​ភ្នំពេញ​: ភាពមិន​ច្បាស់​លាស់​នៃ​កំណើនសេដ្ឋកិច្ច​សកល បានធ្វើឱ្យ​ចំនួន​ទឹក​ប្រាក់​ផ្លាស់ប្តូរ​ទំនិញ​ទ្វេភាគី​កម្ពុជា និង​ចក្រភព​អង់គ្លេស ក្នុង​ឆ្នាំ​ ២០២៣ កន្លងមក​សម្រេចបាន​ជាង ៨៧០​ លាន​ដុល្លារ ធ្លាក់ចុះ​ជាង ១០​ ភាគ​រយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដោយ​ក្នុង​ចំនួន​នេះ​ទឹកប្រាក់​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​គ្របដណ្តប់​ជាង ៩០​ ភាគរយ​។ យោងតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​បើតាម GDCE ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​ទឹកប្រាក់​សរុប ៨៧២,៩៦​ លាន​ដុល្លារ ថយចុះ ១០,៧​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២២ ដែលមាន ៩៧៧,៤៤​ លាន​ដុល្លារ​។ ក្នុង​ចំនួន​ខាងលើ​គឺ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ចក្រ​ភព​អង់គ្លេស ៧៩៦,៣៨​ លាន​ដុល្លារ ថយចុះ ១០,២​ ភាគរយ ចំណែក​ទំនិញ​អង់គ្លេស​នាំមក​កម្ពុជា​ចំនួន ៧៦,៥៨​ លាន​ដុល្លារ ធ្លាក់ចុះ​ ១៦ ភាគរយ​។​

​នេះ​បើ​ផ្អែក​តាម ​GDCE ជញ្ជីងពាណិជ្ជកម្ម​កម្ពុ​ជាមាន​ឧត្តមភាព ៧១៩,៨១ ​លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​ ២០២២ មាន​ចំនួន ៧៩៥,៤១ ​លាន​ដុល្លារ​។ ចក្រភព​អង់គ្លេស​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ១០ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​ចិន អាមេរិក វៀតណាម និង ថៃ​។​

​សេដ្ឋវិទូ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ២២ ខែមករាថា ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ គឺអាច​ដោយសារ​កត្តា​ធំៗ​ចំនួន ២ គឺ​ទី​១ ភាពមិនច្បាស់លាស់​នៃ​កំណើនសេដ្ឋកិច្ច​សកល​ដែល​ជំរុញ​ឱ្យ​ប្រជាជន​នៃ​ប្រទេស​នីមួយៗ​កាត់បន្ថយ​ការចំណាយ និង​ទី​២ បរិមាណ​ទំនិញ​ដ៏​ច្រើន​ដែល​ចក្រភព​​អង់គ្លេស​បញ្ជា​ទិញ​ពី​កម្ពុ​ជានា​អំឡុង​ឆ្នាំ​ ២០២២ មាន​នៅសល់​ក្នុង​ស្តុក​លក់​មិនទាន់​អស់​។​

​នៅ​ឆ្នាំ​ ២០២៤ នេះ​ចរន្ត​នាំ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​នឹងមាន​ចំនួន​ច្រើនជាង​ឆ្នាំ​ ២០២៣​។

លោក​បន្តថា ដោយសារ​អង់គ្លេស​ជា​ប្រទេស​មាន​ខឿន​ឧស្សាហកម្ម​រីកចម្រើន ដូច្នេះ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ចក្រភព​អង់គ្លេស​ភាគ​ច្រើន គឺជា​ផលិតផល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ និង​កសិកម្ម​។

លោក​អះអាងថា​៖ «​ការបញ្ចេញ​ស្តុក​កាលពី​ឆ្នាំមុន និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ចូល​ដែល​ចក្រភព​អង់គ្លេស​ផ្តល់ឱ្យ​កម្ពុជា​សម្រាប់​ផលិត​មួយចំនួន នឹង​ជួយ​ធ្វើឱ្យ​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អង់គ្លេស​កើនឡើង​ខ្ពស់ជាង​ឆ្នាំមុន​។​

ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុន​ថៃ បាន​និយាយថា ការ​ធ្លាក់ចុះ​ទឹកប្រាក់​នាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ គឺ​ដោយ​​សារ​ឥទ្ធិពល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​សកល ក៏​ដូច​ជា​ផល​អវិជ្ជមាន​ដែល​បណ្តាលមកពី​សង្គ្រាម​នៅ​ប្រទេស​មួយចំនួន​។ ដោយ​សារ​ការនាំចេញ​ផលិតផល​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប​ធ្វើដំណើរ​ទៅ​ចក្រភព​អង់គ្លេស​បាន​ធ្លាក់ចុះ​កាល​ពី​ឆ្នាំមុន​។

លោក​បញ្ជាក់ថា​៖ «​ការធ្លាក់​​ចុះ​នេះ​គឺ​បណ្តាលមកពី​វិបត្តិ​សកល សម្រាប់​កម្លាំងផលិតកម្ម​នៅក្នុង​ប្រទេស​កម្ពុជា គឺ​បន្ត​បោះជំហាន​ទៅមុខ​ជា​ប្រចាំ​។ យើង​សង្កេតឃើញ​មាន​គម្រោង​វិនិយោគ​ជា​បន្តបន្ទាប់​បានមក​បើក​ដំណើរ​ការនាំ​កម្ពុជា​»​។​

​លោក​បន្តថា​៖ «​សម្រាប់​ឆ្នាំ​ ២០២៤ នេះ​ខ្ញុំ​មាន​សុ​ទិដ្ឋិ​និ​យម​ថា ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ រួមទាំង​ចក្រភព​អង់គ្លេស​នឹង​បង្ហាញ​ភាព​វិជ្ជមាន​ស្ទើរ​គ្រប់​ប្រភេទ​មុខទំនិញ​»​។ បច្ចុប្បន្ន​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ចក្រភព​អង់គ្លេស មាន​ដូច​​ជា សម្លៀកបំពាក់ ស្បែកជើង កាបូប កង់ ផលិតផល​កសិកម្ម ចំណែក​អង់គ្លេស​នាំមក​កម្ពុជា មានដូចជា រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿងអគ្គិសនី និង​គ្រឿង​អេឡិចត្រូនិក​ជាដើម​៕