ស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់ធំជាងគេបង្អស់របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំ ៦ ០៤៦ ម៉ែត្រគុបត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងគោលបំណងជំរុញពាណិជ្ជកម្មក្នុងតំបន់ និងអន្តរជាតិ ការពារការខូចចំណីអាហារ និងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់។
ឃ្លាំងត្រជាក់នេះ ត្រូវបានបង្កើតឡើងតាមរយៈការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ចំនួន ៩៩៩,៦០៤.០០ ដុល្លារសហរដ្ឋអាមេរិក និងការវិនិយោគពីក្រុមហ៊ុន ខ្មែរខូលឆេន ចំនួន ១,០១៧,៦០៥.០០ដុល្លារសហរដ្ឋអាមេរិក។ ឃ្លាំងត្រជាក់នេះបានចាប់ផ្តើមដំណើរការចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ និងផ្តល់សេវាកម្មផ្នែកភូតគាមអនាម័យផងដែរ។
ជាងនេះទៅទៀតឃ្លាំងនេះឆ្លើយតបនឹងឧបសគ្គប្រព័ន្ធទីផ្សារចំពោះកាលានុវត្តភាពនៃការនាំចូល និងនាំចេញរបស់ក្រុមហ៊ុនសហគ្រាសខ្នាតធំ និងមធ្យមនានា ព្រមទាំងសហគមន៍អភិវឌ្ឍន៍កសិកម្មផងដែរ ដោយផ្តល់លទ្ធភាពដល់កសិករខ្នាតតូច និងធុរកិច្ចដែលស្ត្រី និងយុវជនជាម្ចាស់។ នេះបើយោងតាម USAID។
លោកស្រី Bridgette L. Walker ភារធារីសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការសហការវិនិយោគរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ជាមួយក្រុមហ៊ុនខ្មែរ ខូល ឆេន ឯ.ក គឺជាការបោះជំហានឆ្ពោះទៅមុខមួយដ៏សំខាន់របស់កម្ពុជា។
លោកស្រីបានថ្លែងថា៖«ឃ្លាំងត្រជាក់នេះនឹងជំរុញពាណិជ្ជកម្មក្នុងស្រុក និងក្នុងតំបន់ ទប់ស្កាត់នូវការខូចខាតនៃចំណីអាហារ ផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចចំពោះធុរកិច្ច និងអ្នកប្រើប្រាស់ផងដែរ។ ឃ្លាំងត្រជាក់នេះជាឃ្លាំងត្រជាក់ដំបូងនៅកម្ពុជា ដែលនឹងបម្រើសេវាកម្មប្រកបដោយគុណតម្លៃដល់អតិថិជនទាំងផ្នែកនាំចេញ និងនាំចូល ថែមទាំងនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់កសិករកម្ពុជា ព្រមទាំងអ្នកប្រើប្រាស់រាប់ពាន់នាក់ផងដែរ»។
ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) គាំទ្រមូលនិធិដល់ក្រុមហ៊ុន ខ្មែរ ខូល ឆេន ឯ.ក តាមរយៈគម្រោងប្រព័ន្ធទីផ្សារ និងភាពជាដៃគូ ឬ Feed the Future Market Systems and Partnerships(MSP)Activity ដែលជាគម្រោងមួយក្នុងចំណោមគម្រោងជាច្រើនរបស់ USAID ក្នុងការអភិវឌ្ឍសមត្ថភាពផ្នែកទុកដាក់ត្រជាក់ និងភ័ស្តុភារសម្រាប់ផលិតផលកសិកម្មនៅកម្ពុជា។
លោក ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២២ សម្រាប់ការសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់ នឹងជូនដំណឹងដល់សាធារណជន ពាណិជ្ជករនិងវិនិយោគិនថា កំពង់ផែរបស់លោក មានស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់ ដើម្បីបម្រើដល់ពួកគេ។
លោកថ្លែងថា៖ «PPAP បានសម្រេចចិត្តសហការជាមួយក្រុមហ៊ុនKhmer Cool Chain សម្រាប់ការសាងសង់ស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់នេះ ដោយសារ PPAP ចាំបាច់ត្រូវមានស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់បែបនេះ ដើម្បីបម្រើសាធារណជន ជាពិសេសវានឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសតាមរយៈការលើកកម្ពស់វិស័យឡូជីស្ទិកនៅក្នុងប្រទេសកម្ពុជា»។
លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់នេះ បានឱ្យដឹងថា ឃ្លាំងស្តុកទំនិញត្រជាក់មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដែលត្រូវតែមាន ឬសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់ក្នុងប្រទេស ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។
លោកលើកឡើងថា៖ «ថ្ងៃនេះ យើងបានមើលឃើញពីការបើកការដ្ឋានសាងសង់ស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់ដែលអាចគ្រប់គ្រងបាន ២៥ ភាគរយនៃសមត្ថភាពស្ដុកទំនិញសរុបនៅក្នុងប្រទេស។ យើងពិតជាកោតសរសើរចំពោះដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដែលមានទំនុកចិត្តលើរដ្ឋាភិបាលរបស់យើងក្នុងការវិនិយោគលើស្ថានីយផ្ទេរទំនិញ និងឃ្លាំងស្តុកទំនិញត្រជាក់នៅថ្ងៃនេះ»។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលកម្ពុជា តែឯងមិនអាចផ្តល់នូវតម្រូវការហេដ្ឋារចនាសម្ព័ន្ធទាំងអស់សម្រាប់ប្រទេសនេះទេ។ យើងត្រូវការវិស័យឯកជន។ យើងត្រូវការដៃគូសន្ទនា។ យើងត្រូវការវិស័យឯកជនដើម្បីក្លាយជាដៃគូរបស់យើងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតម្រូវការទាំងមូលក្នុងប្រទេសកម្ពុជា»។
យោងតាមការសិក្សាលទ្ធភាពរបស់គម្រោងនេះ សមត្ថភាពបន្ថែម ១៤០ ០០០ ម៉ែត្រគុប ត្រូវតែបន្ថែមលើបរិមាណឃ្លាំងស្តុកទំនិញត្រជាក់ដែលមានស្រាប់របស់កម្ពុជា ដើម្បីបំពេញតម្រូវការខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនត្រឹមឆ្នាំ២០៣០។ ឃ្លាំងស្តុកទំនិញត្រជាក់របស់ក្រុមហ៊ុន Khmer Cold Chain ថ្មីនេះ នឹងផ្គត់ផ្គង់ ៣៦ ២០៥ ម៉ែត្រគុប ដែលបំពេញជាង ២៥ភាគរយនៃគម្លាតបច្ចុប្បន្ន ដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើងនេះ។
លោកបន្តថា៖ «នៅ InfraCo Asia យើងមានមោទនភាពក្នុងការជួយធ្វើឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកការភ្ជិតគម្លាតនេះ ហើយសង្ឃឹមថាគម្រោងនេះ នឹងបម្រើជាកាតាលីករសម្រាប់ការអភិវឌ្ឍនាពេលអនាគតក្នុងវិស័យនេះ»៕