ភ្នំពេញៈ ចំនួនដើមទុនបណ្តាក្រុមហ៊ុនអាជីវកម្មដែលមកចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ គិតត្រឹមថ្ងៃទី ២១ ខែមករា បានកើនដល់ប្រមាណ ៩,៨ ពាន់លានដុល្លារ ខណៈចំនួនក្រុមហ៊ុនដែលចុះបញ្ជីកើនដល់ជាង ៣២ ពាន់ក្រុមហ៊ុន។ នេះបើយោងតាម Online Business Registration Service (OBRS)។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ ត្រូវបានរដ្ឋាភិបាលដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដែលរួមមានក្រសួងស្ថាប័នរដ្ឋចំនួន ៦ ចូលរួម គឺក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រោយមករដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យដំណើរការដំណាក់កាល ទី ២ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ និងដំណាក់កាល ទី ៣ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ ដោយបានដាក់ក្រសួង-ស្ថាប័នមួយចំនួនបន្ថែមទៀត។
OBRS ឱ្យដឹងថា គិតត្រឹមថ្ងៃទី ២១ មករា ឆ្នាំ ២០២៤ (ម៉ោង ២៣:៥៩នាទី) ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីដោយជោគជ័យតាមប្រព័ន្ធ Single Portal មានសរុប ៣២ ៨៦០ ក្រុមហ៊ុន ស្មើនឹងដើមទុនចុះបញ្ជី ៩,៨ ពាន់លានដុល្លារ។ ក្រុមហ៊ុនដែលមានម្ចាស់ជាស្ត្រី ស្មើនឹង ៣៧,៧៣ ភាគរយ និងបុរស ៦២,២៧ ភាគរយ។ ក្រៅពីនេះក្រុមហ៊ុនដែលទទួលជោគជ័យលើការចុះបញ្ជីខាងលើ ក៏មានក្រុមហ៊ុនចំនួន ១៨ ០០១ ផ្សេងទៀតដែលទទួលជោគជ័យលើការសុំនាមករណ៍បម្រុងទុក និងចំនួន ៣ ត្រូវបានបដិសេធ។
បើយោងតាម OBRS គឺក្នុងចំណោយទុនវិនិយោគទាំង ៩,៨ ពាន់លានដុល្លារ គឺផ្នែកសាងសង់អគារ មានដើមទុន ១,១៣ ពាន់លានដុល្លារ ស្មើ ១១,៥១ ភាគរយ, ផ្នែកអចលនទ្រព្យ(ប្រើអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ) មានទុន ១,០២ ពាន់លានដុល្លារ ស្មើ ១០,៤៥ ភាគរយ, សកម្មភាពសេវាកម្មស្នាក់នៅ ១ ពាន់លានដុល្លារ ស្មើ ១០,២២ ភាគរយ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៦០៧ លានដុល្លារ ស្មើ ៦,០៧ ភាគរយ, កម្មន្តសាលសម្លៀកបំពាក់ (លើកលែងតែសម្លៀកបំពាក់ធ្វើពីរោមសត្វ) ៥២០ លានដុល្លារ ស្មើ ៥,៣១ ភាគរយ, និងផ្នែកផ្សេងៗ មានដើមទុន ៥,៥៣ ពាន់លានដុល្លារ ស្មើ ៥៦,៤៤ ភាគរយ។
សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមករាថា ការរឹតបន្ដឹងផ្នែកច្បាប់ពីសំណាក់អាជ្ញាធរ និងចំណេះដឹងរបស់ម្ចាស់អាជីវកម្មពីកាតព្វកិច្ចរបស់ខ្លួន បានជំរុញឱ្យម្ចាស់អាជីវកម្មកាន់តែច្រើនមកចុះបញ្ជីដើម្បីធ្វើឱ្យអាជីវកម្មរបស់ខ្លួនមានភាពស្របច្បាប់។ ការចុះបញ្ជីនឹងផ្តល់ផលវិជ្ជមានច្រើនទាំងសម្រាប់រដ្ឋាភិបាល និងម្ចាស់អាជីវកម្មហើយវាក៏នឹងផ្តល់ជំនឿចិត្តទៅដល់ប្រជាជនទូទៅផងដែរ។
