ភ្នំពេញៈ ការអនុវត្តចំណូលក្នុងប្រទេសសរុបថ្នាក់ជាតិរយៈពេល ១១ ខែដើមឆ្នាំ ២០២៣ មានប្រមាណ ៥,៣ ពាន់លានដុល្លារ ដែលស្មើជាង ៨៤ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ ហើយបើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ គឺថយចុះបន្តិចបន្តួច។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកសារស្តីពីការអនុវត្តថវិការដ្ឋ (State Budget Execution) ប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបផ្សព្វផ្សាយបង្ហាញថា ក្នុងរយៈពេល ១១ ខែដើមឆ្នាំ២០២៣ ការអនុវត្តចំណូលក្នុងប្រទេសសរុបថ្នាក់ជាតិសម្រេចបាន ២១ ៨២៤ ពាន់លានរៀល (ប្រហែល ៥,៣៦ ពាន់លានដុល្លារ) ស្មើនឹង ៨៤,២៧ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ថយចុះ ២,១៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ ក្នុងនោះចំណូលសារពើពន្ធ សម្រេចបាន ១៩ ៦២៧ ពាន់លានរៀល (៤,៨២ ពាន់លានដុល្លារ) ស្មើ ៨៣,៨ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ ថយចុះ ៤,៤៨ ភាគរយ និងចំណូលមិនមែនសារពើពន្ធ ២ ១៦៣ ពាន់លានរៀល (៥៣១,៧៨ លានដុល្លារ) ស្មើ ១០០,៩៥ ភាគរយកើនឡើង ២៦,១១ ភាគរយ។
ឯកសារលើកឡើងថា៖ «ផ្អែកលើនិន្នាការនៃការអនុវត្តចំណូលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះគួបផ្សំនឹងការងើបឡើងវិញនៃសកម្មភាពសង្គមសេដ្ឋកិច្ចកម្ពុជា ការប្រមូលចំណូលស្ថិតនៅក្នុងគន្លង (on-track) ឈានទៅរកការសម្រេចបានតាមផែនការគ្រោងទុកនៅក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣»។
ទន្ទឹមនឹងការអនុវត្តចំណូលខាងលើ ឯកសារឱ្យដឹងទៀតថា សម្រាប់ការអនុវត្តចំណាយសរុបថ្នាក់ជាតិ មានទឹកប្រាក់ ២៧ ៦០១ ពាន់លានរៀល (៦,៧៨ ពាន់លានដុល្លារ) ស្មើនឹង ៧៩,៤៤ ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ កើន ១៦,២៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ក្នុងនោះចំណាយមូលធនសម្រេចបាន ៩ ៣៩៦ ពាន់លានរៀល (២,៣១ពាន់លានដុល្លារ) កើន ១០,១៨ ភាគរយ និងចំណាយចរន្តមានចំនួន ១៨ ២០៤ ពាន់លានរៀល (៤,៤៧ពាន់លានដុល្លារ) កើន ១៩,៧១ ភាគរយ។ ជារួមការអនុវត្តចំណាយ គឺនៅបន្តរក្សាគោលការណ៍រឹតបន្តឹងចំណាយមិនចាំបាច់នានា និងវិភាជថវិកាសម្រាប់អនុវត្តឱ្យចំមុខសញ្ញាប្រកបដោយបុរេសកម្ម។
ឯកសារបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលបានបន្តរក្សាភាពប្រយ័ត្នប្រយែងខ្ពស់ក្នុងការគ្រប់គ្រង និងប្រើប្រាស់ហិរញ្ញប្បទានសរុបថ្នាក់ជាតិ ប្រកបដោយប្រសិទ្ធភាពបំផុត និងផ្តល់លទ្ធភាពគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការនៃការអនុវត្តថវិការដ្ឋបានទាន់ពេលវេលា។ ជាក់ស្តែងការអនុវត្តហិរញ្ញប្បទានពីបរទេសសរុបថ្នាក់ជាតិ សម្រេចបាន ៥ ២០៦ ពាន់លានរៀល (១,២៨ពាន់លានដុល្លារ)ស្មើ ៨១,២៤ ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ និងការអនុវត្តហិរញ្ញប្បទានក្នុងស្រុកសរុបថ្នាក់ជាតិ សម្រេចបាន ៤ ៣៩០ ពាន់លានរៀល (១,០៨ពាន់លានដុល្លារ) ស្មើ ៥៦,៧៩ ភាគរយនៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ ស្របពេលប្រាក់បញ្ញើរាជរដ្ឋាភិបាល សរុបមាន ៧៩ ពាន់លានរៀល (១៩,៤២ លានដុល្លារ)។
លោក ហុង វណ្ណៈ សេដ្ឋវិទូនៅរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ថា ការសម្រេចបានចំណូលចំណាយ ដែលមានចំនួនប្រហាក់ប្រហែលនឹងច្បាប់ថវិកាប្រចាំឆ្នាំ គឺជារឿងល្អព្រោះវាបញ្ជាក់ពីសមត្ថភាពនៃការអនុវត្តច្បាប់ និងលំហូរសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព។ ការធ្លាក់ចុះប្រាក់ចំណូលតិចតួចនេះ វាមិនមែនជាបញ្ហាទេក្នុងដំណាក់កាលដែលកំណើនសេដ្ឋកិច្ចសកលកំពុងបន្តជួបនឹងវិបត្តិជាបន្តបន្ទាប់ដូចពេលបច្ចុប្បន្ន។ លោកបន្ថែមថា ការធ្លាក់ចុះចំណូលត្រូវបានរំពឹងថា នឹងមានភាពវិជ្ជមានឡើងវិញក្នុងឆ្នាំ ២០២៤ នេះ ជាមួយអត្រាកំណើនសេដ្ឋកិច្ចសកលល្អប្រសើរជាងឆ្នាំមុន។ នៅពេលសេដ្ឋកិច្ចសកលល្អ សកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍នៅតាមប្រទេសនានាលើពិភពលោកក៏ល្អដែរ។
លោកអះអាងថា៖ «នៅពេលសេដ្ឋកិច្ចសកលមានកំណើនល្អ ចរាចរណ៍មនុស្ស និងទំនិញប្រាកដជានឹងងើបឡើង ហើយទឹកប្រាក់ដែលមានពីការប្រមូលចំណូលពន្ធក៏នឹងកើនឡើងទៅតាមនោះដែរ»។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែតុលា ឆ្នាំមុនបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៣ នឹងសម្រេចបានក្នុងអត្រា ៥,៦ ភាគរយ និងក្នុងឆ្នាំ ២០២៤ មានអត្រា ៦,១ ភាគរយ។ ការព្យាកររបស់ IMF គឺខ្ពស់ជាងការព្យាករកាលពីថ្ងៃទី ២ ខែតុលា របស់ធនាគារពិភពលោកបន្តិច ដែលថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករក្នុងអត្រា ៥,៥ ភាគរយក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ ត្រូវបានរំពឹងថានឹងមានអត្រា ៦,១ ភាគរយ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ ត្រូវបានព្យាករនឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦ ភាគរយ ដែលនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤ ២៩៥៧ ពាន់លានរៀល (សមមូលទៅនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាមេរិក)។ ក្នុងនោះទុនបម្រុងអន្តរជាតិរបស់កម្ពុជា សម្រាប់ឆ្នាំ ២០២៤ ត្រូវបានព្យាករនឹងមានចំនួន ២១,២៨ ពាន់លានដុល្លារពីចំនួនប៉ាន់ស្មាន ១៩,៤៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ និងចំនួន ១៧,៨ ពាន់លានដុល្លារ ក្នុងឆ្នាំ២ ០២២៕