ភ្នំពេញៈ រដ្ឋាភិបាលប្រទេសបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបង្កើតកំណត់ត្រាថ្មីមួយក្នុងការផ្តល់ប្រាក់កម្ចីរដ្ឋចំនួន ២៣៥ លានដុល្លារ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស និងវិស័យថាមពល។
ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីសប្ដាហ៍មុន លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងលោកស្រី Marie Helene Loison អគ្គនាយិការងទីភ្នាក់ងារ AFD បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ៣ ក្នុងវិស័យទឹកស្អាត ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងទំហំទឹកប្រាក់ច្រើនមិនធ្លាប់មានពីមុនមក គឺចំនួន ២១៥ លានអឺរ៉ូ (ស្មើប្រមាណ ២៣៥ លានដុល្លារ) កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AFD។
ជាមួយនឹងកម្ចីនេះ សម្រាប់វិស័យទឹកស្អាតហិរញ្ញប្បទានរបស់ទីភ្នាក់ងារ AFD គឺចំនួន ១២០ លានអឺរ៉ូ (១៣១ លានដុល្លារ) ដែលនឹងអនុញ្ញាតឱ្យមានការចាប់ផ្តើមដំណាក់កាលទី ៣ រោងចក្រចម្រោះទឹកស្អាតបាក់ខែងដែលគ្រប់គ្រងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ខណៈវាមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានសរុប ៦០០ ០០០ ម៉ែត្រគុបនៅ ក្នុង ១ ថ្ងៃ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះនឹងក្លាយជារោងចក្រផលិតទឹកស្អាតធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាស្ថានីយកម្រិតពិភពលោកមួយផងដែរលើផ្នែកគុណភាពនៃសំណង់ បច្ចេកវិទ្យា ប្រសិទ្ធភាពថាមពល និងគុណភាពទឹកដែលត្រូវបានផលិត។
AFD ត្រូវបានដកស្រង់សម្ដីដោយលើកឡើងថា៖ «សមត្ថភាពនេះនឹងឆ្លើយតបទៅតម្រូវការប្រើប្រាស់ទឹកស្អាតដែលចេះតែកើនឡើងជាលំដាប់របស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសនានានៅរាជធានីភ្នំពេញ និងតាមតំបន់ជាយរាជធានី។ ការផ្តល់ហិរញ្ញប្បទានបន្ថែមរបស់ AFD ដែលមានចំនួន ៨០ លានអឺរ៉ូគ្រោងធ្វើឡើងសម្រាប់ឆ្នាំ ២០២៤ ដើម្បីបង្កើន ជួសជុល និងពង្រីកបណ្តាញបញ្ជូន និងចែកចាយទឹកស្អាត។ ជាងនេះទៅទៀត ជំនួយឥតសំណងរបស់គណៈកម្មការអឺរ៉ុបកំពុងត្រូវបានពិនិត្យ និងអនុម័តនៅឆ្នាំ ២០២៤ ក្នុងគោលដៅបំពេញបន្ថែមហិរញ្ញប្បទាននេះ ដោយពង្រឹងការគិតគូរដល់ផលប៉ះពាល់លើសង្គម និងបរិស្ថាន រួមទាំងនិរន្តរភាពនៃការវិនិយោគផងដែរ។ គម្រោងរបស់ក្រុមអឺរ៉ុប គឺស្ថិតក្នុងចំណោមគម្រោងចម្បងៗនៃក្របខ័ណ្ឌ Global Gateway របស់សហភាពអឺរ៉ុបសម្រាប់ប្រទេសកម្ពុជា ដែលនឹងប្រកាសនៅឆ្នាំ ២០២៤»។
ទន្ទឹមនឹងនេះ ក្នុងវិស័យថាមពល ហិរញ្ញប្បទានក្រោមរូបភាពជាកម្ចីរបស់ AFD ប្រហែល ៧៦ លានអឺរ៉ូ (៧៨លានដុល្លារ) នឹងអនុញ្ញាតឱ្យអគ្គិសនីកម្ពុជាបង្កើនទំនុកចិត្ត និងប្រសិទ្ធភាពបណ្តាញបញ្ជូនអគ្គិសនី តាមរយៈការដាក់ពង្រាយអនុស្ថានីយឌីជីថលទី១ នៅក្នុងប្រទេសកម្ពុជា។ ស្របតាមគោលដៅជាតិក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០ ភាគរយ នៅក្នុងឆ្នាំ ២០៣០ គម្រោងនេះនឹងធ្វើឱ្យអគ្គិសនីកម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការស្តុកថាមពល (៧៥ មេហ្គាវ៉ាត់ម៉ោង គឺស្ថិតនៅក្នុងចំណោមសមត្ថភាពស្តុកថាមពលខ្ពស់បំផុតនៅក្នុងតំបន់) ដើម្បីពន្លឿនសមាហរណកម្មប្រភពថាមពលកកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់។
សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ហិរញ្ញប្បទានក្រោមរូបភាពកម្ចីរបស់ AFD ចំនួន ២៥ លានអឺរ៉ូ (២៧ លានដុល្លារ) ដែលបន្ថែមលើប្រាក់ ៨០ លានដុល្លារផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ី នឹងអនុញ្ញាតឱ្យមានការពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតខ្ពស់មួយតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងជួយអភិវឌ្ឍធនធានមនុស្ស និងគាំទ្រដល់ការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលផ្តោតលើឧស្សាហកម្ម គាំទ្រដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។
លោកស្រី Marie-Helene Loison បានឱ្យដឹងថា គម្រោងទាំង ៣ នេះគឺជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំង ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំង ២ បន្ថែមទៀត។
លោកស្រីបានថ្លែងថា៖ «ក្នុងឱកាសនៃខួប ៣០ ឆ្នាំរបស់ AFD នៅកម្ពុជា គម្រោងទាំង ៣ នេះគឺជាដំណាក់កាលថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសទាំង ២ ដោយឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈរបស់ទីភ្នាក់ងារ AFD ក្នុងការពង្រឹងភាពជាដៃគូជាមួយកម្ពុជា ដើម្បីគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងមានភាពធន់ជាមួយអាកាសធាតុ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សកម្ពុជា។ នៅឆ្នាំ ២០២៤ ទីភ្នាក់ងារ AFD នឹងបន្តសកម្មភាពរបស់ខ្លួននៅក្នុងវិស័យថាមពល ទឹក ទឹកស្អាត ធនធានមនុស្ស និងការអភិវឌ្ឍជនបទ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា»។
លោក រស់ សីលវ៉ា បានឱ្យដឹងថា AFD គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងការរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងសម្រាប់កម្ពុជាផងដែរ។
លោកលើកឡើងថា៖ «ក្នុងពេលដែលប្រទេសកម្ពុជាបានឆ្លងកាត់ដំណាក់កាលដំបូងៗនៃការអភិវឌ្ឍ យើងកំពុងស្ថិតលើមាគ៌ាមួយដ៏ល្អប្រសើរដើម្បីធ្វើការលើវិស័យផ្គត់ផ្គង់ទឹកស្អាត ថាមពល និងអភិវឌ្ឍមនុស្ស។ បញ្ហាប្រឈមនៃការអភិវឌ្ឍអាចត្រូវបានដោះស្រាយ ដើម្បីផ្តល់ផលវិជ្ជមានដល់កំណើនសេដ្ឋកិច្ចរបស់យើង»។
លោកបន្តថា៖z «ដោយមានការគាំទ្ររឹងមាំពីទីភ្នាក់ងារ AFD សេដ្ឋកិច្ចកម្ពុជាកំពុងត្រូវបានពង្រឹង និងឆ្លងកាត់បញ្ហាប្រឈមសកល ហើយបន្តឆ្ពោះទៅមុខដើម្បីសម្រេចបានជោគជ័យថ្មីៗទៀត»។
លោកបានបន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជានឹងបន្តផ្តល់នូវការគាំទ្រយ៉ាងសកម្មដល់វិស័យអាទិភាពនៃការអភិវឌ្ឍ ជាពិសេសឧស្សាហកម្មនវានុវត្តន៍ ឌីជីថល និងបច្ចេកវិទ្យាខ្ពស់ ដែលតម្រូវឱ្យមានការបង្កើតថ្មី ឬការស្រាវជ្រាវ និងការអភិវឌ្ឍ ហើយទាក់ទាញការវិនិយោគពីវិស័យឯកជននៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់កម្ពុជា។
ចាប់តាំងពីការបើកដំណើរការនៅកម្ពុជានៅឆ្នាំ ១៩៩៣ AFD បានដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដោយបានផ្តល់ហិរញ្ញប្បទានសរុបជាង ១,៥ ពាន់លានអឺរ៉ូ រាប់បញ្ចូលទាំងហិរញ្ញប្បទានថ្មីៗផ្តល់ជូនសម្រាប់ឆ្នាំ ២០២៣៕