​នាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ​២ នឹង​បន្ត​កើនឡើង​នៅពេល​សេដ្ឋកិច្ចពិភពលោក​ត្រឡប់មក​ល្អប្រសើរ​ឡើងវិញ ពិសេស​ការ​នាំចេញ​របស់​កម្ពុជា​ដែល​បាន​ហក់​ឡើង​យ៉ាង​លឿន​នា​រយៈពេល​ប្រហែល​ជិត ១​ ទសវត្សរ៍​ចុងក្រោយ​នេះ​»​។​

​យោងតាម​លោក លឹម ហេង ក្រៅពី​ទិញ​ទំនិញ​ពី​កម្ពុជា កូរ៉េ​ក៏​នាំ​ទំនិញ​របស់ខ្លួន​មក​កម្ពុជា​វិញ​ផងដែរ មានដូចជា រថយន្ត គ្រឿងយន្ត​កសិកម្ម ផលិតផល​អេឡិចត្រូនិក ឱសថ អាហារ និង​ភេសជ្ជៈ ជាដើម​៕