ភ្នំពេញៈ កម្ពុជាប្រមូលប្រាក់បានជាង ៨៥១ លានដុល្លារ ពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ទៅទីផ្សារអន្ដរជាតិ ក្នុងឆ្នាំ ២០២៣ កើនឡើងជិត ៣០០ ភាគរយ បើធៀបឆ្នាំ ២០២២។ នេះបើយោងតាមការលើកឡើងរបស់លោកស្រី តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្ដរជាតិលើកទី១៥ ឆ្នាំ២០២៤» ដែលរៀបចំនៅ Morgan Tower កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ លោកស្រី តាន់ ទេពីកណ្ណិកា បានលើកឡើងថា ទឹកប្រាក់នាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃពីកម្ពុជាទៅទីផ្សារអន្ដរជាតិ បានកើនឡើងជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ ២០២៣ ការនាំចេញមានទឹកប្រាក់ ៨៥១ លានដុល្លារ កើនឡើងប្រមាណ ២៦១ ភាគរយ បើធៀបនឹងឆ្នាំ ២០២២។
លោកស្រីបានបន្តថា កំណើននេះបានបញ្ជាក់ពីភាពជោគជ័យនៃកិច្ចសហប្រតិបត្ដិការជិតស្និទ្ធ រឹងមាំ និងគ្រប់ជ្រុងជ្រោយរវាងក្រសួងពាណិជ្ជកម្ម និងផ្នែកឯកជន ក៏ដូចជាសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាផងដែរ។
ប្រធានស្ដីទីនៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លោក ឆាយ ស៊ីណាត បានលើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្ដរជាតិលើកទី១៥ ឆ្នាំ ២០២៤ ដែលគ្រោងរៀបចំចាប់ពីថ្ងៃទី ២១ ដល់ ២៥ ខែមីនា ឆ្នាំ ២០២៤ ខាងមុខ គឺជាវេទិកាមួយដែលបង្ហាញពីសក្តានុពលនៃវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា។ តាមរយៈព្រឹត្តិការណ៍នោះ អ្នកចូលរួមនឹងមានឱកាសស្វែងយល់កាន់តែច្បាស់ពីការរីកចម្រើននៃផលិតកម្មគ្រឿងអលង្ការ និងការរចនាម៉ូដគ្រឿងអលង្ការពេលបច្ចុប្បន្ននៅកម្ពុជា។
លោកបន្ថែមថា៖ «វាក៏ជាឱកាសល្អសម្រាប់គ្រប់ពាណិជ្ជករ អ្នកច្នៃម៉ូដគ្រឿងអលង្ការកម្ពុជា យើងអាចបានជួបដៃគូបរទេសសហការគ្នាក្នុងការជំរុញពាណិជ្ជកម្មរបស់ខ្លួនថែមទៀត»។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ ថា ការកែច្នៃគ្រឿងអលង្ការ ត្បូងមានតម្លៃ និងវត្ថុសិល្បៈអំពីឈើ និងថ្ម នៅកម្ពុជាមានប្រវត្តិជាយូរណាស់មកហើយ ដូច្នេះគេអាចនិយាយថា ប្រជាជនខ្មែរមានជំនាញច្រើនលើការងារទាំងអស់នេះ។
លោកបានបន្តថា បើទោះបីទឹកប្រាក់នាំចេញផលិតផលគ្រឿងអលង្ការ និងត្បូងមានតម្លៃកាលពីឆ្នាំ ២០២៣ បានកើនឡើងច្រើនបើធៀបនឹងឆ្នាំ ២០២២ ប៉ុន្តែនេះមិនមែនមានន័យថា កម្ពុជាសម្បូរវត្ថុធាតុដើមដូចជា រ៉ែមាស និងត្បូងនោះទេ ដោយភាគច្រើនគឺកម្ពុជានាំចូលផលិតផលទាំងអស់នោះពីក្រៅប្រទេស យកមកកែច្នៃមុននឹងនាំទៅលក់នៅទីផ្សារអន្តរជាតិវិញ។
លោកបានថ្លែងថា៖ «កំណើននៃការនាំចេញផលិតផលមានតម្លៃទាំងនេះ គឺជាមោទនភាពមួយសម្រាប់កម្ពុជា ព្រោះតាមរយៈគ្រឿងអលង្ការទាំងនេះគឺវានឹងជួយផ្សព្វផ្សាយពីកេរ្តិ៍ឈ្មោះ និងក្បាច់ក្បូរមួយចំនួនដែលបន្សល់ទុកតាំងពីដូនតាតាមរយៈផ្ទាំងចម្លាក់នៅតាមប្រាសាទនានានៅទូទាំងប្រទេស ព្រមទាំងគំនិតក្នុងការកែច្នៃម៉ូដទាន់សម័យថ្មីៗ»។
លោក វណ្ណៈ បានលើកឡើងទៀតថា ទន្ទឹមនឹងការនាំចេញផលិតផលទាំងអស់ខាងលើ ក្នុង ១ ឆ្នាំៗកម្ពុជាក៏មានបញ្ចេញប្រាក់ច្រើនផងដែរទៅទីផ្សារអន្តរជាតិ ដើម្បីប្រមូលទិញមាស និងត្បូងមានតម្លៃយកមកកែច្នៃ។
លោកបានលើកឡើងថា៖ «ខ្ញុំនៅតែគិតថា ការនាំចេញផលិតផលទាំងអស់នេះមានសម្ទុះទៅមុខលឿនថែមទៀតនាពេលខាងមុខ»។
ក្រសួងរ៉ែ និងថាមពលឱ្យដឹងថា គិតចាប់ពីការផលិតមាសលើកដំបូងកាលពីខែមិថុនា ឆ្នាំ ២០២១ ដល់ត្រឹមពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២៣ ប្រទេសកម្ពុជា បានផលិតដុំមាសជិត ៩ តោន។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានថ្លែងនៅក្នុងវេទិកាស្តីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៦ កំពុងចម្រាញ់រ៉ែមាសនៅតាមបណ្តាខេត្តមួយចំនួននៅកម្ពុជា ដោយបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់ថវិកាជាតិ។
លោកបានអះអាងថា៖«គិតមកដល់ពេលនេះ (ខែវិច្ឆិកា ឆ្នាំ២០២៣) ប្រទេសកម្ពុជាផលិតមាសប្រមាណ ១ ០៤០ ដុំ ហើយសរុបមានប្រមាណ ៨ ៩៧៩ គីឡូក្រាម។ ជាមួយនឹងមាសនេះ រដ្ឋាភិបាលកម្ពុជាក៏ទទួលបានប្រាក់សួយសារអាករប្រមាណជាង ១៤,៤ លានដុល្លារ»៕