លោកថ្លែងថា៖«ការចុះបញ្ជីគឺមានផលវិជ្ជមានច្រើនទាំងរដ្ឋាភិបាល និងផ្នែកឯកជន ជាពិសេសវាផ្តល់នូវទំនុកចិត្តទៅដល់អតិថិជនដែលជាអ្នកទៅទទួលសេវាទាក់ទងនឹងគុណភាព តម្លៃ និងវិជ្ជាជីវៈជាដើម។
លោកបន្ថែមថា នៅប្រទេសរីកចម្រើន គឺគ្រប់អាជីវកម្មសុទ្ធតែត្រូវបានចុះបញ្ជី។ តាមរយៈការចុះបញ្ជី វាក៏ជួយឱ្យរដ្ឋាភិបាលអាចគ្រប់គ្រងចំនួន និងប្រភេទអាជីវកម្មបានកាន់តែច្បាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងការរៀបចំកំណត់ពន្ធ ព្រមទាំងកំណត់គោលនយោបាយគាំទ្រផ្សេងៗ។
ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លោក ឈិន កេន បាននិយាយថា ការពង្រឹងច្បាប់អាជីវកម្ម ការសម្រួលនីតិវិធីចុះបញ្ជីដែលមានភាពងាយស្រួល និងចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ម្ចាស់អាជីវកម្ម គឺបានជួយលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មកាន់តែច្រើននាំគ្នាទៅចុះបញ្ជី។ នៅពេលគ្រប់អាជីវកម្មសុទ្ធតែបានការទទួលស្គាល់ពីអាជ្ញាធរ វានឹងជួយធ្វើឱ្យការប្រកួតប្រជែងមានតម្លាភាពជាងមុន។
លោកបញ្ជាក់ថា៖«នៅពេលគ្រប់អាជីវកម្មទាំងអស់ត្រូវបានចុះបញ្ជី វានឹងផ្តល់ផលចំណេញច្រើនទៅរដ្ឋាភិបាល និងផ្នែកឯកជន ហើយជាមួយគ្នានេះវាក៏នឹងជួយកាត់បន្ថយការលក់បង្ខូចថ្លៃពីសំណាក់ម្ចាស់អាជីវកម្មមិនស្របច្បាប់មួយចំនួនដែលរកស៊ីដោយមិនបង់ពន្ធផងដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២៨ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣ បានលើកឡើងពីកម្លាំងចលករដ៏សំខាន់របស់អ្នកប្រកបអាជីវកម្មសម្រាប់សេដ្ឋកិច្ចជាតិ និងបានជំរុញឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រូវទៅចុះបញ្ជីនៅអាជ្ញាធរ ដើម្បីអាចឱ្យរដ្ឋាភិបាលមានព័ត៌មាន និងអាចជួយរកដោះស្រាយបានទាន់ពេលវេលានៅពេលមានបញ្ហាអ្វីមួយកើតឡើង។
លោកបានថ្លែងថា៖«យើងចង់បានបងប្អូនចូលរួមឱ្យបានច្រើននៅក្នុងដំណាក់កាលអន្តរកាលនេះ ដើម្បីងាយស្រួលរដ្ឋាភិបាលចង់បានទិន្នន័យ ងាយស្រួលក្នុងការគ្រប់គ្រងគោលនយោបាយ និងដើម្បីជួយបងប្អូនឱ្យទាន់ពេលវេលា និងចំគោលដៅ ជាពិសេសក្នុងពេលលំបាក»។
បើតាមលោកនាយករដ្ឋមន្ត្រីផលប្រយោជន៍នៃការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងដំណាក់កាលអន្តរកាលនេះ គឺអ្នកដែលស្ថិតក្នុងសហគ្រាសមីក្រូ តូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍នៃការលើកលែងពិន័យនានា បំណុលពន្ធ ផ្តល់ការលើកទឹកចិត្តពន្ធដារផ្សេងៗ រួមទាំងអាចទទួលបានការគាំទ្រហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងសហគ្រាសផងដែរ៕