ភ្នំពេញៈ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ត្រូវបានទទួលចំណាត់ថ្នាក់ khAAAby ពីទីភ្នាក់ងារវាយតម្លៃកម្ពុជា (RAC) និងត្រូវបានទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា (SERC) ជាស្ថាប័នធានាសញ្ញាបណ្ណដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឱ្យពួកគេគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ដើម្បីបោះផ្សាយមូលបត្របំណុល ដើម្បីបង្កើនសន្ធនីយភាពប្រាក់រៀលនៅលើទីផ្សារ និងធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់ឥណទាននៃសញ្ញាបណ្ណសាជីវកម្ម។
RAC គឺជាភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់ឥណទានមួយ ដែលបានទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា (SERC) ។ លោក Wong KeetLoong អគ្គនាយក CGCC បានឱ្យដឹងថា ជាមួយនឹងចំណាត់ថ្នាក់នេះ វាអនុញ្ញាតឱ្យក្រុមហ៊ុនលោកជួយដល់សហគ្រាសធុនតូច និងមធ្យមដើម្បីរកមូលនិធិបន្ថែម តាមរយៈការបោះផ្សាយមូលបត្របំណុល។
លោកថ្លែងថា៖ «ការផ្ដល់ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីសមត្ថភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យមធំៗ ដែលអាចបោះផ្សាយមូលបត្របំណុលដែលជាប្រភពទុន សម្រាប់ផ្តល់មូលនិធិពង្រីកអាជីវកម្មរបស់ពួកគេ។ CGCC បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងទំនុកចិត្ត និងការជឿជាក់បន្ថែមទៀតដល់ដៃគូរបស់យើង»។
លោក ស៊ូ សុជាតិ អគ្គនាយក SERC បានឱ្យដឹងថា ជាមួយនឹងការផ្ដល់ចំណាត់ថ្នាក់នេះ CGCC អាចចូលរួមចំណែកជួយដល់ក្រុមហ៊ុនផ្សេងទៀតក្នុងការចេញមូលបត្របំណុលនៅលើទីផ្សារភាគហ៊ុន។ លោកថា៖« CGCC គឺជាក្រុមហ៊ុនធានានៅក្នុងទីផ្សារមូលបត្រកម្ពុជា ហើយការផ្ដល់ចំណាត់ថ្នាក់ខ្លួន បង្ហាញពីភាពរឹងមាំរបស់ក្រុមហ៊ុនមួយនេះ។ លើសពីនេះ ការផ្ដល់ចំណាត់ថ្នាក់របស់ CGCC បង្ហាញ និងចាប់ផ្តើមវប្បធម៌នៃការផ្ដល់ចំណាត់ថ្នាក់ ដើម្បីបង្កើនទំនុកចិត្តពីសាធារណជន ហើយវាក៏បង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈរបស់ក្រុមហ៊ុន ក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងទីផ្សារមូលបត្របំណុលរបស់យើងផងដែរ»។
CGCC បានបង្កើត «ក្របខ័ណ្ឌគោលនយោបាយស្តីពីការធានាមូលបត្របំណុល» ហើយបានទទួលការយល់ព្រមពីលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ និយ័តករមូលបត្រកម្ពុជា (SERC) បានចេញលិខិតទទួលស្គាល់មួយដល់ CGCC ជាក្រុមហ៊ុនធានាសម្រាប់ការចេញមូលបត្របំណុល ដើម្បីគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុកដែលប្រមូលមូលនិធិ និងការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា»។
CGCC ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០/អនក្រ/បក ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ហើយផែនការធានាការស្ទុះងើបឡើងរបស់អាជីវកម្ម (BRGS) ដែលមានទឹកប្រាក់ចំនួន ២០០ លានដុល្លាររបស់ខ្លួន បានចាប់ផ្តើមដំណើរការកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្នុងគោលបំណងពង្រីកលទ្ធភាពទទួលបានប្រាក់កម្ចីជាផ្លូវការពីគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួម (PFI) សម្រាប់ទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម។
យោងតាមតួលេខដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ CGCC មានប្រាក់កម្ចីសរុបមានចំនួន ១១៣,៩៦ លានដុល្លារ ជាមួយនឹងកម្ចីមិនដំណើរការ (NPL) មានចំនួនប្រមាណ ៥,៤១ ភាគរយ។ ការទូទាត់សំណងសរុបមានចំនួន ១២៣,៣៣៦ ដុល្លារ។ អាជីវកម្មដែលគាំទ្ររួមមាន មីក្រូ សហគ្រាសធុនតូច និងមធ្យម (MSMEs) ចំនួន ១ ៧៣១ និងក្រុមហ៊ុនធំៗមានចំនួនជាង ១៤៩៕