ភ្នំពេញៈ ប្រាក់​ប្រមាណ​ជាង ៣,៦​ ពាន់​លាន​ដុល្លារ​ ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ ​(GDT)​ ប្រមូលបាន​នៅក្នុង​ឆ្នាំ​ ២០២៣ ដោយ​កើន​លើស​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​ ២០២៣ និង​លើស​ឆ្នាំ​ ២០២២ បន្តិចបន្តួច​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ GDT ស្តីអំពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ និង​ប្រចាំឆ្នាំ​ ២០២៣ កាលពី​ថ្ងៃទី​ ២៣ ខែមករា បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​ ២០២៣ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រ​មូល​ចំណូល​ចូល​ថវិកាជាតិ​បាន​ប្រ​មាណ ៣ ៦១២,១២ ​លាន​ដុល្លារ ស្មើ ១០១,១៣ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២៣ ឬ​កើនឡើង ១៥៥,១៣ ​លាន​ដុល្លារ ស្មើនឹង ៤,៤៩​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ ២០១៩-២០២៣ របស់​រាជរដ្ឋាភិបាល ដែល​ផ្តោត​សំខាន់​លើ​ការធ្វើ​បច្ចុប្បន្នភាព និង​ទំនើបកម្ម​គោល​នយោបាយ និង​រដ្ឋបាល​សារពើពន្ធ​ជា​បន្តបន្ទាប់ ដើម្បី​ជំរុញ បង្កើន​សមត្ថភាព ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​»​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​​វត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ខាងលើ​បានឱ្យដឹងថា អគ្គនាយកដ្ឋាន​ពន្ធដា​រ គឺជា​ស្ថា​​ប័ន​ប្រមូល​ចំណូល​ដ៏​សំខាន់​សម្រាប់​ជាតិ ហើយ​អ្វីដែល​ពិសេស​គឺ​ចំណូល​ដែល​ប្រមូលបាន​មាន​ចំនួន​លើសពី​ផែនការ​កំណត់ បើទោះបីជា​សេដ្ឋកិច្ច​សកល កំពុងស្ថិត​ក្នុង​សភាពការណ៍​លំបាក​ដោយ​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាពមិនប្រាកដប្រជា និង​ន​យោ​បាយ​សកល​យ៉ាងណាក៏ដោយ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ២៥ ខែមករាថា ការពង្រឹង​ការអនុវត្ត​ច្បាប់​ពន្ធដារ ការ​ធ្វើកំណែទម្រង់​លើ​នីតិវិធី​បង់ពន្ធ​កាន់​-​តែមាន​ភាពងាយស្រួល និង​ការយល់​ដឹង​ពី​សំណាក់​អ្នក​ជាប់​កាតព្វកិច្ច​បង់​​ពន្ធ បាន​ជួយ​ឱ្យ​ការប្រមូល​ចំណូល​ពន្ធ​កើន​ឡើងជា​លំដាប់ ជាពិសេស​ក្នុងដំណាក់កាល​សេដ្ឋកិច្ចពិភពលោក​កំពុង​បន្ត​ជួបនឹង​បញ្ហា​ប្រឈម​ជា​បន្ត​បន្ទាប់​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​

​លោក​បាន​បន្ថែមថា ប្រាក់ចំណូល​ពន្ធ​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ឱ្យ​រដ្ឋាភិបាល​មាន​ថវិកា​សម្រាប់​យកទៅ​ប្រើប្រាស់​លើ​ការវិនិយោគ​សាធារណៈ​នានា​សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យ​បោះជំហាន​ទៅមុខ​កាន់តែ​លឿន ជា​ពិសេស​ឈានទៅ​សម្រេច​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​

​លោក​បាន​អះអាងថា​៖ «​ការប្រមូល​ចំណូល​ពន្ធដារ​កើន​លើស​ផែនការ​ប្រចាំឆ្នាំ​បែបនេះ​គឺជា​រឿង​គួរឱ្យ​កោត​​សរសើរ ព្រោះ​ក្នុងដំណាក់កាល​ដែល​សេដ្ឋកិច្ចពិភពលោក​កំពុង​បន្ត​ជួបនឹង​បញ្ហា គឺ​សកម្មភាព​សេដ្ឋកិច្ចជាតិ និង​អន្តរជាតិ​មួយចំនួន​ក៏​ជាប់គាំង​ដែរ​។ ចំណូល​ពន្ធ​កាន់តែច្រើន គឺ​បើក​លទ្ធ​ភាព​ឱ្យ​រដ្ឋាភិបាល​អាច​យកទៅ​ប្រើ​ប្រាស់​សម្រាប់​កិច្ចការ​អភិវឌ្ឍន៍​ប្រទេស​បាន​កាន់តែច្រើន​»​។​

​ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ទទួល​បាន​គម្រោង​វិនិយោគ​ថ្មីៗ​លើ​វិស័យ​ចម្រុះ​ជាច្រើន​នោះ លោក វណ្ណៈ បាន​ប្រាប់ថា នៅពេល​អាជីវកម្ម​ទាំងអស់នោះ​ដំណើរការ កម្ពុជា​ក៏​អាច​ប្រមូល​ចំណូល​ពន្ធ​បាន​កាន់តែច្រើន​ទៀត​។​

​ទោះយ៉ាងណា លោក​ជំរុញ​ឱ្យ GDT ត្រូវខិតខំ​បន្ថែមទៀត​ដើម្បី​ធ្វើឱ្យ​ការ​ប្រ​​មូល​ចំណូល​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព ជាពិសេស​ក្នុង​វិស័យ​អចលនទ្រព្យ​ទាក់ទង​នឹង​ការធ្វើ​ប​ច្ចុ​ប្បន្ន​ភាព​សំណង់​អគារ ​(​កម្ពស់​ទំហំ​) និង​ប្រភេទ​ដីធ្លី​មិន​ប្រើប្រាស់​។​

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធ​ដារ លោក គង់ វិបុល កន្លងមក​បាន​និយាយថា ទោះបី​ការប្រមូល​ចំណូល​របស់ GDT នៅ​បន្ត​រក្សាបាន​សញ្ញា​វិជ្ជមាន ក៏ប៉ុន្តែ​បញ្ហា​នៃ​ភាពមិនប្រាកដ​ប្រជា​នៃ​បរិបទ​សេដ្ឋកិច្ច​សកល ការ​ធ្លាក់ចុះ​កំណើនសេដ្ឋកិច្ច​ពិភពលោក ពិសេស​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន គឺ​បាន​បន្ត​ដាក់​សម្ពាធ​ទៅដល់​បណ្តា​ក្រុមហ៊ុន​/​ប្រទេស ដែលជា​ប្រភព​ទុន សម្រាប់​វិនិយោគ​ធំៗ​មក​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​កំណើន​អតិផរណា គឺ​អាចជា​ហានិភ័យ​ក្នុងការ​ប្រមូល​ចំ​ណូ​ល​ពន្ធ​ដែល​មិន​គ្រប់​តាម​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​​គ្រង​ឆ្នាំ​ ២០២៣ និង​ជាពិសេស មូល​​ដ្ឋា​ន​ក្នុងការ​ព្យាករ​ផែនការ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ទៀត​»​។​

​យោងតាម GDT ឆ្នាំ​ ២០២៣ គឺជា​ឆ្នាំ​ចុងក្រោយ​នៃ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល ៥ ​ឆ្នាំ ២០១៩-២០២៣ ហើយ​ឆ្នាំ​ ២០២៤ គឺជា​ឆ្នាំ​ទី១ នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំ​​ណូ​ល​ដំណាក់កាល ៥​ ឆ្នាំ ២០២៤-២០២៨​។ សម្រាប់​រយៈពេល ៥ ​ឆ្នាំកន្លងមក​គឺ​ក្នុង​ឆ្នាំ​ ២០១៩ ការប្រមូល​ចំណូល​ពន្ធ សម្រេចបាន ២ ៨១៩,៣៣​ លាន​ដុល្លារ ស្មើ ១២៣,២​ ភាគរយ​, ឆ្នាំ​ ២០២០ បាន ២ ៨៨៩,០២​ លាន​ដុល្លារ ស្មើ ១០១,៣៦ ​ភាគរយ​, ឆ្នាំ​ ២០២១ ចំនួន ២ ៧៨១,៩២​ លាន​ដុល្លា ស្មើ ១២៤,០២ ​ភាគរយ​, និង​ឆ្នាំ​ ២០២២ ចំនួន ៣ ៤៥៥,១១​ លាន​ដុល្លារ ស្មើ ១២២,៥៤ ​ភាគរយ​៕​