​ភ្នំពេញៈ ទឹកប្រាក់​នៃ​ការនាំចេញ នាំ​ចូល​ទំនិញ​រវាង​កម្ពុជា​-​សិង្ហ​បុរី កាលពី​ឆ្នាំ​ ២០២៣ មាន​ចំនួន​ជិត ៩២០​ លាន​ដុល្លារ កើន​ជាង ៧ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ ដោយ​ក្នុងនោះ​ទំនិញ​សិង្ហ​បុរី​នាំមក​កម្ពុ​ជាមាន​ចំណែក​ជាង ៩៤ ​ភាគ​រយ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​តារាង​ស្ថិតិ​ជញ្ជីងពាណិជ្ជកម្ម​អន្តរជាតិ ដែល​កត់ត្រា​ដោយ GDCE បានឱ្យដឹងថា ប្រទេស​សិង្ហ​បុរី​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​ ៩ ​របស់​កម្ពុជា ដោយ​ក្នុង​ឆ្នាំ ​២០២៣ ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​សរុប ៩១៧,៤៥ ​លាន​ដុល្លារ កើន ៧,១ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២២ ដែលមាន ៨៥៦,៩ ​លាន​ដុ​ល្លារ​។​

​ក្នុង​ចំនួន​ទឹកប្រាក់​នេះ គឺ​ទំនិញ​កម្ពុជា​នាំទៅ​សិង្ហ​បុរី ៥១,២៣​ លាន​ដុ​ល្លារ ធ្លាក់ចុះ ៩,៨​ ភាគរយ និង​ទំនិញ​សិង្ហ​បុរី​នាំមក​កម្ពុជា ៨៦៦,២២ ​លាន​ដុល្លារ កើន ៨,៣​ភាគរយ​។ ផ្អែក​តាម​តួលេខ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​-​សិង្ហ​បុរី ឆ្នាំ​ ២០២៣ គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឱនភាព ៨១៤,៩៩​ លាន​ដុល្លារ កើន​ពី ៧៤៣,៣៣​ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២​។​

​អនុប្រធាន​សភា​ពា​​ណិ​ជ្ជ​កម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា សិង្ហ​បុរី គឺជា​ប្រទេស​តូច​ក្នុង​តំបន់​អាស៊ាន ប៉ុន្តែ​មាន​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​រីកចម្រើន ដូច្នេះ​កម្ពុជា​តែង​ទទួលបាន​លំហូរ​សម្ភារ គ្រឿង​បរិក្ខារ​ប្រើ​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ពី​សិង្ហ​បុរី ខណៈ​កម្ពុជា​ដែលជា​ប្រទេស​កំពុង​អភិ​​វឌ្ឍន៍​ក៏បាន​នាំ​ទំនិញ​មួយចំនួន​(​ភាគច្រើន​ផលិតផល​វាយ​ន​ភណ្ឌ និង​ក​សិ​កម្ម​)​ទៅ​ប្រទេស​សិង្ហ​បុរី​។ លោក​បន្តថា ដោយសារ​កម្ពុជា​-​សិង្ហ​បុរី គឺជា​សមាជិក​អាស៊ាន ហើយ​ប្រទេស​ទាំង ២ ក៏​ជា​សមាជិក​កិច្ចព្រមព្រៀង RCEP ដូច្នេះ​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ ប្រាកដជា​នឹង​កើនឡើង​បន្ថែមទៀត​នៅពេល​កំណើន​សេដ្ឋកិច្ចពិភពលោក​មាន​ភាពរឹងមាំ​។​

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែមករា ថា​៖«​ជាមួយនឹង​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​សក​ល​ឆ្នាំ​ ២០២៤​ នឹង​ល្អ​ជាង​ឆ្នាំ​ ២០២៣ នោះ ខ្ញុំ​មាន​សុ​ទិដ្ឋិ​​និយម​ថា ការនាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ នឹង​ឡើង​ព្រម​គ្នា​»​។​

