ភ្នំពេញៈ កម្ពុជា បាននាំទំនិញទៅទីផ្សារប្រទេសជប៉ុន ក្នុងទឹកប្រាក់ជិត ១,២ ពាន់លានដុល្លារកាលពីឆ្នាំ ២០២៣ កើនឡើងតិចតួចបើធៀបនឹងឆ្នាំ ២០២២ ខណៈពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់សរុបជិត ១,៨ ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ស្ថិតិរបស់ GDCE ឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ទំនិញដែលកម្ពុជានាំទៅប្រទេសជប៉ុនមានទឹកប្រាក់ ១,១៧ ពាន់លានដុល្លារ កើន ០,២ ភាគរយធៀបឆ្នាំ ២០២២ ចំណែកទំនិញជប៉ុននាំមកកម្ពុជា ៦២៣,៦ លានដុល្លារ ធ្លាក់ចុះ ១៨,៥ ភាគរយ។ យោងតាមតួលេខ គឺពាណិជ្ជកម្មប្រទេសទាំង ២ មានចំនួន ១,៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៧,២ ភាគរយធៀបឆ្នាំ ២០២២ ដែលមាន ១,៩៤ ពាន់លានដុល្លារ។ ជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៣ ខែមករាថា ឥទ្ធិពលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ និងកំណើនសេដ្ឋកិច្ចសកលយឺត បានធ្វើឱ្យចរន្តការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិធ្លាក់ចុះនៅស្ទើរគ្រប់គោលដៅ។ ទោះយ៉ាងណាដោយសារកម្ពុជាមានផលិតផលដែលមានតម្រូវការច្រើននៅជប៉ុនទើបអាចរក្សាបានភាពវិជ្ជមាននេះ។ លោកបន្ថែមថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងជប៉ុន ជាសមាជិកក៏ជាចំណែកជួយលើកកម្ពស់សមត្ថភាពនាំចេញរបស់កម្ពុជាទៅប្រទេសជប៉ុនផងដែរ។
លោកពន្យល់ថា៖«ការទទួលបានកំណើនទឹកប្រាក់នាំចេញនេះ គឺដោយសារមានការខិតខំពីគ្រប់ផ្នែកពាក់ព័ន្ធទាំងរដ្ឋាភិបាល និងផ្នែកឯកជនកម្ពុជាក្នុងការផ្សព្វផ្សាយពីគុណភាព និងភាពសម្បូរបែបនៃផលិតផលកម្ពុជាដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារជប៉ុន»។
លោកបន្តថា ដើម្បីផ្សព្វផ្សាយពីផលិតផលកម្ពុជា និងទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន កន្លងមកសភាពាណិជ្ជកម្មកម្ពុជាបានបើកការិយាល័យតំណាងរបស់ខ្លួននៅក្នុងទីក្រុងសែនដាយ (ប្រទេសជប៉ុន)។ ការិយាល័យតំណាងមានតួនាទីផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យចូលមកបណ្តាក់ទុនផ្ទាល់ ក៏ដូចជាទាក់ទាញជប៉ុនឱ្យមកបញ្ជាទិញទំនិញផលិតនៅកម្ពុជាយកទៅលក់នៅទីផ្សារជប៉ុនផងដែរ។
យោងតាមលោក លឹម ហេង ផលិតផលកម្ពុជាសំខាន់ៗនាំទៅជប៉ុន គឺមានសម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំ និងកសិផល ចំណែកជប៉ុននាំចូលមកកម្ពុជា រួមមានគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រសម្រាប់វិស័យកសិកម្មជាដើម។
ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគជប៉ុនឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើន លោក ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយនឹងគណៈប្រតិភូនៃប្រទេសជប៉ុនដែលដឹកនាំដោយ លោក UENO Atsushi ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា។ ក្នុងកិច្ចប្រជុំនោះបានពិភាក្សាគ្នាដោយផ្តោតសំខាន់លើការងារចំនួន ២ គឺទី ១ ការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យក្លាយជាកំពង់ផែប្រចាំតំបន់ និងទី ២ គម្រោងសិក្សា និងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលជាតំបន់សេដ្ឋកិច្ចពិសេសបង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តវិនិយោគិនជប៉ុនងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។
យោងតាមធនាគារជាតិនៃកម្ពុជា គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២៣ ជប៉ុន គឺជាប្រទេសដែលវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេទី ៤ ដោយមានទឹកប្រាក់សរុប ១១,៣ ទ្រីលានរៀល (កើន ១១,៦ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២) គឺបន្ទាប់ពីប្រទេសចិន កូរ៉េ និងសិង្ហបុរី។ វិនិយោគិនជប៉ុនភាគច្រើនវិនិយោគនៅប្រទេសកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ និងអចលនទ្រព្យ ជាដើម៕