និយ័តករមូលបត្រកម្ពុជា (SERC) បានអនុម័តជាផ្លូវការលើសេចក្តីជូនដំណឹងស្តីពីការអនុម័តដាក់ឱ្យប្រើប្រាស់នូវគោលការណ៍ស្តីពីទម្រង់របាយការណ៍របស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ (FMC) ដែលជាវិធានការមួយដើម្បីបង្កើនប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៃឧស្សាហកម្មមួយនេះនិងដើម្បីបង្ការហានិភ័យនានា។
យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី ២៣ ខែមករា SERC ជូនដំណឹងដល់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិថា SERC បានអនុម័តដាក់ឱ្យប្រើប្រាស់នូវគោលការណ៍ណែនាំ ស្តីពីការអនុម័តដាក់ឱ្យប្រើប្រាស់នូវគោលការណ៍ស្តីពីទម្រង់ របាយការណ៍របស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិក្នុងគោលបំណងដើម្បីជួយសម្រួលដល់ការយល់ដឹង និងការបំពេញកាតព្វកិច្ច ផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ប្រកបដោយសណ្តាប់ធ្នាប់ និងប្រសិទ្ធភាព អនុលោមតាមប្រកាសស្តីពីកាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។
លោក ស៊ូ សុជាតិ អគ្គនាយក SERC បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៤ ខែមករាថា ការជូនដំណឹងនេះគឺជាជំហានដ៏សំខាន់មួយសម្រាប់ FMC ទាំងអស់ដើម្បីអនុវត្តតាម និងអនុញ្ញាតឱ្យនិយតករទទួលបានការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងហានិភ័យណាមួយចំពោះអាជីវកម្មរបស់ពួកគេ។
“វាគឺជាប្រព័ន្ធរាយការណ៍មួយ ដែលយើងបានរៀបចំរួចហើយ ដើម្បីឲ្យពួកគេអនុវត្តបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលមានស្រាប់។ គោលបំណងចម្បងរបស់យើងគឺត្រួតពិនិត្យ និងគ្រប់គ្រងអំពីដំណើរការអាជីវកម្ម ឬសកម្មភាពរបស់ពួកគេ។ ប្រសិនបើយើងរកឃើញថាមានភាពមិនប្រក្រតី យើងអាចធ្វើអន្តរាគមន៍ភ្លាមៗដើម្បីបញ្ចៀសរាល់ហានិភ័យនានា»។
បើតាមលោក សុជាតិ បច្ចុប្បន្នមានបុគ្គលជាច្រើនត្រូវបានបោកបញ្ឆោតដោយក្រុមគ្មានវិជ្ជាជីវៈ ដែលប្រមូលមូលនិធិតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសន្យាថានឹងទទួលបានប្រាក់ចំណូលខ្ពស់។
លោកបានកត់សម្គាល់ថា សកម្មភាពបែបនេះបានរួមចំណែកដល់ប្រតិបត្តិការដែលគ្មានវិជ្ជាជីវៈ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនធម្មតា ដែលពេលខ្លះខ្ចីប្រាក់សម្រាប់គម្រោងបែបនេះ៕