​លោក​ប្រាប់ទៀតថា ក្រៅពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទំនិញ ប្រទេស​ទាំង ២ ក៏មាន​ភាពល្អប្រសើរ​ជាមួយគ្នា​លើ​វិស័យ​ទេសចរណ៍ និង​ការបណ្តាក់ទុន​ផ្ទាល់​របស់​វិនិយោគិន​សិង្ហ​បុរី​នៅ​កម្ពុជា​ដែរ​។​

​ភាគច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​សិង្ហ​បុរី គឺជា​ផលិតផល​សម្លៀកបំពាក់ កាបូប និង​ស្បែកជើង គ្រឿង​បង្គុំ​អគ្គិសនី និង​ផលិតផល​កសិកម្ម និង​កសិឧស្សាហកម្ម ចំណែក​ទំនិញ​សិង្ហ​បុរី​នាំមក​កម្ពុជា គឺ​សម្ភារ​អេឡិចត្រូនិក​​អគ្គិសនី ភេសជ្ជៈ ចំណីអាហារ សម្ភារ​សំណង់ និង​ឱសថ ជាដើម​។ នេះ​បើតាម​លោក លឹម ហេង​។​

​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យមាន​ទំហំ​កាន់តែ​ធំ កម្ពុជា និង​សិង្ហ​បុរី កាលពី​ថ្ងៃទី ​២ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ នៅ​ទី​ស្តី​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានធ្វើ​ពិធី​ចុះហត្ថលេខា «​ពិធីសារ ទី​២» ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​សាធារណរដ្ឋ​សិង្ហ​បុរី ស្តីពី​«​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​»​។​

​ពិធីសារ​ទី ២ នេះ ត្រូវបាន​ចុះ​ហត្ថ​លេខា​ដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​មួយ​លោកស្រី Teo Lay Cheng ឯក​​អគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​សេដ្ឋ​កិច្ច បានឱ្យដឹងថា​៖«​គោលបំណង​នៃ​ការរៀបចំ​ឱ្យមាន «​ពិធីសារ​ទី ២»​នេះ​គឺ​ដើម្បី​ធ្វើ​វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង DTA កម្ពុជា​-​សិង្ហ​បុរី ឱ្យមាន​សង្គតិភាព​ជាមួយ​បទដ្ឋាន​អន្តរជាតិ ដែល​ត្រូវបាន​វិ​វត្ត​ចុងក្រោយ ជាពិសេស​នៅក្រោម​ក្របខ័ណ្ឌ​បរិ​យាប​ន្ន​របស់​អង្គការ​សហ​ប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD)​ សម្រាប់​​ប្រឈម​នឹង​ការបន្ថយ​មូល​​ដ្ឋា​ន​គិត​ពន្ធ និង​ការ​បង្វែរ​ប្រាក់ចំណេញ​ (Base Erosion and Profit Shifting-BEPS)»​។​

​យោងតាម​ក្រសួង​សេដ្ឋកិច្ច​«​កិច្ច​ព្រម​​ព្រៀង DTA កម្ពុជា​-​សិង្ហ​បុរី​»​ ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ២០ ខែមេសា ឆ្នាំ​ ២០១៦ ហើយ​បាន​ចូល​ជា​ធរមាន និង​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់តាំងពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០១៨​។​

​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២៣ កម្ពុជា​ទទួល​បានការ​វិនិយោគ​ផ្ទាល់​បរទេស ក្នុង​ទឹកប្រាក់​សរុប ១៨៥,៧​ ទ្រី​លាន​រៀល កើន ៩​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ សិង្ហ​បុរី​ជា​ប្រទេស​ដែល​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ​ទី ៣ ដោយមាន​ទឹកប្រាក់​សរុប ១២,១ ​ទ្រី​លាន​រៀល​(​កើន ៨,៨​ ភាគរយ​ធៀប​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២) គឺ​បន្ទាប់ពី​ចិន និង​កូរ៉េ​។ វិនិយោគិន​សិង្ហ​បុរី ភាគច្រើន​វិនិយោគ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ អចលន​​ទ្រព្យ កម្មន្តសាល និង​កសិកម្ម​៕